ថ្លើមធំហ៊ានប្រដៅអាគាំង! ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ីនតុន បានសរសេរលិខិតមួយច្បាប់ឆ្លើយតបទៅសមាជិកព្រឹទ្ធសភាអាមេរិកាំងដ៏មានឥទ្ធិពល និងជាអតីតបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោកថិត គ្រូស (Ted Cruz) ដោយមិនខ្ចីអើពើទៅនឹងការស្នើឲ្យដោះលែងលោក កឹម សុខា ឲ្យបានត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឡើយ! - Ambassador to US in DC told US Senator about current situation in Cam.
ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង បានសរសេរលិខិតមួយច្បាប់ឆ្លើយតបទៅសមាជិកព្រឹទ្ធសភាអាមេរិកាំងដ៏មានឥទ្ធិពល និងជាអតីតបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ថិត គ្រូស (Ted Cruz) ដោយមិនខ្ចីអើពើទៅនឹងការស្នើឲ្យដោះលែងលោក កឹម សុខា ឲ្យបានត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឡើយ បើមិនចង់ឲ្យអាមេរិក ដាក់ទណ្ឌកម្មលើកម្ពុជា។ លោក ជុំ ប៊ុនរ៉ុង ក៏បានបដិសេធទៅនឹងរាល់ការចោទប្រកាន់នានាដែលថា រដ្ឋាភិបាលរបស់លោកកំពុងធ្វើយុទ្ធនាការធ្វើទុក្ខបុកម្នេញមកលើក្រុមអ្នកប្រឆាំងនៅកម្ពុជា។
លិខិតចុះថ្ងៃទី៧ ខែវិច្ឆិកា ចុះហត្ថលេខាដោយលោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ីនតុន ធានាប្រាប់ទៅសមាជិកព្រឹទ្ធសភាអាមេរិកាំងរូបនេះថា រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ក៏ឲ្យតម្លៃ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាព ដូចដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក និងពលរដ្ឋអាមេរិក ឲ្យតម្លៃយ៉ាងដូច្នេះដែរ។
លោក ជុំ ប៊ុនរ៉ុង គូសបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងតែវិវឌ្ឍទៅមុខ។ លោកថា វាជាការពិតដែលថា ការវិវឌ្ឍន៍នៃលទ្ធិប្រជាធិបតេយ្យនេះអាចសម្រេចទៅបាន ប្រសិនបើនីតិរដ្ឋត្រូវបានធានា និងអនុវត្តដោយពេញលេញក្នុងគោលបំណងដើម្បីថែរក្សាស្ថិរភាព សន្តិភាព និងផលប្រយោជន៍ប្រជាជាតិ។
លិខិតរបស់លោកឯកអគ្គរាជទូត ជុំ ប៊ុនរ៉ុង ដដែលនេះ ក៏បានពន្យល់ថា ការចាប់ខ្លួនលោក កឹម សុខា ពីបទក្បត់ជាតិ ត្រូវបានធ្វើឡើងស្របតាមបទបទបញ្ញត្តិជាធរមាននានា ដូចដែលមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជា។ លោក ជុំ ប៊ុនរ៉ុង ចោទសួរទៅលោក ថិត គ្រូស វិញថា តើក្រោមច្បាប់សហរដ្ឋអាមេរិក ទង្វើ និងការប្រព្រឹត្តដូចករណីលោក កឹម សុខា នេះ អាចត្រូវបានអត់ឱនឲ្យបានដែរ ឬទេនៅសហរដ្ឋអាមេរិក?
លោកឯកអគ្គរាជទូតរូបនេះ បានផ្ដល់អំណះអំណាងថា អ្វីដែលលោក កឹម សុខា បានប្រព្រឹត្តនៅពេលកន្លងមកនេះ គឺមិនមែនជាការប្រកួតប្រជែងប្រកបដោយលក្ខណៈស្មើភាពគ្នាក្នុងលទ្ធិប្រជាធិបតេយ្យនោះទេ។ លោកថា នៅសហរដ្ឋអាមេរិក ក៏មានច្បាប់ជាច្រើនដែរ ដែលគ្រប់គ្រងមិនឲ្យមានទង្វើក្បត់ជាតិនេះ។ លោក ជុំ ប៊ុនរ៉ុង បានប្រៀបប្រដូចករណីចាប់ និងឃុំខ្លួនលោក កឹម សុខា នេះ ទៅនឹងករណីលោក ប៉ូល ម៉ាណាហ្វត (Paul Manafort) ដែលជាអតីតនាយកផ្នែកយុទ្ធនាការឃោសនាបោះឆ្នោតឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ហើយដែលបច្ចុប្បន្នកំពុងទទួលរងនូវបទចោទប្រកាន់ពីបទឃុបឃិតជាមួយប្រទេសរុស្ស៊ី ប្រឆាំងនឹងសហរដ្ឋអាមេរិក។
លោក ជុំ ប៊ុនរ៉ុង ថា វាជាការមិនត្រឹមត្រូវឡើយ ដែលរដ្ឋាភិបាលកម្ពុជា បានទទួលរងនូវការរិះគន់ និងការគំរាមអំពីការដាក់ទណ្ឌកម្មនានាយ៉ាងដូច្នេះ ព្រោះដោយសារតែបានចាត់ការផ្លូវច្បាប់ក្នុងគោលបំណងដើម្បីការពារសន្តិសុខ សន្តិភាព ឯករាជ្យ និងអធិបតេយ្យរបស់ខ្លួនដូចដែលប្រទេសដទៃទៀតកំពុងអនុវត្តយ៉ាងដូច្នោះដែរ។ លោកសរសេរបន្តថា ការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ ដែលនឹងមិនអាចជៀសផុតនេះ មិនមានន័យថា ជាការបិទបញ្ចប់នៃស្ថាប័នប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជានោះឡើយ។
លោក ជុំ ប៊ុនរ៉ុង ក៏មិនបានបំភ្លេចពន្យល់ប្រាប់លោក ថិត គ្រូស ទៅវិញថា របាយការណ៍ដែលសមាជិកព្រឹទ្ធសភារូបនេះទទួលបានអំពីការណ៍ដែលរដ្ឋាភិបាលបានបិទស្ថានីយវិទ្យុជាង ១០០នោះ គឺជាព័ត៌មានមិនពិតនោះទេ។ លោកថា តាមពិតមានស្ថានីយវិទ្យុជាង ២០ប៉ុណ្ណោះ ដែលត្រូវបានបិទទ្វារ ក្នុងគោលដៅដើម្បីពង្រឹងច្បាប់សារព័ត៌មាន ហើយថា ការបិទស្ថានីយវិទ្យុទាំងនោះទៀតសោត គឺដោយសារតែស្ថានីយទាំងនោះពុំបានរាយការណ៍ទៅក្រសួងព័ត៌មាន ដូចដែលបានកំណត់ក្នុងកិច្ចសន្យាជាមួយក្រសួង។
លោក ជុំ ប៊ុនរ៉ុង ក៏បានលើកឡើងពីសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយយោងតាមសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ចេញផ្សាយដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ដែលបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ចំពោះសេរីភាពសារព័ត៌មាន ថាមានភាពប្រសើរជាងប្រទេសដទៃទៀតនៅក្នុងតំបន់។
នៅចុងបញ្ចប់នៃលិខិតរបស់លោក ជុំ ប៊ុនរ៉ុង លោកឯកអគ្គរាជទូតរូបនេះបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ឲ្យតម្លៃចំពោះទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក និងអរគុណប្រទេសនេះដែលបានផ្ដល់ការគាំទ្រឲ្យមានស្ថិរភាព សន្តិភាព និងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ លោក ជុំ ប៊ុនរ៉ុង ថា វាមិនមែនជាសញ្ញាល្អទាល់តែសោះឡើយសម្រាប់ប្រទេសកម្ពុជា និងអនាគតប្រទេសនេះ ប្រសិនបើកម្ពុជា ត្រូវបានបង្ខំចិត្តឲ្យជ្រើសរើសយកជម្រើសនានា ដែលផ្ទុយនឹងអត្ថប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រជាជាតិទាំងពីរ។
ជាថ្មីម្ដងទៀត លោក ជុំ ប៊ុនរ៉ុង ធានាប្រាប់សមាជិកព្រឹទ្ធសភាអាមេរិកាំង លោក ថិត គ្រូស ថា រដ្ឋាភិបាលកម្ពុជា បានដាក់វិធានការណ៍ និងឈរយ៉ាងមុតមាំចំពោះការប្ដេជ្ញាចិត្តរបស់ខ្លួនដើម្បីធានាថា សោកនាដកម្មនៅពេលអតីតកាលនៅកម្ពុជា នឹងមិនត្រូវបានបណ្ដោយឲ្យកើតមានឡើងសាជាថ្មីវិញម្ដងទៀតឡើយ ហើយថា សន្តិភាព និងស្ថិរភាព នឹងនៅតែបន្តមានវត្តមានដដែលសម្រាប់ការអភិវឌ្ឍ និងដំណើរការប្រជាធិបតេយ្យប្រកបដោយសន្តិភាព ស្របតាមនីតិរដ្ឋ និងរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញផ្អែកតាមក្រឹត្យក្រម និងជំហានដែលសមស្របស្របតាមបរិបទកម្ពុជា។
នៅក្នុងសារលិខិតចុះថ្ងៃទី២៣ ខែតុលា សមាជិកព្រឹទ្ធសភាអាមេរិកាំង លោក ថិត គ្រូស ទុកពេលឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន រហូតដល់ត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីដោះលែងលោក កឹម សុខា។ លោក ថិត គ្រូស ព្រមានបន្ថែមថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ពេលកន្លងមក ប្រព្រឹត្តទៅបានក៏ដោយសារឈរលើស្មារតីនៃលទ្ធិប្រជាធិបតេយ្យ សេរី និងការបោះឆ្នោតដែលគួរឲ្យជឿទុកចិត្តមួយបាន។ ប៉ុន្តែ ការណ៍ដែលរដ្ឋាភិបាលកម្ពុជា បិទក្រុមឯករាជ្យដែលឃ្លាំមើលស្ថានការណ៍បោះឆ្នោត បិទអង្គការសិទ្ធិមនុស្ស បិទស្ថានីយវិទ្យុជាច្រើន និងចាប់លោក កឹម សុខា ដាក់ពន្ធនាគារយ៉ាងដូច្នេះ លោក ថេត គ្រូស ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែកំពុងតែបំផ្លាញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែលោក ហ៊ុន សែន ក៏កំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ផងដែរ។
មិនមែនមានតែសមាជិកព្រឹទ្ធសភាអាមេរិកាំង លោក ថេត គ្រូស មួយរូបប៉ុណ្ណោះទេ ដែលបានឈឺឆ្អាលនឹងបញ្ហាវិបត្តិនយោបាយនៅកម្ពុជា ព្រមទាំងគំរាមដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជានេះ។ សមាជិកព្រឹទ្ធសភាអាមេរិកាំង ដ៏មានឈ្មោះបោះសំឡេងល្បីល្បាញចំនួនបីរូបទៀត គឺលោក ចន ម៉ាខេន (John McCain) លោក ឌិក ឌើប៊ិន (Dick Durbin) និងលោក ម៉ារកូ រ៉ូប៊ីយ៉ូ (Marco Rubio) ក៏បានផ្ដួចផ្ដើមរៀបចំឲ្យមានសេចក្ដីសម្រេចលេខ ២៧៩ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ដើម្បីថ្កោលទោសទង្វើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្ន។ បច្ចុប្បន្ន សេចក្ដីសម្រេចនេះត្រូវបានដាក់បញ្ចូលទៅក្នុងកាលវិភាគលេខ ២៥៧ សម្រាប់លើកយកមកជជែកដេញដោលក្នុងសម័យប្រជុំព្រឹទ្ធសភាអាមេរិកាំង នៅពេលដ៏ខ្លីខាងមុខនេះហើយ។
ប្រសិនបើអនុម័តសេចក្ដីសម្រេចលេខ ២៧៩ ស្ដីពីការគូសបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា តម្រូវឲ្យរដ្ឋាភិបាលអាមេរិក ថ្កោលទោសជាផ្លូវការនូវរាល់ទម្រង់នៃអំពើហិង្សាផ្នែកនយោបាយក្នុងប្រទេសកម្ពុជា និងជំរុញឲ្យមានការបញ្ឈប់នូវអំពើរំលោភសិទ្ធិមនុស្សនានា ក្នុងប្រទេសនេះជាបន្ទាន់។ សេចក្ដីសម្រេចដដែលនេះ ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជនកម្ពុជា បញ្ចប់នូវការធ្វើទុក្ខបុកម្នេញ និងការបំភិតបំភ័យនានា មកលើក្រុមអ្នកប្រឆាំងនៅកម្ពុជា និងជំរុញឲ្យមាននូវបរិយាកាសមួយដែលលទ្ធិប្រជាធិបតេយ្យអាចរីកចម្រើន និងលូតលាស់ទៅមុខបានល្អ។
បន្ថែមពីលើនេះ សេចក្ដីសម្រេចដដែលនេះ តម្រូវឲ្យក្រសួងរតនាគារអាមេរិកាំង ពិចារណាដាក់បញ្ចូលរាល់ឈ្មោះមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលកម្ពុជា ទាំងអស់ ដែលជាប់ពាក់ព័ន្ធនឹងករណីរំលោភបំពានសិទ្ធិមនុស្ស និងនយោបាយ ចូលទៅក្នុងបញ្ជីខ្មៅឈ្មោះជនបរទេសដែលត្រូវបង្កកទ្រព្យសម្បត្តិ និងហាមប្រាមមិនឲ្យធ្វើអាជីវកម្មជាមួយជនជាតិអាមេរិកាំង ដែលហៅកាត់ថា «SDN»។
ចំណុចចុងក្រោយនៃសេចក្ដីសម្រេច ក្រៅពីជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌសេចក្ដីសម្រេចលេខ ២៧៩ នេះ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា គោរពសេរីភាពសារព័ត៌មាន និងសិទ្ធិរបស់ពលរដ្ឋក្នុងការជួបជុំ តវ៉ា និងបញ្ចេញមតិនានាប្រឆាំងរដ្ឋាភិបាល។ សេចក្ដីសម្រេចនេះ គាំទ្រឲ្យមានកិច្ចប្រឹងប្រែងកំណែទម្រង់ពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោតនៅកម្ពុជា និងគាំទ្រឲ្យមានមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ក្នុងឆ្នាំ២០១៨ ខាងមុខនេះ ដែលត្រូវបានចូលរួមតាមដានពីសំណាក់អ្នកឃ្លាំមើលអន្តរជាតិ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: