អ្នកច្បាប់ និងអង្គការមិនមែនរដ្ឋាភិបាលយល់ឃើញថា ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយទៅលើមន្ត្រីបក្សសង្គ្រោះជាតិជារឿងចម្លែក!
អ្នកច្បាប់ និងអង្គការមិនមែនរដ្ឋាភិបាលយល់ឃើញថា ការអនុវត្តច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ដែលតម្រូវឲ្យប្រកាសទ្រព្យសម្បត្តិទៅលើអ្នកនយោបាយគណបក្សសង្គ្រោះជាតិ នេះជារឿងដែលមិនធ្លាប់កើតមាននៅកម្ពុជា។
លោក ហ៊ុន សែន បានព្រមានថា ប្រសិនបើមន្ត្រីគណបក្សប្រឆាំង មិនចូលខ្លួនទៅប្រកាសទ្រព្យសម្បត្តិទេ ចៀសមិនរួចពីត្រូវជាប់ពន្ធនាគារនោះឡើយ។
អ្នកជំនាញផ្នែកតម្លាភាពសង្គមយល់ឃើញថា ការអនុវត្តច្បាប់នៅកម្ពុជា បញ្ហាភាគច្រើនគឺតែងភ្ជាប់ទៅជារឿងនយោបាយ ប្រសិនបើរឿងក្ដីនោះពាក់ព័ន្ធនឹងគណបក្សប្រឆាំង។
ការរិះគន់របស់អ្នកច្បាប់ និងអង្គការមិនមែនរដ្ឋាភិបាលទៅលើការពង្រឹងច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ អំពីការប្រកាសទ្រព្យសម្បត្តិនេះ នៅក្រោយពេលលោក ហ៊ុន សែន បានព្រមានចាប់មន្ត្រីបក្សសង្គ្រោះជាតិណាមិនចូលខ្លួនប្រកាសទ្រព្យសម្បត្តិដាក់ពន្ធនាគារ។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ទទួលស្គាល់ថា នៅក្នុងខ្លឹមសារនៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនេះ ក៏បានបញ្ញត្តិពីនីតិវិធីមួយចំនួន រឿងប្រកាសទ្រព្យសម្បត្តិ ដូចលោក ហ៊ុន សែន លើកឡើងមែន។ ប៉ុន្តែលោកថា អ្វីដែលចម្លែកនោះត្រង់ថា នេះជាការអនុវត្តលើកទីមួយហើយនៅកម្ពុជា ហើយជាការដាក់ចេញនូវផែនការចម្លែកប្រឆាំងទៅលើមន្ត្រីអស់មុខតំណែង ហើយតម្រូវឲ្យចូលខ្លួនប្រកាសទ្រព្យសម្បត្តិបែបនេះ៖ «»។
លោក ហ៊ុន សែន បានប្រកាសនៅចំពោះមុខមន្ត្រីរបស់លោកកាលពីថ្ងៃទី១៧ ខែធ្នូ ថា មន្ត្រីគណបក្សប្រឆាំងទាំងអស់ត្រូវចូលខ្លួនប្រកាសទ្រព្យសម្បត្តិជាកំហិត។ លោកនាយករដ្ឋមន្ត្រីព្រមានថា ការចូលប្រកាសដោយស្ម័គ្រចិត្តពីមន្ត្រីបក្សសង្គ្រោះជាតិនេះ បើរកឃើញថា មានទ្រព្យធនកើនឡើងខុសប្រក្រតី ក៏ជាការប្រឈមមួយកម្រិតទៀតដែរ៖ «»។
អ្នកវិភាគនយោបាយចាត់ទុកថា សម្រាប់របបនយោបាយរបស់លោក ហ៊ុន សែន ប្រសិនបើការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយត្រូវបានរឹតបន្តឹងឲ្យមានប្រសិទ្ធភាពដូចធ្វើចំពោះបក្សប្រឆាំងមិនដឹងជាប្រទេសអភិវឌ្ឍន៍ជឿនលឿនប៉ុណ្ណោះនោះទេ។ ប៉ុន្តែការអនុវត្តចំពោះមន្ត្រីក្នុងបក្សប្រជាជនកម្ពុជា បើទោះជាខុស ឬត្រូវយ៉ាងណា ក៏លោក ហ៊ុន សែន ធ្វើមិនដឹងមិនឭដែរ។
អង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យ៉ិនទៀង ធ្លាប់រងការិះគន់ថា បរាជ័យក្នុងការជំរុញឲ្យមាននីតិរដ្ឋពិតប្រាកដទៅលើការប្រយុទ្ធប្រឆាំងអំពើពុករលួយនេះ។ លោក ហ៊ុន សែន ពេលជួបកម្មករ ឬវេទិកាជួបកីឡាករជាដើម តែងផ្តល់លុយក្នុងទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារ ក្រោមហេតុផលឧបត្ថម្ភ ឬជាទឹកចិត្តមនុស្សធម៌។ ប៉ុន្តែអង្គភាពប្រឆាំងអំពើពុករលួយនេះ មិនដែលបើកការស៊ើបអង្កេតរកពីមូលហេតុដែលនាំឲ្យលោក ហ៊ុន សែន សម្បូរលុយវាន់លានដុល្លារកាន់នៅក្នុងដៃដូចនេះឡើយ។ អង្គការមិនមែនរដ្ឋាភិបាលរិះគន់ថា ភាពបរាជ័យរបស់អង្គការនេះ នៅមិនទាន់គិតដល់ក្រសួង និងស្ថាប័នរដ្ឋដទៃទៀត ធ្វើឲ្យបាត់បង់ចំណូលជាតិរាប់លានដុល្លារនៅឡើយផង។
ច្បាប់ប្រឆាំងអំពើពុករលួយ មាត្រា ១៧ កំណត់អ្នកដែលអស់មុខតំណែងហើយជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ ដូចមុនចូលកាន់តំណែងដែរនោះ គិតចាប់ពីថ្នាក់បុគ្គលិកអង្គការសង្គមស៊ីវិល រហូតដល់មន្ត្រីតុលាការ និងមន្ត្រីរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ជាដើម។ ក្នុងច្បាប់នេះដែរ មាត្រា ១៨ ចែងថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុលចុងក្រោយ ត្រូវធ្វើ ៣០ថ្ងៃយ៉ាងយូរមុនពេលចាកចេញពីមុខតំណែង។ ក្នុងករណីមិនអាចប្រកាសមុនពេលចាកចេញពីមុខតំណែង មូលហេតុដោយការដកហូតមុខតំណែង ត្រូវប្រកាសយ៉ាងយូរ ៣០ថ្ងៃ ក្រោយការចាកចេញពីមុខតំណែង។
គិតមកដល់ពេលនេះ មន្ត្រីនៅថ្នាក់ក្រោមជាតិរបស់គណបក្សប្រឆាំងបានចូលខ្លួនប្រកាសទ្រព្យសម្បត្តិ និងបំណុលជាបណ្ដើរៗហើយ។
បើទោះជាបែបណា លោក ព្រាប កុល យល់ឃើញថា ការអនុវត្តកម្មវិធីនយោបាយទៅលើបក្សប្រឆាំងនេះ អាចជារឿងនយោបាយច្រើនជាងនីតិវិធី និងបច្ចេកទេស៖ «»។
លោក សុក សំអឿន ប្រធានការិយាល័យមេធាវីនៃក្រុមអ្នកច្បាប់អមរិន្ទ្រ យល់ឃើញថា ផ្អែកលើនីតិវិធី ហាក់មិនផ្ទុយពីបញ្ញត្តិនៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយទេ។ អ្នកច្បាប់រូបនេះពន្យល់ថា ថ្វីបើខ្លឹមសារនៃច្បាប់ពុំបានចង្អុលបង្ហាញឲ្យចំន័យ ប៉ុន្តែពេលដែលត្រូវបញ្ចប់មុខតំណែង ជាកាតព្វកិច្ចចៀសមិនផុតពីការអនុវត្តទេ។ ម្យ៉ាងវិញទៀត ការបំពេញកាតព្វកិច្ចនេះ ក៏មិនជាធ្ងន់ធ្ងរអ្វីដែរ៖ «»។
លោក ហ៊ុន សែន ប្រកាសជំហរថា មិនខ្វល់នឹងសម្ពាធអន្តរជាតិ ដែលនឹងធ្វើឲ្យរដ្ឋាភិបាលរបស់លោកត្រូវប្រឈមមុខជារដ្ឋឯកោនៅលើឆាកអន្តរជាតិឡើយ។
ក្រសួងពាណិជ្ជកម្ម បានស្នើឲ្យលោក ហ៊ុន សែន ត្រូវពិចារណាដោយម៉ត់ចត់ ប្រសិនបើសហគមន៍អឺរ៉ុបត្រូវព្យួរពន្ធគយ ឬការអនុគ្រោះពន្ធពីកម្ពុជា មែន នោះរដ្ឋាភិបាលជាប់កាតព្វកិច្ចបង់ពន្ធក្នុងមួយឆ្នាំជិត ៧០០លានដុល្លារសហរដ្ឋអាមេរិកដែរ ដែលនេះគឺជាខាតបង់មួយដ៏ធំសម្រាប់កម្ពុជា៕
ប្រភព៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: