អ្នកវិភាគនយោបាយ និងអង្គការសង្គមស៊ីវិល ទះក្បាលបន់ឌឹតគ្រៀវជ្រូក សុខ ទូច ថារំលោភបំពានច្បាប់និងសិទ្ធិមនុស្សរឿងថាប្រជាពលរដ្ឋមានអំណាចតែពេលបោះឆ្នោត!-Analyze said bandit Sok touch abuse law
អ្នកវិភាគនយោបាយ និងអង្គការសង្គមស៊ីវិល លើកឡើងថា ប្រធានរាជបណ្ឌិត្យសភា (រហ័សនាម បន់ឌឹតគ្រៀវជ្រូក) លោក សុខ ទូច បានរំលោភច្បាប់រដ្ឋធម្មនុញ្ញ និងរំលោភសិទ្ធិមនុស្ស។ ការលើកឡើងនេះ បន្ទាប់ពីលោកសុខ ទូច បានលើកឡើងថា ប្រជាពលរដ្ឋមានសិទ្ធិតែក្នុងអំឡុងពេលបោះឆ្នោត។
អ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិល សម្ដែងការសោកស្ដាយ និងបានប្រតិកម្មចំពោះប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ដែលបានថ្លែងថា ប្រជាពលរដ្ឋមានសិទ្ធិអំណាចតែពេលបោះឆ្នោតប៉ុណ្ណោះ។
អ្នកវិភាគនយោបាយជើងចាស់លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការលើកឡើងរបស់ លោក សុខ ទូច គឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងរំលោភសិទ្ធិមនុស្ស ព្រោះលោកបានបំបាត់សិទ្ធិរបស់ប្រជាពលរដ្ឋ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថា ប្រជាពលរដ្ឋគឺជាម្ចាស់អំណាច ជាប្រភពនៃសេចក្ដីសម្រេចនានា។ នៅក្នុងបុព្វកថារដ្ឋធម្មនុញ្ញ បានសរសេរថា យើងជាប្រជាពលរដ្ឋខ្មែរមានឆន្ទៈមោះមុត កំណត់នៅការគ្រប់គ្រងរដ្ឋដែលមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ៖ «គេជាម្ចាស់អំណាច ហើយគេប្រគល់អំណាចទៅអោយតំណាងរបស់គេ ដូច្នេះតំណាងនោះមិនមែនយកទៅជារបស់ខ្លួនរហូតនោះទេ។ តាមពិតគេអោយខ្ចីប្រើតែ ៥ឆ្នាំទេ ហើយគេតាមមើលទៀត។ តាមពិតការបោះឆ្នោតម្តងៗគឺអ្នកឈរឈ្មោះបោះឆ្នោតត្រូវទៅសុំស៊ីឈ្នួលបម្រើរបស់ប្រជាពលរដ្ឋ។ពួកគេត្រូវយកអំណាចរបស់ប្រជាពលរដ្ឋមកធ្វើច្បាប់ និងសេចក្ដីសម្រេចនានា ដើម្បីគ្រប់គ្រងរដ្ឋ»។
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក សុខ ទូច បានថ្លែងក្នុងវេទិកាតុមូលស្ដីពី «ដំណើរការប្រជាធិបតេយ្យក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ» ដែលរៀបចំធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ថា ក្រោយការបោះឆ្នោត សិទ្ធិសម្រេចទាំងអស់ នឹងត្រូវប្រគល់ឲ្យអ្នកនយោបាយដែលបានជាប់ឆ្នោត។ លោកបន្ថែមថា ប្រជាធិបតេយ្យអំណាចប្រជាជន គឺអំណាចនៅពេលដែលបោះឆ្នោត ចប់ពីបោះឆ្នោត គឺមិនអាចមានអំណាចអីទៀតទេ។ បើអំណាចគ្រប់តែគ្នា តើមានពេលណាដែល ដឹកនាំ។
ការលើកឡើងរបស់លោក សុខ ទូច បែបនេះ គឺបន្ទាប់ពីតុលាការកំពូលបានរំលាយគណបក្ស សង្គ្រោះជាតិ និងហាមឃាត់មន្ត្រីគណបក្សប្រឆាំង១១៨រូបមិនអោយធ្វើនយោបាយ ៥ឆ្នាំតាម បណ្ដឹងរបស់ក្រសួងមហាផ្ទៃ ទោះបីជាគណបក្សនេះ មានអ្នកគាំទ្រប្រមាណពាក់កណ្ដាលប្រទេស ក្ដី។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានពន្យល់បន្ថែមថា ដោយសារតែពលរដ្ឋមិនមែនមានសិទ្ធិអំណាចត្រឹមពេលបោះឆ្នោតនោះហើយ ទើបក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិផ្សេងៗ បានចែងថា ពលរដ្ឋគ្រប់មានសិទ្ធិជួបជុំ ប្រមូលផ្តុំ បញ្ចេញមតិដើម្បីបង្ហាញ និងកែតម្រូវអ្នកនយោបាយដែលជាប់ឆ្នោត៖ «មិនមែនគេប្រឆាំងទេ គឺគេកែតម្រូវ គេដាស់តឿនថា ខ្លួនឯងឥឡូវនេះចាត់វិធានការខុសច្បាប់ហើយ អ៊ីចឹងហើយបានជាប្រទេសប្រជាធិបតេយ្យគេមានប្រជាមតិ ហើយយើងមានសមាជជាតិមួយដែរ តែយើងមិនធ្វើវា។ ប្រសិនបើធ្វើប្រជាមតិ គេនឹងពិនិត្យមើលការងាររបស់រដ្ឋាភិបាលមួយឆ្នាំម្តង ហើយគេនឹងទិតៀនទៅវិញ»។
អាស៊ីសេរី មិនអាចសុំការបកស្រាយពីអ្នកនាំពាក្យ គ.ជ.ប លោកហង្ស ពុទ្ធា បានទេ នៅថ្ងៃទី២៥ ខែវិច្ឆិកា ដោយលោកថា មានបញ្ហាសុខភាព។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ បានចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាព នយោបាយ បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ ហើយសេចក្ដីស្នើ ឬកង្វល់របស់ប្រជាពលរដ្ឋត្រូវទទួល បានការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
រីឯមន្ត្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស ក៏មិនយល់ស្របទៅនឹងទស្សនៈរបស់លោក សុខ ទូចដែរ។ លោកថា ទស្សនៈបែបនេះ ផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យសកល ដែលអនុញ្ញាតឲ្យពលរដ្ឋចូលរួមតាមដានសកម្មភាពរដ្ឋាភិបាល។ លោកបន្ថែមថា ប្រជាពលរដ្ឋ អាចសំដែងក្ដីបារម្ភ ឬកង្វល់នានាទៅកាន់រដ្ឋាភិបាល តាមរយៈតំណាងរាស្ត្ររបស់ពួកគាត់។ ជាមួយនេះ ពលរដ្ឋក៏មានសិទ្ធិចូលរួមបោះឆ្នោត និងឈឈ្មោះឲ្យ គេបោះឆ្នោតបានថែមទៀតផង៖ «នៅក្នុងផ្លូវច្បាប់ប្រជាពលរដ្ឋមិនមែនមានសិទ្ធិត្រឹមតែប៉ុណ្ណឹងទេ គឺមានសិទ្ធិសម្ដែងមតិតាមតំណាងរបស់ខ្លួន ហើយនៅក្នុងសភាគេមានសម័យប្រជុំពេញអង្គរបស់គេ អ៊ីចឹងគេប្រជុំចប់នោះ គេវិស្សមកាល ហើយតំណាងរាស្ត្ររបស់ខ្លួនឯងនឹងចុះទៅមូលដ្ឋានដើម្បីទទួលយកនូវមតិយោបល់ ឬសំណូមពរទាំងឡាយរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីដឹងអំពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនោះមកដោះស្រាយ មកបង្ហាញ»។
ការលើកឡើងរបស់លោក សុខ ទូច ក៏ផ្ទុយនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ លោក ហ៊ុន សែន ធ្លាប់ក្រើនរម្លឹកឲ្យមន្ត្រីរាជការទាំងអស់ ត្រូវដឹងខ្លួនឯងថា គឺជាអ្នកបម្រើ ឬជាខ្ញុំបម្រើរបស់ប្រជាពលរដ្ឋ ហើយត្រូវចាត់ទុកប្រជាពលរដ្ឋជាម្ចាស់របស់ខ្លួន ដែលត្រូវយកចិត្ត ទុកដាក់បម្រើឲ្យល្អ និងឲ្យប្រជាពលរដ្ឋ សប្បាយចិត្តតាមរយៈការបំបាត់ចោលនូវភាពអសកម្ម និង អំពើពុករលួយជាដើម។
អ្នកវិភាគលើកឡើងថា ជាការពិត បើកាលណាគេនិយាយពីសង្គមប្រជាធិបតេយ្យ គេនឹងស្រមៃដល់ប្រទេសមួយ ដែលសិទ្ធិ និងអំណាចស្ថិតក្នុងកណ្តាប់ដៃប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើវាសនាប្រទេសជាតិ។ បើកាលណាគេនិយាយពីសិទ្ធិ និងអំណាចក្នុងកណ្ដាប់ដៃប្រជាពលរដ្ឋ គេនឹងស្រមៃដល់នីតិរដ្ឋ ដែលជាមូលដ្ឋានគ្រឹះក្នុងការធានាដល់ការប្រើប្រាស់សិទ្ធិ និងអំណាចនោះ។ បើកាលណាគេនិយាយពីនីតិរដ្ឋ គេនឹងស្រមៃដល់ប្រព័ន្ធនយោបាយមួយដែលបានរៀបចំរចនាសម្ព័ន្ធនៃស្ថាប័ននយោបាយដ៏ល្អឥតខ្ចោះ ដើម្បីទ្រទ្រង់នីតិរដ្ឋឲ្យមានប្រសិទ្ធភាព។ បើកាលណាគេនិយាយពីការរៀបចំប្រព័ន្ធនយោបាយ និងស្ថាប័ននយោបាយ គេនឹងស្រមៃដល់ការចូលរួមគិតគូរយ៉ាងសកម្មក្នុងកិច្ចការនយោបាយ និងសង្គមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប។ បើកាលណាគេនិយាយពីការចូលរួមក្នុងកិច្ចការនយោបាយរបស់ប្រជាពលរដ្ឋ គេនឹងស្រមៃថា ប្រជាពលរដ្ឋជាអ្នកមានការចេះដឹងជ្រៅជ្រះ និងមានការអប់រំខ្ពស់ខ្ពស់។ នេះហើយជាប្រជាធិបតេយ្យ ដែលជាមាគ៌ាក្នុងការអភិវឌ្ឍប្រទេសជាតិដោយកម្លាំងពលរដ្ឋទាំងអស់គ្នា៕
ប្រភព៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: