ត្រកូលហ៊ុន និងពួកឧកញ៉ាៗ ស៊ីមិនបាន ដេកមិនលក់ បក់មិនល្ហើយ ទុក្ខឥតស្បើយ ព្រួយស្លោភ័យស្លន់បន់អស់អ្នកតាយាយម៉ៅទាំងខេមររដ្ឋ ចំពោះទណ្ឌកម្មសេដ្ឋកិច្ចនិងការបង្កកទ្រព្យសម្បត្តិពីអាមេរិក និងសហគមន៍អឺរ៉ុប ខណៈអាមេរិកបានចេញច្បាប់មួយដើម្បីបង្កកទ្រព្យសម្បត្តិរបស់អ្នករំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ!
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃ២២ ធ្នូ បានចេញបទបញ្ជានីតិប្រតិបត្តិមួយ ឬហៅថា (Executive Order) ដែលមានឈ្មោះថា ច្បាប់ និងយុត្តិធម៌ ដែលមានអំណាចបង្កកទ្រព្យសម្បត្តិរបស់បុគ្គលទាំងឡាយណាដែលជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឬជាប់ទាក់ទងនឹងអំពើពុករលួយដែលមានប្រភពទាំងស្រុង ឬមួយផ្នែកនៅក្រៅសហរដ្ឋអាមេរិក។
អ្នកវិភាគឯករាជ្យលោក បណ្ឌិត មាស នី មានប្រសាសន៍ថា រហូតមកទល់ពេលនេះ ពលរដ្ឋខ្មែរទូទៅកំពុងអន្ទះសាចង់ដឹងថាតើសហរដ្ឋអាមេរិកនឹងមានវិធានការបែបណាជុំវិញការបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ស្របពេលដែលកម្ពុជាគ្មានតម្លាភាព ក្នុងការបង្ហាញទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់ខ្មែរក្នុងរបបសព្វថ្ងៃនេះ។ «»
បទបញ្ជានីតិប្រតិបត្តិដើម្បីបង្កកទ្រព្យសម្បត្តិជនរំលោភសិទ្ធិមនុស្សទាំងឡាយនេះ ធ្វើឡើងស្របពេលដែលអនុ គណៈកម្មាធិការខាងកិច្ចការបរទេសរបស់សភាសហរដ្ឋអាមេរិក កំពុងស្វែងរកបញ្ជីឈ្មោះជនរំលោភសិទ្ធិមនុស្សជនពុករលួយ និងជនទាំងឡាយណាដែលចូលរួម រំលាយគណបក្សសង្គ្រោះជាតិនៅកម្ពុជា។
សមាជិកសភាពីខាងគណបក្សសាធារណរដ្ឋ និងជាសមាជិកនៃ អនុគណៈកម្មាធិការខាងកិច្ចការបរទេសលោក ដាណា រ៉ូរ៉ាបាឃើរ (Dana Rohrabacher) ព្រមានថា ទណ្ឌកម្មដែលមានប្រសិទ្ធភាព ដូចដែលបានអនុវត្តកន្លងមក លើប្រទេសផ្សេងទៀតនោះ គឺការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើបុគ្គលក្នុងជួររដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលទទួលផលពីអំពើពុករលួយ នៃរបបលោក ហ៊ុន សែន រួមមានការបង្កក និងរឹបអូសទ្រព្យសម្បត្តិ ហើយហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងហាមឃាត់ការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកផង តាមរយៈការប្រើច្បាប់ក្លូបបល មែកនីកស្គី (Global Magnitsky)៕
ប្រភព៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: