วันอาทิตย์ที่ 19 พฤศจิกายน พ.ศ. 2560

លិខិត​ចំហ​ អ្នកសារព័ត៌មាន​​​កម្ពុជា​ ​ស្នើ​ព្រះរាជអាជ្ញានិង​ចៅក្រមស៊ើប​សួរ​នៃ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពិចារណាទម្លាក់​បទ​ចោទប្រកាន់​លើ​អតីត​អ្នកយក​ព័ត៌មាន​វិទ្យុអាស៊ីសេរី(RFA)-Free Journalists Khmer


លិខិត​ចំហ​ អ្នកសារព័ត៌មាន​​​កម្ពុជា​ ​ស្នើ​ព្រះរាជអាជ្ញានិង​ចៅក្រមស៊ើប​សួរ​នៃ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពិចារណាទម្លាក់​បទ​ចោទប្រកាន់​លើ​អតីត​អ្នកយក​ព័ត៌មាន​វិទ្យុអាស៊ីសេរី(RFA)

លិខិត​ចំហ៖

យើង​ខ្ញុំ​ជាអ្នកសារព័ត៌មាន​​​កម្ពុជា​ សូម​ស្នើ​ព្រះរាជអាជ្ញា និង​ចៅក្រមស៊ើប​សួរ​នៃ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពិចារណាទម្លាក់​បទ​ចោទប្រកាន់​លើ​អតីត​អ្នកយក​ព័ត៌មាន​វិទ្យុអាស៊ីសេរី(RFA) លោក អ៊ួន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជាមេត្តា ដែល​ត្រូវ​បាន​ឃាត់​​ខ្លួន​កាល​ពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧ តំណាង​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ ​ពី​«បទ​ប្រគល់​អោយ​រដ្ឋបរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​បង្ក​អោយ​មាន​ការ​អន្តរាយ​ដល់​ការការពារជាតិ តាមបញ្ញត្តិមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌ»។

យើង​ខ្ញុំ​ដែល​បាន​ផ្តិតស្នាមមេដៃ​នៅ​ក្នុងលិខិត​ចំហមួយ​នេះ​ មាន​ការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​​ចំពោះ​ការ​​ចោទ​ប្រកាន់​​ដ៏ធ្ងន់ធ្ងរទៅ​លើ​អតីត​អ្នកយក​ព័ត៌មានវិទ្យុ​អាស៊ីសេរី​ទាំងពីរ។​ នៅ​ក្នុង​សង្គមប្រជាធិបតេយ្យ សារព័ត៌មាន​បាន​ដើរ​តួនាទីយ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត​ប្រាកដ​ជូន​ដល់​ប្រជាពលរដ្ឋ។ អ្នកសារព័ត៌មាន​មាន​តួនាទី​ក្នុង​ការ​រាយការណ៍​អ្វី​ដែល​ជាការពិត​ជូន​ដល់​សាធារណជន។

​យើង​ខ្ញុំ​យល់​ថា ការ​ចោទ​ប្រកាន់​​ទាក់ទង​នឹង​ការ​ផ្តល់​ព័ត៌មាន​ដែល​នាំ​​អន្តរាយ​ដល់​ការការ​ពារជាតិ ជា​ការ​ចោទប្រកាន់​មួយ​​ដ៏ធ្ងន់ធ្ងរ។ ការ​ចោទ​ប្រកាន់លើអតីតអ្នកយកព័ត៌មានទាំងពីររូបនេះ កំពុងតែបង្កភាព​ភ័យ​ខ្លាចដល់អ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈ និងធ្វើឲ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជាធ្លាក់ចុះ។

សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​ធានាដោយរដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​បាន​ចែង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ មានសេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ សេរីភាព​នៃ​សារព័ត៌មាន​ក៏​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​របប​សារព័ត៌មានឆ្នាំ​១៩៩៥​ ផងដែរ។

ការ​ចុះ​ផ្សាយ​នូវ​ការ​កែ​តម្រូវ ត្រូវ​បាន​ចែង​ក្នុង​មាត្រា​១០​នៃ​ច្បាប់ស្តី​អំពី​របប​សារព័ត៌មាន ត្រង់​ចំណុច​ថា បើ​តុលាការ​រកឃើញ​ថា ការ​ផ្សាយ​ណា​មាន​លក្ខណៈ​ខុស​ពីការពិត​តាមបណ្តឹង​របស់​ដើម​​បណ្តឹង​រដ្ឋប្បវេណី តុលាការ​អាច​បង្គាប់​ឲ្យ​សារព័ត៌មាន​នោះ​ចុះផ្សាយ​នូវ​ការកែ​តម្រូវ​ ឬ​និង​ការ​សង​ជំងឺចិត្ត។​

យើង​ខ្ញុំក៏​​យល់ឃើញ​ថា អ្នកសារព័ត៌មាន​កម្ពុជា​បាន​អនុវត្ត​តាម​​មាត្រា​៥​នៃ​ច្បាប់​សារព័ត៌មាន​ដែល​​ចែង​ថា សារព័ត៌មាន​មានសិទ្ធិ​ទទួល​ព័ត៌មាន​ដែលស្ថិត​ក្នុង​ការគ្រប់គ្រង​របស់​រាជ​រដ្ឋាភិបាល លើកលែង​តែព័ត៌មាន​ណា​ដែល​បណ្តាល​ឲ្យ​មាន​អន្តរាយ​ដល់​សន្តិសុខ​ជាតិ អន្តរាយ​​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេសដទៃ។

អាស្រ័យហេតុនេះ សូមតុលាការ​មេត្តា​ពិចារណាទម្លាក់​បទ​​ចោទប្រកាន់​នេះ ដោយក្តីអនុគ្រោះ៕

​​​​​​​រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧

ស្នាមមេដៃ និង​ឈ្មោះ​អ្នក​សារព័ត៌មាន






Previous Post
Next Post

post written by:

0 ความคิดเห็น: