អ្នកច្បាប់ថា ការលាតត្រដាងរបស់ហ៊ុន សែន ពីការប៉ុនប៉ងសម្លាប់មនុស្សរង្គាលនេះ ជាឯកសារភស្តុតាងដ៏សំខាន់មួយសម្រាប់ដាក់បន្ទុក ក្នុងការប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)
អ្នកច្បាប់ថា ការលាតត្រដាងរបស់ហ៊ុន សែន ពីការប៉ុនប៉ងសម្លាប់មនុស្សរង្គាលនេះ ជាឯកសារភស្តុតាងដ៏សំខាន់មួយសម្រាប់ដាក់បន្ទុក ក្នុងការប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិអះអាងថា លោក ហ៊ុន សែន កំពុងតែលាតត្រដាងកាន់តែច្បាស់ពីភាពឃោរឃៅ និងជាឃាតកដែលនៅពីក្រោយការបាញ់សម្លាប់អ្នកដែលប្រឆាំង និងលោក ក្រោមការដឹកនាំផ្ដាច់ការរបស់ខ្លួននោះ។
អ្នកច្បាប់ពន្យល់ថា ការលាតត្រដាងរបស់លោក ហ៊ុន សែន ពីការប៉ុនប៉ងសម្លាប់មនុស្សរង្គាលនេះ ជាឯកសារភស្តុតាងដ៏សំខាន់មួយសម្រាប់ដាក់បន្ទុក ក្នុងការប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។
គណបក្សសង្គ្រោះជាតិ កំពុងពិភាក្សាជាមួយមេធាវីអន្តរជាតិ ដើម្បីដាក់ភស្តុតាងបន្ថែមទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ពីករណី លោក ហ៊ុន សែន ជាឃាតកសម្លាប់ពលរដ្ឋខ្លួនឯង។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដឹងកាលពីថ្ងៃទី២២ វិច្ឆិកា ថា លោក ហ៊ុន សែន ថ្លែងជាសាធារណៈពីការសោកស្ដាយ ដែលលោកមិនបានសម្លាប់ចោលអ្នកដែលប្រឆាំងនឹង លោក កាលពីឆ្នាំ២០១៣ ក្រោយការបោះឆ្នោតនោះ គឺជាភស្តុតាងយ៉ាងច្បាស់ថា លោក ហ៊ុន សែន ជាឃាតក នៅពីក្រោយការបញ្ជាកងកម្លាំងប្រដាប់អាវុធ បាញ់សម្លាប់ពលរដ្ឋ និងកម្មករ នៅផ្លូវវ៉េងស្រេង និងនៅទីតាំងផ្សេងៗទៀត។
លោក អេង ឆៃអ៊ាង អះអាងថា គណបក្សសង្គ្រោះជាតិបានដាក់ភស្តុតាងជាច្រើនទៅតុលាការព្រហ្មទណ្ឌអន្តរជាតិរួចហើយ ហើយមេធាវីនឹងដាក់ភស្តុតាងថ្មីនេះបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ។ «»
អ្នកច្បាប់លើកឡើងថា លោក ហ៊ុន សែន កំពុងតែរំលោភរដ្ឋធម្មនុញ្ញម្ដងហើយម្ដងទៀត ក្នុងការប្រកាសប្រហារជីវិតក្រុមប្រឆាំងនោះ ជារឿងខុសច្បាប់ ព្រោះថា កម្ពុជាគ្មានទោសប្រហារជីវិតឡើយ។
លោក មេធាវី ហែម សុជាតិ ថ្លែងឲ្យដឹងនៅថ្ងៃទី២២ វិច្ឆិកា ថា បើសិនជាការសម្លាប់មនុស្សទោះបីជាស្ថិតនៅក្នុងរង្វង់បាតុកម្មក្ដី ឬមិនមែនបាតុកម្មក្ដី ដោយបង្កឡើងដោយអាជ្ញាធររដ្ឋ និងមានបទបញ្ជាពីថ្នាក់លើនោះ គឺជាបទល្មើស។ ហើយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ មានយុត្តាធិការក្នុងការស៊ើបអង្កេតករណីនេះ ឬក៏ជាភស្តុតាងមួយដ៏សំខាន់។ «»
លោក ហ៊ុន សែន សំដែងពីការសោកស្ដាយដែលមិនបានសម្លាប់ពលរដ្ឋខ្មែរ ឬក្រុមប្រឆាំងនឹងលោកឲ្យអស់ ព្រោះលោកទើបតែ ដឹងអំពីផែនការដែលលោកចោទថា ជាគម្រោងផ្ដាច់ព្រ័ត្រផ្ដួលរំលំរដ្ឋាភិបាល។ លោក ហ៊ុន សែន អះអាងបន្ថែមថា អ្នកដែលលោកមិនបានសម្លាប់ទាំងនោះ ពិតជាសំណាងណាស់ដែលបាននៅរស់ ព្រោះលោកទើបដឹងដំណឹងនេះ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧៖ «បើខ្ញុំដឹងរឿងហ្នឹងតាំងពីហ្នុង ប្រហែលជាចុងឆ្នាំ២០១៣ និងដើម២០១៤ គឺពួកនេះងាប់អស់ហើយ។ គេកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ ជាថ្ងៃផ្ដាច់ព្រ័ត្ររំលំយើង។ បើខ្ញុំឃើញពីពេលហ្នុង អ្នកទាំងនេះងាប់តាំងពីហ្នុង ពេលនេះជាពេលបុណ្យខ្មោចពួកហ្នុងទៀត។ ស្ដាយណាស់! សំណាងដែលខ្ញុំអត់បានមើលឃ្លីបនេះ បើសិនបានមើលឃ្លីបនេះ ថ្ងៃដែលគេប្រកាសហ្នឹង ប៉ុន្មានម៉ោងក្រោយ វ៉ៃសង្គ្រុបយកហ្មង»។
មេធាវីអន្តរជាតិតំណាងឲ្យជនរងគ្រោះកម្ពុជា លោក រីឆាត រ៉ូជើរ (Richard Rogers) ចាត់ទុកសម្ដីរបស់លោក ហ៊ុន សែន ថាមិនស័ក្ដិសមជាសម្ដីរបស់អ្នកដឹកនាំក្នុងសម័យទំនើបនេះទេ។ លោកថា សម្ដីបែបនេះមិនខុសពីសម្ដីរបស់មេដឹកនាំផ្ដាច់ការ និងឃោរឃៅបំផុត ដូចជាលោក សាដាម ហ៊ូសេន និង ប៉ុល ពត ជាដើម។ លោកបន្ថែមទៀតថា សម្ដីរបស់លោក ហ៊ុន សែន ដែលបង្ហាញពីចេតនាសម្លាប់អ្នកប្រឆាំងបែបនេះ គឺរឹតតែបង្ហាញឲ្យឃើញច្បាស់ថា នរណាជាឃាតកពិតប្រាកដដែលបានបញ្ជាឲ្យបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ និង ការសម្លាប់សកម្មជនដទៃទៀត ដែលសកម្មក្នុងការតវ៉ាប្រឆាំងនឹងអំពើអយុត្តិធម៌សង្គម ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន៖ «លោក ហ៊ុន សែន ក្នុងនាមជាមេដឹកនាំប្រទេស មានចេតនាយ៉ាងពិតប្រាកដក្នុងការសម្លាប់អ្នកទាំងឡាយណាដែលហ៊ានតវ៉ាប្រឆាំងការដឹកនាំរបស់គាត់។ ច្បាស់ណាស់ គាត់ហ៊ានសម្លាប់មនុស្សប៉ុន្មាននាក់ក៏មិនខ្វល់ដែរ ឲ្យតែគាត់អាចបន្តក្រាញអំណាចបានតទៅមុខទៀត។ គាត់មិនខ្វល់នឹងការលើកស្ទួយការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងសុខុមាលភាពរបស់ពលរដ្ឋកម្ពុជានោះទេ។ គាត់ខ្វល់តែពីរឿងធ្វើយ៉ាងម៉េចឲ្យគាត់នៅកាន់អំណាចបានយូរ ដើម្បីប្រយោជន៍បុគ្គលខ្លួនគាត់ និងប្រយោជន៍បក្សពួក ព្រមទាំងក្រុមគ្រួសារគាត់ប៉ុណ្ណោះ។ សម្ដីរបស់គាត់សបញ្ជាក់យ៉ាងច្បាស់អំពីរឿងនេះ»។
លោក រីឆាត រ៉ូជើរ អះអាង ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ថាលោកនឹងដាក់ភស្តុតាងបន្ថែមក្នុងរយៈពេលពីរបីសប្ដាហ៍ខាងមុខ។ លោកបញ្ជាក់ថា មូលហេតុនៃការដាក់ភស្តុតាងបន្ថែមនេះ ដោយសារតែលោក ហ៊ុន សែន បង្ហាញចេតនាឧក្រិដ្ឋក្នុងការសម្លាប់រង្គាលទៅលើហ្វូងអ្នកបាតុករ ដែលតវ៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣។
លោក រីឆាត រ៉ូជើរ បញ្ជាក់បន្ថែមថា ឯកសារភស្តុតាងដាក់បន្ទុកបន្ថែមនេះ រួមមានសម្ដីលោក ហ៊ុន សែន និងករណីរម្លាយគណបក្សសង្គ្រោះជាតិដែរ។ លោកមេធាវីបរទេសរូបនេះ សង្ឃឹមយ៉ាងមុតមាំថា តុលាការ ICC នឹងចាត់ការក្នុងសំណុំរឿងនេះឲ្យបានឆាប់។
លោក ហ៊ុន សែន បង្ហាញពីចេតនាឧក្រិដ្ឋក្នុងការសម្លាប់មនុស្សក្រៅច្បាប់នេះជាច្រើនលើក ច្រើនសា។ លោក ហ៊ុន សែន ធ្លាប់បានគំរាមឲ្យមនុស្សបក្សប្រឆាំងត្រៀមក្ដារមឈូសបើចង់តតាំងប្រឆាំងគាត់។ កាលពីចុងខែឧសភា ឆ្នាំ២០១៧ នេះ លោក ហ៊ុន សែន ក៏បានថ្លែងដោយមិនញញើតក្នុងការសម្លាប់មនុស្ស ១០០ ទៅ២០០នាក់ ដែលលោកអះអាងថា កម្ទេចចោលដើម្បីការពារសន្តិភាព។
លោក ហ៊ុន សែន បានកាន់តំណែងចាប់ពីមេបញ្ជាការខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ៧០ រហូតដល់តួនាទីបច្ចុប្បន្ន ជានាយករដ្ឋមន្ត្រី។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចេញរបាយការណ៍កន្លងមករៀបរាប់ថា លោក ហ៊ុន សែន ដើម្បីការពារអំណាចរបស់ខ្លួន លោកបានធ្វើអ្វីៗសព្វបែបយ៉ាងទោះជាស្របច្បាប់ ឬមិនស្របច្បាប់គិតតាំងពីការបោះឆ្នោតអាណត្តិទី១មក។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បានសំអាងរបាយការណ៍ចុងក្រោយមួយរៀបរាប់ថា លោក ហ៊ុន សែន បានបំពានរំលោភបំពាន ចាប់ចង និងបាញ់សម្លាប់មនុស្សជាបន្តបន្ទាប់ ប្រព្រឹត្តដោយកងកម្លាំងនគរបាល និងយោធាដែលអនុវត្តក្រោមបញ្ជារបស់ភ្នាក់ងាររបស់គណបក្សប្រជាជនកម្ពុជា។ ក្រៅពីនេះ គេបានបង្កើតក្រុមកងកម្លាំងជាច្រើន មានទាំងក្រុមចំហ និងក្រុមសម្ងាត់។ ក្រុមប្រភេទនេះមានទាំងនៅថ្នាក់ក្រសួង បណ្ដាក្រុង និងខេត្ត។
អ្នកធ្វើការតាមក្រុមទាំងនោះអាចនឹងត្រូវគេជ្រើសរើសចេញពីកងកម្លាំងរក្សាសន្តិសុខ។ ភាគច្រើននៃក្រុមទាំងនោះ ត្រូវបង្កើតក្នុងគោលដៅវាយប្រហារក្រុមប្រឆាំង។ ក្នុងចំណោមក្រុមទាំងនោះមានក្រុមមួយដែលទំនងជាក្រុមដែលក្រោយមកបានពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់បែកលើហ្វូងបាតុករក្នុងឆ្នាំ១៩៩៧ និងការរំលោភបំពានផ្សេងទៀត ហើយក្រោយមកក្រុមនេះបានប្ដូរឈ្មោះថ្មី គឺកងពលតូច ង៧០ ដែលត្រូវគេស្គាល់ថា ជាកងកម្លាំងផ្ទាល់របស់លោក ហ៊ុន សែន។ ក្នុងរបាយការណ៍ដដែលបានលើកឧទាហរណ៍ជាក់ស្ដែង ពីក្រុមមួយដែលដឹកនាំដោយមន្ត្រីជាន់ខ្ពស់នៃរដ្ឋកម្ពុជា ដែលអាចជាប់ទាក់ទងនឹងគម្រោងការសម្លាប់សកម្មជនប្រឆាំង។
នៅឆ្នាំ២០១២ ក៏មានអំពើហិង្សាជាច្រើនទៀត បានកើតឡើង រវាងកងកម្លាំងរក្សាសន្តិសុខរបស់រដ្ឋ ស្របពេលដែលមានការផ្ដល់ដីដល់ឈ្មួញអ្នកមានអំណាចកើនឡើង។ ម្យ៉ាងវិញទៀត ការមិនពេញចិត្តចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ច បានបង្កើតភាពចលាចលនៃកម្លាំងពលកម្ម។
ក្នុងខែមេសា ឆ្នាំ២០១២ សកម្មជនការពារព្រៃឈើ និងបរិស្ថាន លោក ឈុត វុទ្ធី ត្រូវបានកងកម្លាំងប្រដាប់អាវុធរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ត្រូវបានគេបាញ់សម្លាប់នៅក្នុងព្រៃនៅខេត្តកោះកុង នៅពេលដែលរូបលោកបានព្យាយាមថតសកម្មភាពការកាប់ឈើដោយខុសច្បាប់។ មួយខែក្រោយមក គឺនៅខែមិថុនា ក្នុងឆ្នាំ២០១២ ក្មេងស្រីម្នាក់ ឈ្មោះ ហេង ចន្ធា ត្រូវបានកងកម្លាំងរដ្ឋាភិបាលបាញ់សម្លាប់នៅខេត្តក្រចេះ នៅពេលដែលប្រជាពលរដ្ឋបានតវ៉ាពីការរំលោភដីធ្លីពីឈ្មួញបរទេស។
សម្រាប់ក្រោយការបោះឆ្នោតឆ្នាំ២០១៣ វិញ គឺមានចលនាបាតុកម្មជាច្រើនក្រុម គឺក្រុមគាំទ្របក្សប្រឆាំង បានធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត និងក្រុមកម្មករធ្វើបាតុកម្មដើម្បីទាមទារសុំដំឡើងប្រាក់ខែជាដើម។ អាជ្ញាធររដ្ឋាភិបាលបានបាញ់សម្លាប់កម្មករយ៉ាងហោចណាស់ស្លាប់ ៤នាក់ របួសជាង ២០នាក់ និងមានអ្នកនៅបាត់ខ្លួនមិនទាន់រកឃើញនៅឡើយរហូតមកដល់ពេលនេះ។ ក្រៅពីនេះ ក៏មានបាញ់សម្លាប់ស្ត្រីម្នាក់នៅក្បែរស្ពានអាកាសស្ទឹងមានជ័យ និងការបាញ់សម្លាប់បុរសម្នាក់ទៀតឈ្មោះ ម៉ៅ សុខចាន់ នៅក្បែរស្ពានក្បាលថ្នល់។ លោក ហ៊ុន សែន ចោទលោក កឹម សុខា និងមន្ត្រីគណបក្សប្រឆាំងថា នៅពីក្រោយអំពើហិង្សានៅលើផ្លូវវ៉េងស្រេងនេះ។ មកទល់ពេលនេះ ឃាតកដែលជាក្រុមសមត្ថកិច្ចនោះ មិនត្រូវបានតុលាការចាប់ខ្លួន យកមកផ្ដន្ទាទោសនោះឡើយ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា សម្ដីរបស់មេដឹកនាំមួយវាគួរតែមានសេចក្ដីថ្លៃថ្នូរ និងមានសីលធម៌ខ្ពស់ជាងនេះ។ លោកចាត់ទុកសម្ដីបែបនេះថា បង្ហាញនូវភាពឃោរឃៅក្នុងនាមជាមេដឹកនាំ ដែលជាការមិនត្រឹមត្រូវ ខុសទាំងសីលធម៌ ខុសទាំងវិន័យកងទ័ព ខុសនឹងរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឲ្យមានទោសប្រហារជីវិតនោះទេ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមវិញ លោក បណ្ឌិត មាស នី មានប្រសាសន៍ថា មេដឹកនាំត្រូវមានការអត់ធ្មត់ច្រើន ហើយក៏មិនគួរប្រើពាក្យប្រមាថពលរដ្ឋខ្លួនឯងនោះទេ «»
តុលាការព្រហ្មទណ្ឌអន្តរជាតិ ជាតុលាការអចិន្ត្រៃយ៍អន្តរជាតិ ដែលមានសមត្ថកិច្ចស៊ើបអង្កេត និងផ្ដន្ទាទោសអ្នកដែលជាប់ចោទពីបទប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ រួមមានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើម។
លោក ហ៊ុន សែន ត្រូវបានគេមើលឃើញមិនត្រឹមតែផ្ដាច់ការ ក្នុងការប្រើប្រាស់តុលាការជាឧបករណ៍បម្រើនយោបាយរបស់ខ្លួន និងបានប្រើប្រាស់ស្ថាប័នសភាកែប្រែច្បាប់ជាច្រើន ដើម្បីការពារអំណាចរបស់ខ្លួនប៉ុណ្ណោះទេ លោក ហ៊ុន សែន ក៏ធ្វើអ្វីៗដោយអត្តនោម័តនៅក្នុងបក្ស ដើម្បីសម្រេចគោលបំណងរបស់ខ្លួនទាំងនេះដែរ៕
ប្រភព៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: