วันพุธที่ 22 พฤศจิกายน พ.ศ. 2560

អតីត​អ្នក​សារព័ត៌មាន វិទ្យុអាស៊ីសេរី(RFA)ពីររូប ត្រូវ​ចោទ​ពី​បទចារកម្ម តែ​សមត្ថកិច្ចតេជោ ទម្លាយ​រូប​អាស​អាភាស១៨បូក អោយតែយ៉ាងនេះៗស្លាប់ខ្មែរស្លូតត្រង់អស់ហើយ!-Former RFA reporters charged with espionage but porn photos emerged


អតីត​អ្នក​សារព័ត៌មាន វិទ្យុអាស៊ីសេរី(RFA)ពីររូប ត្រូវ​ចោទ​ពី​បទចារកម្ម តែ​សមត្ថកិច្ចតេជោ ទម្លាយ​រូប​អាស​អាភាស១៨បូក អោយតែយ៉ាងនេះៗស្លាប់ខ្មែរស្លូតត្រង់អស់ហើយ!-Former RFA reporters charged with espionage but porn photos emerged 

 ភ្នំពេញ៖ មេធាវី​របស់​អតីតអ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​ដែល​កំពុង​ជាប់​ឃុំឃាំង​លើក​ឡើង​ថា​លោក​មិន​បាន​ដឹង​ពី​ភស្តុតាង​ដែលសារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​មួយ​ចំនួន​បានផ្សាយ​និងចោទ​កូនក្តី​របស់​លោក​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ថត​ ឬ​ ផលិតវីដេអូ​អាស​អាភាស​នោះ​ទេ។​

លោក កែវ វ៉ាន្នី​មេធាវី​តំណាង​ឱ្យ​លោក​អ៊ួនឈិន ​និង​លោក​យាង សុធារិនហៅ​យាង​សុជាមេត្តា​បាន​បញ្ជាក់​ថា​ ​ការ​បញ្ចេញ​ភស្តុតាង​ណាមួយ​ជា​សាធារណៈ​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​នីតិវិធី​តុលាការ​និង​សិទ្ធិ​របស់កូនក្តី​លោក។​

អតីត​អ្នកសារ​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំង​ពីររូប​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​កាល​ពីយប់​ថ្ងៃ​អង្គារ​ ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង​នៅ​រាជ​ធានី​ភ្នំពេញ​ ​ដោយ​សង្ស័យ​ថា​ ​បាន​រាយ​ការណ៍​ព័ត៌មាន​បញ្ជូន​ទៅ​ស្នាក់​ការ​កណ្តាល​វិទ្យុ​អាស៊ី​សេរី​ ​នៅ​សហរដ្ឋ​អាមេរិក។​ បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ផ្អាក​នីតិវិធី​ស៊ើបសួរ​អ្នក​ទាំង​ពីរ​បាន​ប៉ុន្មានម៉ោង​កាលពី​ថ្ងៃសៅរ៍​ ​គេ​ឃើញ​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ចំនួន​ពីរ​ គឺ​គេហទំព័រ​Fresh News ​និង​គេហទំព័រ​ Swift News ​បាន​ផ្សាយ​រូប​ភាពអាសអាភាស​ជាច្រើន​សន្លឹក​ ​ដោយ​អះអាង​ថា​ ​ជា​រូបភាព​ដែល​បានពី​សមត្ថកិច្ច​ ​និង​ថា​ ​ជា​ភស្តុតាងដែល​តុលាការ​បាន​រកឃើញ​ថា​ លោក​ ​អ៊ួន ឈិន​ ​បាន​ថត​ ​និង​ផលិត​វីដេអូ​អាស​អាភាស។

លោក​ ​កែវ វ៉ាន្នី​ និយាយ​ថា៖​ «ធម្មតា​ដំណើរ​ការ​នីតិវិធី​គេ​រក្សាភាព​សម្ងាត់​អំពី​ប្រភេទ​នៃ​ភស្តុតាង​ទាំងអស់​ ​ហើ​យ​ប្រសិន​បើ​មានការ​បញ្ចេញ​ភស្តុតាង​ហ្នឹង វា​ប៉ះពាល់​ដល់​នីតិវិធី​តុលាការ​ទាំង​មូល។​ ​វា​ប៉ះពាល់​ទាំង​អស់ ទាំង​កូន​ក្តី​ខ្ញុំ​ ​ទាំង​នីតិវិធី​តុលាការ​ ដែល​គេ​ត្រូវ​រក្សា​ការសម្ងាត់​ទាំងអស់»។

ក្រោយ​ពី​ការ​បង្ហាញ​រូប​ភាពអាស​អាភាស​ អម​នឹង​អត្ថបទ​នៅ​ក្នុង​ទំព័រ​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ​សាធារ​ណជន​ ​និង​អ្នកសារព័ត៌​មាន​នា​នា​ ​បាន​រិះគន់​យ៉ាង​ខ្លាំង​តប​ទៅ​នឹង​ការ​ផ្សាយរូប​ទាំង​នេះ​ជា​សាធារណៈ ​ដោយ​ថា ជា​ការ​ផ្សាយផ្ទុយនឹងវិជ្ជាជីវៈ ​និង​ក្រម​សីលធម៌​របស់​អ្នក​សារព័ត៌​មាន​។

លោក លឹម ជាវុត្ថា ​ស្ថាបនិក ​និង​ជា​នាយក​ប្រតិបត្តិ​គេហ​ទំព័រ​ Fresh News ដែល​ជា​គេហទំព័រ​បាន​ផ្សាយ​រូបភាព​ទាំង​នោះ​ដោយ​បិទ​បាំង​ខ្លះ​ ប្រាប់​ VOA​ ថា ​លោក​ទទួល​បាន​រូបថត​ទាំង​នោះ​តាម​រយៈ​មន្រ្តីនគរបាល​ជាន់​ខ្ពស់​ក្រសួងមួយ​រូប​ ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ​ ប្រាប់​លោក​ថា ជា​រូបភាព​របស់​លោក អ៊ួន ឈិន។ លោក​បន្ថែម​ថា លោក​មិន​ដឹង​ថា​តើ​ការ​បញ្ចេញ​រូប​ដែល​ជាភស្តុតាង​បាន​មក​ពី​សមត្ថកិច្ច​ទាំងនោះ​ គឺ​ជា​រឿង​ខុស​ច្បាប់ ​ឬ​យ៉ាងណា​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ ​«អាហ្នឹង​ខ្ញុំ​អត់​ដឹង​ថា​តើ​រឿង​ហ្នឹង​យ៉ាងម៉េច​ទេ គ្រាន់តែ​ខ្ញុំ​បាន​ទទួល​ពី​សមត្ថកិច្ច ព្រោះខ្ញុំ​សួរនាំ​រឿង​ហ្នឹង​ទៅ សមត្ថកិច្ច​គាត់​ថា​គាត់​មាន។ ហើយ​ខ្ញុំ​បញ្ជាក់​ថា ខ្ញុំ​ទទួល​បាន​ពី​មន្រ្តី​នគរបាល​ជាន់​ខ្ពស់​មួយ​រូប»។​

​លោក​ ​លី សុផាណា​ ​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ ​VOA​ ​ ដែល​សួរ​តាម​រយៈសារអេឡិច​ត្រូនិច​តេលេក្រាម​នោះ​ទេ​ ​រហូត​ដល់​ល្ងាចថ្ងៃ​ច័ន្ទ​នេះ។​

VOA​ ​ក៏​មិន​អាច​ទាក់ទង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ​ដើម្បី​បញ្ជាក់​ ​ពី​ការ​អះអាង​របស់​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​នោះ​ដែរ។​

អយ្យការ​អម​តុលាការ​ភ្នំពេញ​ចោទ​ប្រកាន់​អតីត​អ្នកសារព័ត៌មាន​ទាំងពីរ​នាក់​ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេសនូវ​ព័ត៌មាន​ជាអាទិ៍​ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការការពារ​ជាតិ»​ ​តាម​មាត្រា​៤៤៥​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​ប្រឈម​នឹង​ការ​ជាប់​ទោស​ ​ពី៧​ ​ទៅ​១៥ឆ្នាំ។​

លោក​ ​កែវ វ៉ាន្នី​ ​ ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃច័ន្ទ​នេះ​ថា​ ​កូនក្តី​របស់​លោក​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃស​ ​បន្ទាប់​ពី​ការ​សាកសួរ។​ ​លោក​ថា​ ​មិន​មាន​ភស្តុតាងណា​មួយ​ដែល​បាន​បញ្ជាក់​ថា​ ​កូនក្តី​របស់​លោក​បាន​ប្រព្រឹត្ត​អំពើដូចការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ពាក្យ​ថា​បញ្ជូន​សារព័ត៌មាន​ទាក់ទង​នឹង​កិច្ចការពារ​ជាតិ​ ​វា​ខ្លាំង​ណាស់​ ​គឺថា​យើងដឹងពីភាព​សម្ងាត់​របស់​ប្រទេស​ជាតិ​ ​ហើយ​យើង​រាយការណ៍បញ្ហា​វិធីសាស្រ្ត​នៃ​ការ​ការពារ​ជាតិ​យើង​ទៅ​ឲ្យ​ប្រទេស​ផ្សេង​ដឹង។ ​ប៉ុន្តែ​កន្លង​មកគឺ​ទាំង​ក្នុង​ពេល​បំពេញ​ការងារ​ជាមួយវិទ្យុ​អាស៊ី​សេរី​ ​ទាំង​ក្រោយ​បំពេញ​ការ​ងារ​ ​គឺ​គាត់​ចប់​ហើយហ្នឹង​ សារព័ត៌មាន​ភាគ​ច្រើន​ ​គឺ​សុទ្ធ​តែ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ទូទៅ​ជា​សាធារណៈ​ ​គាត់​មិន​បាន​បញ្ជូន​ព័ត៌មាន​ណាមួយ​ទាក់ទង​នឹង​ភាព​សម្ងាត់​របស់​ប្រទេស​ជាតិ​ទេ»។​

យោង​តាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ចែង​ថា​ ​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ការការ​ពារជាតិ​ ​គឺជា​អំពើ​ប្រគល់​ ​ឬធ្វើ​ឲ្យ​ងាយស្រួល​ធ្លាក់​ដល់​ដៃ​រដ្ឋ​បរទេស​ ​ឬ​ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន​ ​វិធី​ ​វត្ថុ​ ​ឯកសារ​ ​ទិន្នន័យ​ព័ត៌មាន​វិទ្យា​ ​ឬ​សាលាកបត្រ​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ។​ ​អំពើ​នេះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧​ ​(ប្រាំពីរ)​ ​ឆ្នាំ​ ​ទៅ​១៥​ ​(ដប់ប្រាំ)​ ​ឆ្នាំ។​

អ្នក​ជំនាញ​ផ្នែក​ច្បាប់​ ​បាន​លើក​ឡើង​ថា​ ​ការ​ដាក់​ការ​សង្ស័យ​ពីបទ​ ​«ផ្តល់​ព័ត៌មាន​សម្ងាត់ទៅ​បរទេស»​ ​ក្នុង​មាត្រា​៤៤៥​ ​លុះត្រា​តែ​ព័ត៌មាន​នោះ​ជា​ព័ត៌មាន​សម្ងាត់​ ​ហើយ​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ប្រទេស​បច្ចាមិត្ត។​

លោក​ ​Rohit Mahajan​ ​អ្នកនាំពាក្យ​វិទ្យុអាស៊ីសេរី​នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន​ ​សហរដ្ឋ​អាមេរិក​ ​ប្រាប់ VOA​ ​តាម​រយៈសារ​អេឡិច​ត្រូនិច​ ​ឬ​អ៊ីមែល​ ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ ​ការ​ចោទ​ប្រកាន់អតី​ត​អ្នក​សារ​ព័ត៌មានវិទ្យុអាស៊ី​សេរី​ពីរ​នាក់​ ​ពីបទ​ចារកម្ម​ ​កំពុង​បង្ហាញ​ថា​ ​អាជ្ញាធរ​កម្ពុជា​កំពុង​តែ​បង្ហាញ​ពី​ទម្រង់​បំភិត​បំភ័យយ៉ាង​ធ្ងន់ធ្ងរតាម​បែប​ផ្តាច់ការ។​ ​លោក​បន្ត​ថា​ ​អតីត​អ្នកសារព័ត៌មាន​របស់​វិទ្យុអាស៊ី​សេរី​ទាំង​ពីរ​រូប​នោះ​ ​បាន​ផ្តាច់​ទំនាក់ទំនង​ ​ជាមួយ​វិទ្យុដែល​តែង​ផ្សាយ​ពីភាព​អវិជ្ជមាន​របស់រដ្ឋាភិបាល​កម្ពុជា​មួយ​នេះ​ តាំងតែ​ពី​ពេល​ដែល​ការិយា​ល័យរបស់​អាស៊ីសេរី​នៅ​ភ្នំពេ​ញ​ត្រូវ​បាន​បិទ​ទ្វារ​ ​កាលពី​ដើម​ខែ​កញ្ញា​ ​ដូច្នេះ​លោក​ថា​ ​ការ​ចោទ​ប្រកាន់នេះ​ ​ជាការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​គ្មាន​មូលដ្ឋានទៅ​លើ​សំឡេងឯករាជ្យ។​

លោក​ Rohit Mahajan​ ​បញ្ជាក់​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​ «សកម្មភាព​ដ៏​គួរ​ឲ្យ​រន្ធត់​ទាំងនេះ​ ​បាន​ចាប់ផ្តើម​ជំពូក​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​សៀវភៅ​ដែល​និពន្ធ​ដោយ​លោក​ ​ហ៊ុន សែន​ ​ស្តីពី​ភាព​ភ័យ​ខ្លាច ការរំលោភ​បំពាន និងការ​គំរាម​កំហែង​ដែល​កើត​ឡើង​ប្រឆាំង​នឹង​សំឡេង​ឯករាជ្យ។​ ​ហើយ​សកម្មភាព​ទាំង​នោះ​ដើរ​តួ​ជា​ការ​ក្រើន​រំឭក​ដ៏​ព្រឺព្រួច​ថា​ ​ច្បាប់​នឹង​ត្រូវ​បាន​ប្រើ​ជា​លេស​ដោះសារ​ដ៏​ស្តើង​មួយ​ ដើម្បី​បង្រ្កាប​សារព័ត៌មាន​ ​និង​ការបញ្ចេញមតិ​ដោយ​សេរី​ ​និង​តាម​អំពើ​ចិត្ត​ក្នុង​ពេល​ណា​ក៏​បាន»។​

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដែរ ​ក្លឹប​អ្នក​សារព័ត៌មាន​បរទេស​នៅ​កម្ពុជា​ ​(OPCC)​ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ ​បង្ហាញ​ពីការព្រួយ​បាម្ភ​ថា​ ​ការ​ចោទ​ប្រកាន់​អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ី​សេរី​ទាំង​ពីរ​រូបពីបទ​ចារកម្ម​ ​គឺជាការ​វាយ​ប្រហារ​មក​លើ​សារ​ព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា។​ ក្លឹប​អ្នក​សារ​ព័ត៌មាន​បរទេសនៅ​កម្ពុជា​ ក៏​បានអំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​សេរី​ភាព​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ និង​ដោះ​លែង​អតីត​អ្នកសារព័​ត៌មានទាំង​ពីរ​រូប ប្រសិន​បើ​មិនមាន​ភស្តុតាង​ដាក់​បន្ទុក​ពួកគេ។​

សេចក្តី​ថ្លែងការណ៍​នោះ​បញ្ជាក់​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​ «ការចោទ​ប្រកាន់​ពួកគេ​ថា​បាន​ប្រគល់​ព័ត៌​មាន​ឲ្យ​ទៅ​មហា​អំណាច​បរទេស​មួយ​ដោយ​គ្មាន​ភស្តុតាង​ រដ្ឋា​ភិបាល​កំពុង​ធ្វើ​ឲ្យ​វិស័យ​សារព័ត៌​មាន​ទាំងអស់​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ ​ឬ​ប្រហែល​ជា​ត្រូវ​បាន​អាន​ដោយ​ជន​បរទេស​ ​ក្លាយ​ជា​អំពើ​ឧក្រិដ្ឋ»។​

វិទ្យុ​អាស៊ីសេរី​ជា​សារព័ត៌មាន​ទទួល​ការ​ឧបត្ថម្ភ​ពី​សហ​រដ្ឋ​អាមេរិក​ ​និង​ផ្សាយ​ចេញ​ពី​សហ​រដ្ឋ​អាមេរិក​ ក្នុង​គោល​ការណ៍​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​សិទ្ធិ​មនុស្ស​ ​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពល​រដ្ឋ​ខ្មែរ។​ ​វិទ្យុ​នេះ​ភាគ​ច្រើន​រាយ​ការណ៍​ព័ត៌មាន​ក្នុង​ស្រុក​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ ​នយោបាយ​ ​សេដ្ឋកិច្ច​ ​បញ្ហា​សង្គម​ ​បញ្ហា​ដីធ្លី​ជា​ដើម។​

នៅ​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​នេះ​ ​វិទ្យុ​អាស៊ី​សេរី​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ប្រកាស​ថា​ ​ខ្លួនផ្អាក​ដំណើរ​ការ​ការិយា​ល័យ​ព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ​មួយ​រយៈ​ទាំង​បង្ខំ។​ ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​នោះ​ ​វិទ្យុ​អាស៊ីសេរី​ចោទ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​ទុក្ខ​បុកម្នេញ​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ​ ​និង​គូ​បដិបក្ខ ​នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨។​

ក្រោយ​ការ​ប្រកាស​ផ្អាក​ដំណើរ​ការ​ការិយាល័យ​នៅ​ភ្នំពេញ​ ​ក្រសួង​ព័ត៌មាន​ក៏​បាន​ប្រកាស​ថា​ ​អ្នក​សារ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ទាំង​អស់​នឹង​ត្រូវ​ចាប់​ខ្លួន​ ​ប្រសិន​បើ​ពួក​គេ​នៅ​បន្ត​ចុះ​យក​ព័ត៌មាន​ និង​រាយ​ការណ៍​ពី​ប្រទេស​កម្ពុជា៕

រូបថតឯកសារ៖ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូប ដែល​ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​ (រូបថត​ទាញ​ពី​ទំព័រ​ហ្វេសប៊ុក COMFREL) 





Previous Post
Next Post

post written by:

0 ความคิดเห็น: