ប្រតិកម្មផ្សេងៗបានផ្ទុះក្ដាំងៗឡើងពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីតុលាកាឡ៍ចេញដីកាធ្វើការប្រហារជីវិតក្រុមព្រះកីឡាករមាន់ជល់ ជាង៩០ព្រះក្បាលចោលយ៉ាងយង់ឃ្នង!!
ប្រភពព័ត៌មានពីវីអូអេខ្មែរ មានយ៉ាងដូច្នេះថា៖ ប្រតិកម្មផ្សេងៗបានផ្ទុះឡើងពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយការប្រហារជីវិតមាន់ជល់ជាង៩០ក្បាល
ការសម្រេចរបស់តុលាការសម្លាប់មាន់ជល់ បានប្រឈមនឹងប្រតិកម្មតាមបណ្តាញសង្គមថា ជាការសម្រេចចិត្តមួយដែលមិនដែលមានក្នុងប្រវត្តិសាស្ត្រ ហើយវាបង្ហាញអំពីនិទណ្ឌភាពផងដែរ។
ភ្នំពេញ៖ ប្រតិកម្មអំពីការប្រហារជីវិតសត្វមាន់ផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា បានកើតមានឡើងជាហូរហែរ តាំងពីថ្ងៃពុធ រហូតមកដល់ថ្ងៃព្រហស្បតិ៍ នៅលើបណ្តាញសង្គមហ្វេសប៊ុកដ៏ពេញនិយមនៅប្រទេសកម្ពុជា។ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលនានា បានធ្វើការរិះគន់ និងបានចាត់ទុកថា ការសម្រេចប្រហារជីវិតសត្វមាន់នេះជាការសម្រេចចិត្តមួយដែលកម្រមានក្នុងប្រវត្តិសាស្ត្រនៃការអនុវត្តច្បាប់នៅកម្ពុជា ក៏ដូចជាក្នុងពិភពលោក ហើយក៏មានចំណោទអំពីបញ្ហានិទណ្ឌភាពផងដែរ ព្រោះមាន់ត្រូវសម្លាប់ តែមនុស្ស ដែលជាសង្ស័យប្រព្រឹត្តល្បែងស៊ីសងប្រជល់មាន់ខុសច្បាប់បែរជាមានសេរីភាព។
ការប្រហារជីវិតមាន់ចំនួន៩២ក្បាល ដែលត្រូវបានធ្វើឡើងតាមដីកាសម្រេចរបស់សាលាដំបូងខេត្តកណ្តាល បានបង្កការភ្ញាក់ផ្អើលដល់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដ៏ពេញនិយមនៅកម្ពុជា។ នេះបើយោងតាមការបង្ហោះសារផ្សេងៗ ដែលបានធ្វើឡើងក្រោយការប្រហារជីវិតមាន់ជល់ទាំងនោះ។
ដីកាសម្រេចរបស់លោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បានរៀបរាប់ពីដំណើររឿងព្រហ្មទណ្ឌដែលផ្តើមចេញពីការបើកល្បែងស៊ីសងខុសច្បាប់ដ៏ល្បីល្បាញ នៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ដោយឈ្មោះថៃ ផានី ហៅម៉ាប់ ភេទប្រុស កើតឆ្នាំ១៩៧២។ ដីកានោះបានបកស្រាយថា ការបើកល្បែងស៊ីសងនេះជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា០៥នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។
ដើម្បីបំពេញឲ្យបានពេញលេញនៃការផ្តន្ទាទោសនេះ តុលាការក៏បានសម្រេចកម្ទេចចោលនូវមាន់ជល់ចំនួន៩២ក្បាល បន្ទាប់ពីសមត្ថកិច្ចបានរឹបអូសមាន់ទាំងនោះ នៅក្នុងការចុះបង្ក្រាបទីតាំងលែងល្បែងស៊ីសងខុសច្បាប់នោះ។ មុនពេលអាជ្ញាធរមានសមត្ថកិច្ចធ្វើការកម្ទេចមាន់ទាំងនោះកាលពីថ្ងៃពុធ តុលាការបានពន្យល់ថា ការថែរក្សាមាន់ជល់ចំនួន៩២ក្បាលមានការលំបាក និងចំណាយសោហ៊ុយផ្សេងៗ និងដើម្បីបង្ការកុំឲ្យមានបទល្មើសកើតមានជាថ្មី និងដើម្បីពន្លឿននូវនីតិវិធីនៃការស៊ើបសួរឲ្យបានឆាប់រហ័ស គប្បីចៅក្រមស៊ើបសួរសម្រេចកម្ទេចចោលនូវមាន់ចំនួន៩២ក្បាល។
លោក ហុក វណ្ណធីណា ប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមស៊ើបសួរបានបញ្ជាក់នៅក្នុងដីកាសម្រេចរបស់ខ្លួន ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ តាមន័យដើមយ៉ាងដូច្នេះ៖«ហេតុដូច្នេះ អនុញ្ញាតឲ្យធ្វើការកម្ទេចចោលនូវមាន់ជល់ចំនួន៩២ក្បាល ចាប់ពីពេលនេះតទៅ»។
ក្រោយការសម្លាប់មាន់ឈ្មោលទាំងនោះ គេឃើញមានការចែករំលែកឃ្លីបវីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពមន្ត្រីប៉ូលិសពីរនាក់កាត់ក្បាលប្រហារជីវិតមាន់ជល់ សម្រក់ឈាមមាន់ទាំងនោះដាក់ក្នុងចានគោមចំនួនបីដែលត្រូវបានរៀបទន្ទឹមគ្នា។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិកម្ពុជា បានបង្ហោះសារដែលមានលក្ខណៈរិះគន់ ចំអកដល់ការកាត់ក្បាលមាន់ឈ្មោលទាំងនោះថា ជាការសម្រេចចិត្តប្រវត្តិសាស្ត្រនៃប្រព័ន្ធយុត្តិធម៌កម្ពុជា។
លោកបានសរសេរលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃព្រហស្បតិ៍នេះ តាមន័យដើមថា៖«ការសម្រេចចិត្តជាប្រវត្តិសាស្ត្រ១ទៀតនៃប្រព័ន្ធយុត្តិធម៍ខ្មែរនៅក្នុងឆ្នាំ២០១៧នេះ គឺការប្រហារជីវិតមាន់គក៩២ក្បាល។ មកទល់ពេលនេះ អ្នកជាប់ពាក់ព័ន្ធ ឬអ្នកបានឃុបឃិតក្នុងការបង្កើតល្បែងជល់មាន់ មិនទាន់ត្រូវបានផ្តន្ទាទោសនៅឡើយទេ...អនិច្ចាអីតែអាគក ដែលត្រូវទទួលទោសប្រហារជីវិត»។
មេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះបានលើកជាចម្ងល់ថា តើក្រោយការប្រហារជីវិតមាន់ទាំងនោះ សាកសពរបស់មាន់ទាំងនោះនឹងត្រូវយកទៅណាដែរ? លោកបានសរសេរក្នុងន័យដើមថា៖ «តើក្រោយអារកសម្លាប់ពួកគេហើយយកសាកសពទៅណា?»
ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា ហៅកាត់ថា (CCW) បានចាត់ទុកព្រឹត្តិការណ៍សម្លាប់សត្វមាន់នេះជារឿងគួរឲ្យចាប់អារម្មណ៍មួយ។
លោកបានសរសេរលើគណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះ៖ «រឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតមុន បំណាច់ឆ្នាំ២០១៧»។
សម្រាប់អ្នកការពារសិទ្ធិមនុស្ស ការសម្លាប់សត្វមាន់នេះអាចឆ្លុះបញ្ចាំងពីការកាត់ក្តីមកលើមនុស្សផងដែរ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃព្រហស្បតិ៍នេះតាមន័យដើមថា៖«បញ្ចេញមតិរឿងអយុត្តិធម៌សម្រាប់មាន់ត្រូវច្រើនអីចឹងហើយ។ រឿងអយុត្តិធម៌សម្រាប់មនុស្សក៏គេដឹងច្រើនដែរ គ្រាន់តែអ្នកហ៊ាននិយាយចេញមកនោះតិច»។
អ្នកការពារសិទ្ធិមនុស្សរូបនេះបានប្រាប់ VOA ថា ការសម្រេចរបស់តុលាការខេត្តកណ្តាលបានស្តែងឲ្យឃើញពីវប្បធម៌និទណ្ឌភាព ដែលនៅមិនទាន់អាចបំបាត់បាន នៅក្នុងប្រទេសកម្ពុជា ដោយហេតុថា មនុស្ស ដែលជាអ្នកបង្កហេតុ មិនបានជាប់ឃុំ តែបែរជាមកកម្ទេចសត្វមាន់ដែលជាឧបករណ៍ជនសង្ស័យបានប្រើដើម្បីធ្វើប្រតិបត្តិការវង់ល្បែងស៊ីសងខុសច្បាប់។
លោកថ្លែងថា៖ «អ្វីដែលយើងផ្តោតសំខាន់នោះគឺទៅលើនិទណ្ឌភាព ដែលជនប្រព្រឹត្តបានប្រព្រឹត្តហ្នឹង បែរជាបាននៅក្រៅឃុំ មានសេរីភាព ហើយបែរជាយើងហ្នឹងទៅប្រហារនូវជីវិតមាន់។ ហើយយើងដឹងហើយថា ប្រទេសកម្ពុជាយើងគឺប្រទេសកាន់ព្រះពុទ្ធសាសនា ហើយយើងឃើញហើយមាត្រានៅក្នុងច្បាប់រដ្ឋធម្មនុញ្ញប្រទេសយើង ដែលយើងគិតហើយថា ទោសប្រហារជីវិតមិនមានអាហ្នឹង។ ការណ៍ពិតយើងមិនចែងហ្នឹងគឺយើងសំដៅទៅលើមនុស្សទេ ប៉ុន្តែក្នុងន័យហ្នឹងដោយសារតែប្រទេសយើងកាន់ព្រះពុទ្ធសាសនា លោកយើងមានការអនុគ្រោះដល់ជីវិតសត្វលោកយើងទាំងអស់គ្នា»។
លោកស៊ឹង សែនករុណាបានបញ្ជាក់ឲ្យដឹងទៀតថា អ្នកដែលត្រូវទទួលទោសធ្ងន់ធ្ងរនោះ គឺមនុស្សដែលជាជនសង្ស័យប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ទៅវិញទេ។
«ក៏ប៉ុន្តែចំពោះរឿងនេះ យើងឃើញហើយថា វាជារឿងមួយដែលបង្ហាញឲ្យឃើញមានការណ៍ពលរដ្ឋហួសចិត្ត និងមិនអស់ចិត្តចំពោះការកាត់ ការកាត់ទោសដែលបង្ហាញនូវកាយវិការ ដែលសម្លាប់សត្វ ដែលមានលក្ខណៈរបៀបឃោរឃៅបែបហ្នឹងបាទ»។
ការប្រហារសត្វមាន់នេះក៏ត្រូវបានបណ្តាញព័ត៌មានក្នុងស្រុករាយការណ៍ផងដែរ។ អង្គភាពព័ត៌មាន Fresh News ដែលមាននិន្នាការលម្អៀងទៅរករដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ការប្រហារជីវិតសត្វមាន់ទាំង៩២ក្បាលនេះបានធ្វើឡើង ក្រោយការបង្ក្រាបកាលពីពេលថ្មីៗនេះ របស់អាជ្ញាធរមានសមត្ថកិច្ចទៅលើកន្លែងជល់មាន់ពីរកន្លែងដែលមួយនៅក្នុងឃុំអរិយក្សត្រ ខេត្តកណ្តាល និងមួយទៀតនៅស្រុកបាទី ខេត្តតាកែវ។ នៅក្នុងការបង្ក្រាបនោះ អាជ្ញាធរមានសមត្ថកិច្ចបានចាប់ខ្លួនជនឈ្មោះថៃ ផានី ហៅម៉ាប់ ដែលត្រូវជាកូនប្រសាររបស់លោក ហ៊ុន សាន។ លោក ហ៊ុន សានជាប្អូនប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន។
ក្រៅពីការចាប់ខ្លួនជនឈ្មោះថៃ ផានី អាជ្ញាធរបានឃាត់ខ្លួនមនុស្សជាង ១៥០នាក់ តែតួលេខបានធ្លាក់មកត្រឹម៦៤នាក់ ដោយសារខ្លះក្នុងចំណោមជនទាំងនោះដែលជាជាងសំណង់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅធ្វើការងាររបស់ខ្លួនវិញ។ ក្នុងការបង្ក្រាបនោះ អាជ្ញាធរមានសមត្ថកិច្ចប្រមូលបានភ័ស្តុតាងដែលរួមមាន រថយន្តមានចំនួនជិត៦០គ្រឿង ម៉ូតូជាង១០០គ្រឿង ព្រមទាំងមាន់ជល់ជាង១០០ក្បាល។ នេះបើតាមសេចក្តីរាយការណ៍របស់អង្គភាពព័ត៌មាន Fresh News។
VOA ព្យាយាមសុំការអធិប្បាយពីលោក អ៊ាវ ចំរើន ស្នងការប៉ូលិសខេត្តកណ្តាលតែលោកកំពុងជាប់រវល់ក្នុងកិច្ចប្រជុំមួយ។ លោក ហុក វណ្ណធីណា ប្រធានសាលាដំបូងខេត្តកណ្តាល បដិសេធមិនផ្តល់ការអធិប្បាយទេ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ដោយសារផុតម៉ោងរដ្ឋបាល។
ទោះយ៉ាងណាក៏ដោយ លោក រឿន ណារ៉ា ស្នងការរងប៉ូលិសខេត្តកណ្តាល បានប្រាប់បណ្តាញព័ត៌មាន AFP ថា មាន់ជល់ទាំង៩២នេះ ត្រូវបានប្រគល់ឱ្យកងកម្លាំងអាជ្ញាធរធ្វើជាម្ហូបអាហារ ក្រោយការប្រហារជីវិតកាលពីថ្ងៃពុធកន្លងទៅ។
ការបង្ក្រាបទីតាំងល្បែងជល់មាន់ខុសច្បាប់នេះក៏បានធ្វើឲ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាបងប្អូនបង្កើតរបស់លោក ហ៊ុន សានបានប្រតិកម្មខ្លាំងៗផងដែរ ដោយនាយករដ្ឋមន្ត្រីដែលកាន់អំណាចជាង៣០ឆ្នាំរូបនេះ ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចបាញ់សម្លាប់ជនសង្ស័យតែម្តង ប្រសិនបើមានការតដៃ ពេលដែលអាជ្ញាធរមានសមត្ថកិច្ចចូលទៅចាប់ខ្លួន។
សារសំឡេងរបស់លោកហ៊ុន សែនបង្ហោះនិយាយថា៖ «តាមខេត្ត ខេត្តកណ្តាល និងខេត្តតាកែវអនុវត្តត្រូវម៉ឺងម៉ាត់ តាមចាប់អាដែងស្អី អាដេញកូនប្រសារ ហ៊ុន សាននេះចាប់ឲ្យបាន។ បើវាតដៃគឺអនុញ្ញាតឲ្យបាញ់ចោលតែម្តង បាញ់ចោលនៅហ្នឹងកន្លែងតែម្តង»។
យោងតាមដីកាសម្រេចរបស់លោក ហុក វ៉ាន់ធីណា ជនត្រូវចោទឈ្មោះថៃ ផានី ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់។ ហើយសេចក្តីរាយការណ៍របស់អង្គភាពព័ត៌មាន ដែលស្និទ្ធនឹងរដ្ឋាភិបាល បានឲ្យដឹងថា អ្នកលេងល្បែងជល់មាន់៦៤នាក់ ត្រូវបានតុលាការជំនុំជម្រះភ្លាម រួចផ្តន្ទាទោសមួយខែ ទោសនោះត្រូវព្យួរ ហើយពួកគេត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ៕
0 ความคิดเห็น: