วันศุกร์ที่ 10 พฤศจิกายน พ.ศ. 2560

តើការការខិតខំគ្រប់វិធីរបស់បុរសខ្លាំងតេជោហ៊ុន សែន ក្នុងការអូសទាញមន្ត្រីគណបក្សប្រឆាំងមកចុះចូលជាមួយខ្លួនមានប្រសិទ្ធភាពប៉ុណ្ណាដែរ? បទវិភាគដោយ លោក ជុន ច័ន្ទបុត្រ


តើការការខិតខំគ្រប់វិធីរបស់បុរសខ្លាំងតេជោហ៊ុន សែន ក្នុងការអូសទាញមន្ត្រីគណបក្សប្រឆាំងមកចុះចូលជាមួយខ្លួនមានប្រសិទ្ធភាពប៉ុណ្ណាដែរ? បទវិភាគដោយ លោក ជុន ច័ន្ទបុត្រ

អតីត​កម្មាភិបាល​ខ្មែរក្រហម ហើយ​ដែល​ឡើង​កាន់​អំណាច​ដោយ​ការ​លើក​បន្តុប​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ លោក ហ៊ុន សែន បាន​បោះពួយ​គំរាមកំហែង​ផង និង​អំពាវនាវ​ផង​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គ្រប់​លំដាប់​ថ្នាក់​ចុះ​ចូល​ជាមួយ​នឹង​លោក។ មេដឹកនាំ​ដែល​កាន់​អំណាច​ជាង ៣០​ឆ្នាំ​យូរ​ជាង​គេ​ក្នុង​ពិភពលោក​រូប​នេះ ប្រាកដ​ក្នុង​ចិត្ត​ណាស់​ថា តុលាការ​កំពូល​នឹង​ចេញ​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ហាម​មិន​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​ជាង ១០០​នាក់ ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​ទៀត​ផង។

តើ​ការ​ការ​ខិតខំ​គ្រប់​វិធី​របស់​លោក ហ៊ុន សែន ក្នុង​ការ​អំពាវនាវ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​មក​រួម​រស់​ក្រោម​ទង់​ទេវតា​របស់​លោក​នោះ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​ដែរ?
នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ  តុលាការ​កំពូល​នឹង​បើក​សវនាការ​លើ​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ដែល​ស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ដក​សិទ្ធិ​មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​នេះ លែង​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ តាម​ការ​ចង្អុល​បង្ហាញ​ពី​លោក ហ៊ុន សែន។

​បើ​ទោះ​ជា​បី​ជា​ច្បាប់​ចែង​ថា អំណាច​ទាំង​បី​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បែងចែក​ដាច់​ដោយ​ឡែក​ពី​គ្នា​ក៏ដោយ ក៏​លោក ហ៊ុន សែន ហ៊ាន​ភ្នាល់​ដាក់​ជីវិត​ថា តុលាការ​ផុត​លេខ​មួយ​នេះ នឹង​ចេញ​សាលដីកា​សម្រេច​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ដោយ​ជៀស​ពុំ​រួច។ លោក​ហ៊ាន​អះអាង​បែប​នេះ​ដោយ​សំអាង​ថា ក្រសួង​មហាផ្ទៃ មាន​មេធាវី មាន​ភស្តុតាង​គ្រប់គ្រាន់ បញ្ជាក់​ពី​ទោសកំហុស​បក្ស​សង្គ្រោះ​ជាតិ ដែល​សមតែ​នឹង​រលាយ។

ក្នុង​នាម​ជា​មេដឹកនាំ​រដ្ឋាភិបាល​ផុត​កំពូល លោក​ថែម​ទាំង​ជំរុញ​អោយ​ពលរដ្ឋ​លេងល្បែង​ភ្នាល់​គ្នា “ចាក់​មួយ​សង​មួយ​រយ” ហើយ​លោក​ជា​អ្នក​ចេញ​លុយ​ផង ក្នុង​ការ​ភ្នាល់​គ្នា ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ ឬ​មិន​រំលាយ ដោយ​លោក​ចាក់​ខាង​រំលាយ​ទៀត​ផង។

ប្រសិនបើ​ពលរដ្ឋ​ផ្អើល​នាំគ្នា​ភ្នាល់​ល្បែង​រំលាយ​គណបក្ស​ប្រឆាំង ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សង្គម​ប្រជាធិបតេយ្យ តាម​ការ​ពន្យុះ​របស់​លោក ហ៊ុន សែន មែន​នោះ អ្នក​ដែល​ចូល​លេង​ភាគ​ច្រើន ច្រើន​តែ​ខូច​បង់ទ្រព្យ​សម្បត្តិ និង​អបយស​ពុំខាន។ តាម​គំរូ​ដែល​ធ្លាប់​មាន​ពី​មុន​មក អ្នក​ដែល​ចូល​លេងល្បែង​ជាមួយ​លោក ហ៊ុន សែន មិន​ដែល​ឈ្នះ​ទេ ដ្បិត​គឺ​លោក ហ៊ុន សែន ខ្លួន​ឯង​តែម្តង​ដែល​ជា​អ្នកបង្កើត​លក្ខខណ្ឌ​ក្នុង​ការ​លេងល្បែង​នេះ​ផង ជា​មេ​ស៊ីសង​ផង ហើយ​ជួនកាល លោក​ក៏​ដើរតួ​ជា​អ្នក​បង្ក្រាប​ល្បែង​ផង។  ល្បែង​ដែល​មាន លោក ហ៊ុន សែន ជា​មេ​ស៊ីសង​កន្លង​មក អ្នក​ចាក់​ខុស ក៏​លោក​ស៊ី អ្នក​ចាក់​ត្រូវ​ក៏​លោក​មិន​សង។

ថ្វីត្បិត​តែ​លោក​អាច​ស៊ី​រះ​ទាំង​ត្រូវ ឬ​ខុស ដោយ​រំលាយ​គណបក្ស​ប្រឆាំង តាម​ច្បាប់​កែប្រែ​ថ្មី​ដែល​លោក​បញ្ជា​អោយ​ធ្វើ​យ៉ាង​ណា​ក៏ដោយ​ចុះ លោក ហ៊ុន សែន  ក៏​ហាក់​នៅ​ខិតខំ​រក​វិធី​ទន់ភ្លន់​និយាយ​បញ្ចុះបញ្ចូល​ថា លោក​អាណិត​អ្នក​បម្រើ​រាស្ត្រ ទើប​លោក​សម្រេច​បើក​ទ្វារ​បក្ស​របស់​ខ្លួន​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ចុះចូល​ដោយ​សន្យា​ថា នឹង​រក្សា​តំណែង​មិន​ឲ្យ​របូត​ឡើយ។ ​ក៏ប៉ុន្តែ​ប្រហែល​ជា​វិធីសាស្ត្រ​ទន់​ភ្លន់​អូសទាញ​របស់​លោក មិន​សូវ​ជា​បាន​ផល​ដូច​លោក​គ្រោង​ទុក​ហើយ បាន​ជា​ទីបំផុត​លោក​ក៏​បញ្ចេញ​ចរិត​ហ៊្សីន [ចរិត​ដើម] (Origin) ពី​កំណើត​របស់​លោក។

​លោក ហ៊ុន សែន ថ្លែង​ដូច្នេះ៖ «គេ​អោយ​ខ្លួន​មាន​ឱកាស​ហើយ គេ​ដាក់​ជណ្ដើរ​អោយ​ខ្លួន​ឡើង​ហើយ ខ្លួន​មិន​ឡើង​ទេ ចុះ​នរក​ក៏​ចុះ​ទៅ! មិន​មក​ទេ​មុខ​ដូច​ម៉ែ​អញ​ហ្អេ!»។

​ទោះជា​យ៉ាង​ណា​ក៏ដោយ​ចុះ ការ​អំពាវនាវ​របស់​បុរស​ខ្លាំង​ឲ្យ​គេ​ចុះចូល​នេះ ជា​យុទ្ធសាស្ត្រ​ដែល​លោក​ធ្លាប់​ប្រើ​បាន​ជោគជ័យ​យ៉ាង​តិច​ណាស់​បី​បួន​ដង​រួច​ទៅ​ហើយ។ លើក​ទី​១ គឺ​ជា​ការ​អំពាវនាវ​ឲ្យ​មន្ត្រី​បក្ស​ហ្វ៊ុនស៊ិនប៉ិច ចុះ​ចូល​បន្ទាប់​ពី​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម ថ្ងៃ ៥-៦ កក្កដា ឆ្នាំ​១៩៩៧។ កាល​នោះ​លោក​បាន​លើក​អ្នក​ក្បត់​នឹង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មួយ​ចំនួន​ធំ អោយ​កាន់​តំណែង​ច្រើន​ស្អេកស្កះ រាប់​ចាប់​តាំង​ពី​អនុរដ្ឋលេខាធិការ រហូត​ដល់​នាយករដ្ឋមន្ត្រី។

​លើក​ទី​២ ក្នុង​អំឡុង​ឆ្នាំ​១៩៩៨ លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​កងទ័ព​ខ្មែរក្រហម វិល​ចូល​មក​រួម​រស់​ក្នុង​សង្គម​ជាតិ​វិញ ក្រោម​រូបភាព​រក្សា​តំណែង និង​តួនាទី​ដដែល។ ដោយ​ឯកោ​នៅ​ក្រៅ​ច្បាប់ និង​លែង​បាន​ទទួល​ជំនួយ​ពី​បរទេស​ផង​នោះ ខ្មែរ​ក្រហម​តំបន់​ប៉ៃលិន ដឹកនាំ​ដោយ​អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​ក្រហម គឺ​លោក អៀង សារី បាន​ដឹកនាំ​កម្លាំង​រាប់​ពាន់​នាក់​ចុះចូល ដោយ​លោក ហ៊ុន សែន ទៅ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​អោយ​លើកលែងទោស ព្រមទាំង​ប្រគល់​តំបន់​ប៉ៃលិន ឲ្យ​គ្រប់គ្រង​ថែម​ទៀត។

លោក​ក៏​ធ្លាប់​រំលាយ​គណបក្ស​២​ផ្សង​ទៀត គឺ​គណបក្ស​ជាតិ​ខ្មែរ របស់​លោក សម រង្ស៊ី និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា (BLDP) របស់​លោកតា សឺន សាន  ដោយ​ប្រើ​វិធី​ស្រដៀង​គ្នា​នេះ​ដែរ។

ទោះ​ជា​បែប​ណា​ក្តី ការ​អំពាវនាវ​លើក​នេះ ទំនង​ជា​មិន​សូវ​មាន​ប្រសិទ្ធភាព​ដូច​លើក​មុន​នោះ​ទេ។ លោក ហ៊ុន សែន ខំ​អំពាវនាវ​ទាំង​ថ្ងៃ​បុណ្យទាន ឲ្យ​គេ​ចុះចូល ដោយ​លោក​និយាយ​រឹង​ផង ទន់​ផង អង្វរ​ផង សន្យា​ផ្ដល់​ក្តី​មេត្តា​ផង  ប៉ុន្តែ​មាន​សកម្មជន និង​មន្ត្រី​ថ្នាក់​ក្រោម​របស់​សង្គ្រោះ​ជាតិ មិន​ដល់ ១០០​នាក់​ផង​ដែល​លោក​អូសទាញ​បាន​មក​ទល់​នឹង​ពេល​នេះ។ សំឡេង​ចុះចូល​នេះ​តិច​ណាស់ បើ​ធៀប​នឹង​សំឡេង​ឆ្នោត​ដែល​ពលរដ្ឋ​បោះ​ឲ្យ​បក្ស​ប្រឆាំង​ប្រមាណ​ជាង ៣​លាន​សន្លឹក។

មេ​បក្ស​កាន់​អំណាច​ថែម​ទាំង​អំពាវនាវ​ជាថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ដើម្បី​បើក​ផ្លូវ​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​ចូល​រួម​ទៀត។ ប៉ុន្តែ​លទ្ធផល​គឺ​ស្ងាត់​ឈឹង ស្ងាត់​ទាល់តែ​មែន​ទែន។ គ្មាន​ទេ​ចលនា​ចូល​បក្ស​កាន់​អំណាច​ចេញ​ពី​បក្ស​ទាំង​ហ្វូងៗ ប៉ុន្តែ​មាន​ចលនា​នៅ​ស្ងៀម និង​ចលនា​ប្រឆាំង​តប​នឹង​ការ​អំពាវនាវ​នេះ​យ៉ាង​ខ្លាំង​ក្លា​ទៅ​វិញ។ ក្រៅ​ពី​នោះ មាន​មន្ត្រី​ថ្នាក់​ក្រោម​របស់​គណបក្ស​សង្គ្រោះ​ជាតិ  ប្រកាស​ថ្កោលទោស​លិខិត​ក្លែងក្លាយ​មួយ​ចំនួន​ផង។

​ការណ៍​ដែល​មិន​សូវ​មាន​ចលនា​ចូល​បក្ស​កាន់អំណាច​ទាំង​ក្រុមៗ​នោះ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ។ មាន​មូលហេតុ​មួយ​ចំនួន​បាន​បន្សាប​ទឹក​មាត់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​អំពាវនាវ​នេះ។

មូលហេតុ​ដំបូង គឺ​គំរូ​អ្នក​ជំនាន់​មុន​ដែល​ក្បត់​ម្ចាស់​ខ្លួន ក្បត់​ឆន្ទៈ​រាស្ត្រ​ទៅ​ចុះចូល​ជាមួយ​លោក ហ៊ុន សែន តែ​ចុង​ក្រោយ​លទ្ធផល​ភាគ​ច្រើន​ជាប់​គុក ឬ​ក៏​បាត់​ឈ្មោះ​បោះ​សំឡេង​អសោច​កេរ្តិ៍។

អតីត​នាយករដ្ឋមន្ត្រី​ទី​១ លោក អ៊ឹង ហ៊ួត  មន្ត្រី​ជាន់​ខ្ពស់​ហ្វ៊ុនស៊ិនប៉ិច លោក ទន់ ចាយ  លោក ឌួង ខែម លោក អ៊ុង ផន មិន​ត្រូវ​បាន​បក្ស​កាន់​អំណាច​ផ្ដល់​តំណែង​អ្វី​ទៀត​ទេ បន្ទាប់​ពី​បោះឆ្នោត​ឆ្នាំ​១៩៩៨ រួច។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អូសទាញ​មក​បម្រើ​ផលប្រយោជន៍​លោក​តែ​មួយ​ភ្លែត​ក៏​បោះបង់ចោល​ទៅ។

លោក ងួន សឿ អ្នក​បំបែក​គណបក្ស​ជាតិខ្មែរ របស់​លោក សម រង្ស៊ី បាត់​មុខ​ពី​ពិភព​គុន។ លោក ស៊ុត ឌីណា អតីត​យុវជន​បក្ស សម រង្ស៊ី ត្រូវ​បាន​ជាប់​គុក​ក្រោម​បទ​ចោទ​ប្រព្រឹត្ត​អំពើ​ពុករលួយ ខណៈ​ដែល​អតីត​មេទ័ព​ដ៏​ល្បីល្បាញ និង​ជា​ឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ ជាប់​គុក​ពី​បទ​ចោទ​ទាក់ទង​នឹង​គ្រឿងញៀន។

អ្នក​ដែល​ក្បត់​បក្ស ហើយ​ដែល​អាច​នៅ​មាន​វត្តមាន​ជាមួយ​លោក ហ៊ុន សែន មួយ​ចំនួន​តូច ក៏​លោក​អោយ​តំណែង​ត្រឹមតែ​ជា​សត្វ​សេក ឬ​ក៏​​ជា​តំណែង​ដែល​ចាំ​តែ​ទប់​ជើង​កៅអី​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

​មូលហេតុ​បន្ទាប់​នោះ គឺ​និន្នាការ​របស់​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ៦​លាន​នាក់​កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ ក្រុម​ប្រជាពលរដ្ឋ​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ឧបករណ៍​សម្រាប់​រិះគន់​ទង្វើ​មិន​ត្រឹមត្រូវ​ទាំង​ឡាយ។ អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ចាំ​មើល​ថា​តើ​អ្នក​ណា​ចូល​បក្ស​កាន់​អំណាច នឹង​អាល​ជេរ​អ្នក​នោះ។ ដូច្នេះ​ហើយ បើទោះជា​មនុស្ស​ឆ្លៀត​ឱកាស​មួយ​ចំនួន​ចង់​ចុះចូល​ក៏​ពិបាក​នឹង​ហ៊ាន​ចេញ​មុខ​ចេញ​មាត់​ធំដុំ​នោះ​ដែរ។

កត្តា​ចុងក្រោយ គឺ​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់​ខ្លួនឯង​តែម្តង។ គេ​អាច​នឹង​ពិបាក​ជឿ​ណាស់ ថា​តើ​ការសន្យា​របស់​លោក​នាយករដ្ឋមន្ត្រី​ពិត ឬ​អត់? លោក​ធ្លាប់​សន្យា​ថា នឹង​កាត់​ក្បាល​ចោល បើសិនជា​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​មិន​បាន ប៉ុន្តែ​តាម​របាយការណ៍​ពី​សង្គម​ស៊ីវិល​នានា បង្ហាញ​ថា បទល្មើស​ព្រៃឈើ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​ឈើ​ខ្មែរ​ក៏​ហិនហោច​លឿន​ទៅ​ទៀត។ លោក​ក៏​ប្រកាស​កម្ចាត់​គ្រឿងញៀន  បោសសំអាត​អំពើ​ពុករលួយ និង​កែទម្រង់​ស៊ីជម្រៅ ប៉ុន្តែ​លទ្ធផល​នៅ​គ្មាន​កោះ​គ្មាន​ត្រើយ​សោះ។  អាជ្ញាធរ​គ្រឿងញៀន​បញ្ជាក់​ថា អ្នក​ប្រើ​គ្រឿងញៀន​កើន​ឡើង អង្គការ​តម្លាភាព​បង្ហាញ​ថា តួលេខ​ពុករលួយ​មិន​ប្រែប្រួល ខណៈ​ដែល​គណៈរដ្ឋមន្ត្រី​កាន់​តែ​មាន​ក្បាល​ធំ​ជាង​ខ្លួន។

សរុប​សេចក្ដី​ទៅ ផ្អែកលើ​គំរូ​អ្នក​មុន បូករួម​នឹង​ការ​ប្រព្រឹត្ត​កន្លង​ទៅ​របស់​នាយករដ្ឋមន្ត្រី​ខ្លួន​ឯង​ផង ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ពេល​តុលាការ​កំពូល​សម្រេច​វាសនា​លើ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ក៏​រហូត​ពេល​បោះឆ្នោត​ឆ្នាំ​២០១៨ ចលនា​ងាក​មក​ចុះចូល​ជាមួយ​លោក ហ៊ុន សែន ទំនង​ជា​នឹង​មិន​អាច​កើត​មាន​ធំដុំ​ទេ។  សកម្មជន​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ប្រកាន់​ជំហរ​កណ្ដាល គឺ​រង់ចាំ​តែ​ការ​បោះឆ្នោត​ប៉ុណ្ណោះ។ លទ្ធផល​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នឹង​បង្ហាញ​កាន់​តែ​ច្បាស់​ថា ទង្វើ​ដែល​រាជរដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ស្រប​តាម​ឆន្ទៈ​រាស្ត្រ ឬ​ក៏​អត់?







ប្រភព៖ វិទ្យុអាស៊ីសេរី 
Previous Post
Next Post

post written by:

0 ความคิดเห็น: