วันพฤหัสบดีที่ 16 พฤศจิกายน พ.ศ. 2560

តោះមកមើលឈ្មោះនិងមុខអោយស្គាល់ចៅក្រមទាំង ៩នាក់នៅក្នុងតុលាការកំពូល និងតាមដានស្ថានការណ៍ជុំវិញដំណើរការសវនាការរបស់តុលាការកំពូលលើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ!-Situations on supreme court hearing on CNRP dissolution


តោះមកមើលឈ្មោះនិងមុខអោយស្គាល់ចៅក្រមទាំង ៩នាក់នៅក្នុងតុលាការកំពូល និងតាមដានស្ថានការណ៍ជុំវិញដំណើរការសវនាការរបស់តុលាការកំពូលលើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ!-Situations on supreme court hearing on CNRP dissolution

តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​នេះ កំពុងត្រៀម​រៀប​ចំ​បើក​សវនាការ​លើ​បណ្តឹង​របស់​ក្រសួង​​មហាផ្ទៃ​ ដែល​បាន​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយចោទ​ថា គណបក្សនេះ​បានឃុបឃិត​ជាមួយ​​បរទេសដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ​ដែល​ដឹកនាំ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។


ជាដំបូងសូមណែនាំអោយស្គាល់មុខនិងឈ្មោះចៅក្រមទាំង ៩នាក់ នៅក្នុងតុលាការកំពូល មានឈ្មោះដូចខាងក្រោមនេះ គឺ៖

១)លោក ​ឌិត មន្ទី ប្រធានតុលាការ​កំពូល​ ​២)លោក ជីវ កេង ៣)លោក​ឃឹម ប៉ុណ្ណ​ ៤)លោក​​ យូរ ឧត្តរា ៥)លោក​​ គង់ ស្រ៊ីម ៦)លោក គង់ តារាឆាត ៧)លោក សេង នាង ៨)លោកស្រី សែម សក្កិកូឡា ​៩)លោក​ស្រី ចាំង ស៊ីណាត ៨ នាក់នេះជាសមាជិក និងអគ្គ​ព្រះ​រាជ​អាជ្ញា​គឺ ​លោក​ស្រី​ ជា លាង ។ 


ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ ចំនួ​ន​ ៤ រូប បាន​ដាក់​ភស្តុតាង​បន្ថែម​លើ​សំណុំ​រឿង​សុំ​​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​នឹងឈាន​ទៅដល់​ការ​​ហាម​ឃាត់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំងមកពី​គណៈ​កម្ម​ការ​នាយក​និង​គណៈ​កម្មការ​អចិន្ត្រៃយ៍​​ចំនួន ​១១៨​ នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​ ៥ ​ឆ្នាំ​ ។ 


ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន​មេធាវី​ចំនួន​៤​រូប ដោយ​មានភស្តុតាង​ចំនួន​២៦​កញ្ចប់ ដើម្បី​ការពារ​បណ្តឹង​របស់​ខ្លួន​ ​ស្រប​ពេល​ដែល​​គណបក្ស​សង្គ្រោះជាតិ​មិន​បាន​​ដាក់​ឯកសារ​ ​ឬត្រៀម​​មេធាវី​ណាមួយ​​ក្នុងការ​​តតាំង​ក្តី​នៅ​​សវនាការ​​នោះ​ទេ។ តុលាការកំពូល​ក៏​បាន​ចេញ​លិខិត​មួយ​ច្បាប់អញ្ជើញ​ប្រធានគណបក្ស​​សង្គ្រោះ​ជាតិ ​មក​ចូលរួម​សវនាការ​នេះ ប៉ុន្តែ​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំមួយនេះកំពុង​ជាប់ឃុំ ពាក់ព័ន្ធនឹង​ការ​ចោទ​ថា​ លោកក្បត់ជាតិ។

គេឃើញ​ថា សវនាការ​ពាក់ព័ន្ធ​សំណុំរឿង​របស់​លោក កឹម សុខា មិនដែល​ត្រូវ​បាន​តុលាការ​នាំ​ខ្លួន​លោក​ កឹម សុខា មកចូលរួម​​សាកសួរ​​នៅ​តុលាការ​នោះទេ ដូច្នេះ​គេ​រងចាំមើល​ថា តើ​តុលាការ​កំពូល​ក្នុង​សវនាការ​ព្រឹកនេះ នឹង​នាំ​ខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ឯខេត្ត​ត្បូងឃ្មុំ​ មកចូល​រួម​សវនាការ​ដែរ ឬយ៉ា​ងណា​​។ ​ក្រុមការងារ VOA នឹង​ធ្វើ​សេចក្តី​រាយការណ៍​បន្ថែម​ជាបន្ត​បន្ទាប់​នាពេលខាងមុខ។

ម៉ោងពីររសៀលថ្ងៃព្រហស្បតិ៍នេះ តុលាការ​កំពូល​បន្ត​សវនាការ​លើ​បណ្តឹង​របស់​ក្រសួង​​មហាផ្ទៃ​ ដែល​បាន​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់បានបើកសវនាការអស់រយៈពេលមួយព្រឹក។
សូមទស្សនាការផ្សាយ​ផ្ទាល់​នៃ​ក្រុម​ការងារ​ VOA រាយការណ៍ដោយ កញ្ញា​ កាន់ វិច្ឆិកា​។

តុលាការកំពូលសម្រេចបន្ត​សវនាការ​លើ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ ដែល​បាន​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅរសៀលម៉ោងពីរ។


តុលាការកំពូលសម្រេចបន្ត​សវនាការ​លើ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ ដែល​បាន​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅរសៀលម៉ោងពីរ។ (នូវ ពៅលក្ខិណា/VOA)

លោក អ៊ុក គឹមសិទ្ធិ អ្នកនាំពាក្យតុលការកំពូល បានប្រាប់បណ្តាញព័ត៌មាន Fresh News នាព្រឹកនេះថា តុលាការកំពូលនឹងចេញសេចក្តីសម្រេចលើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិនាល្ងាចថ្ងៃព្រហស្បតិ៍ ខណៈពេលដែលសវនាការនេះកំពុងដំណើរការនៅឡើយ។

កញ្ញា ឡេង⁣ ឡែន⁣ អតីតអ្នកសារព័ត៌មានឲ្យកាសែតឌឹខេមបូឌាដេលី និងសំឡេងសហរដ្ឋអាមេរិក ត្រូវបានកម្លាំងប៉ូលិសមានសមត្ថកិច្ចហាមឃាត់មិនឲ្យមានវត្តមាននៅបរិវេណតុលាការកំពូល⁣ ខណៈពេលដែលសវនាការស្តីពីបណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ ដែល​បាន​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កំពុងដំណើរការ⁣។ មន្ត្រីមានសមត្ថកិច្ច បានសួររកកាតអ្នកសារព័ត៌មានពីនាង។ ការមិនអនុញ្ញាតឲ្យអតីតអ្នកសារព័ត៌មានរូបនេះ មានវត្តមាននៅបរិវេណនៃតុលាការកំពូល បានកើតឡើង បើទោះបីជាស្នងការរាជធានីភ្នំពេញ លោក⁣ ជួន សុវណ្ណ បានប្រាប់អ្នកសារព័ត៌មាននាព្រឹកនេះថា ដំណើរការសវនាការនេះគឺបើកជាសាធារណៈក្តី។

ខណៈពេលនេះ កញ្ញា ឡេង⁣ ឡែន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងសួរចម្លើយអំពីវត្តមានរបស់នាង នៅបរិវេណនៃតុលាការកំពូល និងមហាអយ្យការ។

ស្របពេលជាមួយគ្នានោះ គេឃើញមានវត្តមានរបស់មន្ត្រីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ តាមដានស្ថានការណ៍ជុំវិញដំណើរការសវនាការនៃបណ្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។


មន្ត្រីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ មានវត្តមាននៅមុខតុលាការកំពូល និងមហាអយ្យការ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)


ឡេង ឡែន អតីតអ្នកសារព័ត៌មាននៃកាសែតឌឹខេមបូឌាដេលី ត្រូវបានប៉ូលិសមិនអនុញ្ញាតឲ្យចូលនៅក្នុងបរិវេណនៃតុលាការកំពូល និងមហាអយ្យការ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)







ប្រភព ៖ វីអូអេខ្មែរ
Previous Post
Next Post

post written by:

0 ความคิดเห็น: