អ្នកដឹងបានដឹង៖ ហ៊ុន សែន ធ្វើជាមេដឹកនាំ តែជា ទីងមោងសុទ្ធ! (ដោយខ្មែរ សុវណ្ណភូមិ)
ស្អីគេ European Council on Tourism and Trade? ពួកនេះគេប្រកាសទទួលស្គាល់ ហ៊ុន សែន ជា «ឯកអគ្គរដ្ឋទូតសុឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព- Global Ambassador for Tourism and Sustainable Development Goals» កាលពីថ្ងៃទី ៩ធ្នូ ២០១៧ ហើយពួកស៊ីភីភី នាំគ្នាយកមកផ្សាយគគ្រឹកគ្រេង ផ្អើលទូរទស្សន៍ ផ្អើលកាសែត ផ្អើលហ្វេសប៊ុក អួតប្រាប់ខ្មែរថាជាមោទនភាពជាតិ និងថាអឺរ៉ុបគាំទ្រ ហ៊ុន សែន ស្អីឯណាសព្វបែបយ៉ាងលាន់ឮដូចផ្គរលាន់?
តើក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប (European Council on Tourism and Trade) នេះជាស្អី? តាមពិតពួកនេះជាក្រុមអង្គការកំប៉ុកក្រៅរដ្ឋាភិបាលប៉ុណ្ណោះ មិនទាក់ទងនឹងស្អីជាមួយនឹង សហភាពអឺរ៉ុប (European Union) ឡើយ។ អង្គការនេះមានទីតាំងនៅប្រទេស រ៉ូម៉ានី ជាប្រទេសក្រីក្រជាងគេបំផុតក្នុងសហគមអឺរ៉ុប និងជាប្រទេសតែមួយគត់ដែលពលរដ្ឋខ្លួនដើរសុំទានគ្រប់ប្រទេសនានាក្នុងសហភាពអឺរ៉ុប។
ចំពោះគោលបំណងនៃអង្គការនេះទៀតសោធ គឺមិនជាប់ទាក់ទងនឹងការងារលើកតម្កើងទេសចរណ៍នៅសហគមអឺរ៉ុបស្អីទេ តែការងារសំខាន់ពួកគេគឺផ្តោតលើប្រទេសផ្សេងៗក្រៅពីសហគមអឺរ៉ុប ជាពិសេសនៅប្រទេសក្រីក្រ ប្រទេសកុម្មុយនីស ប្រទេសផ្តាច់ការ ectt និងប្រទេសពុករលួយដូចជាកម្ពុជា ឡាវ ហ្សឹមប៉ាវ៉េ និង អេចូពី ជាដើម។ ជាក់ស្តែងសូមចូលទៅមើល គេហទំព័រនៃអង្គការនេះគឺចូលដល់ភ្លាម ឃើញស្រុកខ្មែរមុនគេ។ ពោលពួកនេះអាចជាពួកបញ្ជោរ ដើរបោកស៊ី ពីពួកមេដឹកនាំល្ងង់ខ្លៅ និងពុករលួយប៉ុណ្ណោះ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលលើសពីនេះគឺពួកក្រុមនេះធ្លាប់ឲ្យពានរង្វាន់មេដឹកនាំប្រទេស អេចូពី លោក Hailemariam Desalegn ផ្នែក «World Best Tourism Destination Award» ឆ្នាំ ២០១៥ និងក៏ធ្លាប់ផ្តល់ពានមេដឹកនាំ ហ្សឹមបាវ៉េ Robert Mugabe ផ្នែក «World Best Tourism Destination Award» ឆ្នាំ២០១៤ ផងដែរ។ អ្វីដែលហួសចិត្តនៅឆ្នាំ២០១៦កន្លងទៅ ហ៊ុន សែន ក៏បានទទួលពានពីអង្គការនេះ ផ្នែក « World Best Tourism Destination Award» ថែមទៀត។ ខាងឡាវក៏មិនអន់ដែរ គឺបានទទួលពានពីអង្គការបោកស៊ីនេះនៅឆ្នាំ ២០១៤ ផ្នែក «Favorite Cultural Destination Award» សូមចូលទៅម់ើលគេហទំព័រពួកគេនៅ Besttouristdestination ៕ ពោលពួកនេះឲ្យពានសុទ្ធតែពួកមេដឹកនាំប្រទេសពុករលួយ ក្ររហាម ប្រទេសដីហុយ ស្អុយសំរាម និងបំផ្លាញសម្បត្តិធម្មជាតិ ហើយមានភ្ញៀវទេសចរណ៍តិចតួចបំផុត (ធៀបជាមួួប្រទេសផ្សេងៗ) ក្នុងលោក។ ជាអង្គការឲ្យពានតាមស្តង់ដារខ្លួន ដែលគ្មានអន្តរជាតិណាទទួលស្គាល់ឡើយ។ លើសពីនេះសូមមើលគេហទំព័រអង្គការនេះទៅគឺគ្រាន់តែជាប្លុកមួយ មិនបាននឹងប្លុកក្មេងស្រុកខ្មែរបង្កើតសម្រាប់ផ្សាយព័ត៌មានលេងផង។
មួយទៀតចង់សួរថាតើ ហ៊ុន សែន ដែលក្លាយជា ឯកអគ្គរដ្ឋទូតសុឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព នេះនឹងដើរទៅជួយប្រទេសណា? ឡាវ អេចូពី និងហ្សឹមបាវ៉េមែនទេ ព្រោះអង្គការនេះអត់មានការងារស្អីទាក់ទងនឹងប្រទេសអឺរ៉ុប និងប្រទេសអ្នកមានផ្សេងៗទៀតទេ? ព្រះម្ចាស់ថ្លៃ!
ជារួមទង្វើពួកនេះ គឺអាចនិយាយម្យ៉ាងទៀតថាមើលងាយខ្មែរ ជាពិសេសពួកគេមើលងាយ ហ៊ុន សែន ថាស្រួលបោកស៊ី តែម្តង។ សម្រាប់ពួកស្បែកស បើមិនស្គាល់ថាពួកណាជាពួកណាទេ សូមកុំទាន់អាលគោរព ព្រោះថា មិនមែនឲ្យតែស្បែកស និងដាក់ឈ្មោះមានជាប់ពាក្យថា «អឺរ៉ុប» គិតថាសុទ្ធតែអស្ចារ្យនោះទេ តែត្រូវស្គាល់ជាតិសាសន៍ ប្រវត្តិសាស្រ្ត ប្រទេស និងក្រុមមនុស្សផង ហើយបើមិនដឹងគួរសួរគេ ឬស្រាវជ្រាវតាម Google ទៅ ព្រោះសម័យនេះមិនមែនសម័យ១៩៧៩ឡើយ។
ដោយ៖ ខ្មែរ សុវណ្ណភូមិ
0 ความคิดเห็น: