បែកធ្លាយរលាយរលត់ទៀតហើយ! លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលជម្រុះ បានទម្លាយរឿងគួរអោយភ្ញាក់ផ្អើលថា មានមន្រ្តីរបស់បក្សស៊ីភីភីជិត ៣០០នាក់ មានលុយកាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ផ្ញើនៅធនាគារក្រៅប្រទេស!!
លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលជម្រុះ បានថ្លែងប្រាប់អោយដឹងថា មានមន្រ្តីរដ្ឋាភិបាលរបស់បក្សស៊ីភីភីប្រមាណជាជិត ៣០០នាក់ ដែលកំពុងមានលុយតម្កល់ និងផ្ញើទុកនៅធនាគារនៅក្រៅប្រទេស ។
លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បានបញ្ជាក់ថា ក្រុមមន្រ្តីទាំងនោះគឺមានលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបានតម្កល់ទុកនៅក្រៅប្រទេស ហើយប្រសិនបើអាមេរិក ឬក៏ក្រុមលោកខាងលិចមិនអោយរដ្ឋាភិបាលហ៊ុនសែន ចូលប្រទេសគេដោយសាររឿងរំលាយ គណបក្សសង្រ្គោះជាតិ នោះនឹងប៉ះពាល់យ៉ាងខ្លាំងដល់មន្រ្តីបក្សស៊ីភីភីទាំងនោះ ដែលកំពុងមានលុយតម្កល់ទុកនៅក្រៅប្រទេស ។
លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បានអះអាងសង្កត់ទៀតថា លោកដឹងរឿងរ៉ាវច្រើនជាងនេះទៅទៀត ដែលក្រុមបក្សពួករបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានធ្វើ។
លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថ្លែងប្រាប់យ៉ាងដូច្នេះថា «ខ្ញុំប្រាប់ណាស់ មុននឹងរលាយ ពិចារណាម្ដងទៀត សូមអោយសម្ដេចនាយកហ៊ុន សែនពិចារណាម្ដងទៀត អាលាយណាខ្ញុំប្រាប់ ច្រើនណាស់ អ្នកទទួលរង់គ្រោះដោយសារសម្ដេចនាយកហ៊ុន សែន ច្រើនណាស់ មានលុយច្រើន ណាស់នៅបរទេសជិត៣០០នាក់បាទ» ។
ការថ្លែងលើកឡើងរបស់លោកព្រឹទ្ធាចារ្យ លឺ ឡាយ ស្រេង បែបនេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយនឹង វិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅខណៈដែលលោកកំពុងស្នាក់នៅក្រៅប្រទេសនៅឡើយ ទាំងមានបណ្ដឹងប្ដឹងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅឯកម្ពុជា ជុំវិញករណីការជេរប្រមាទអង្គព្រះមហាក្សត្រ ។
នៅក្នុងបទសម្ភាសន៍នេះ លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បានអំពាវនាវទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ម្ដងទៀតថា ត្រូវពិចារណាអោយបានហ្មត់ចត់លើរឿងនេះ ប្រសិនណាបើមិនចង់អោយមានបញ្ហាដល់កូនចៅ និងបក្សពួករបស់ខ្លួន និងប្រជាពលរដ្ឋខ្មែរទេនោះ ។ ថ្វីបើលោកព្រឹទ្ធាចារ្យបានអះអាងថា មានមន្រ្តីបក្សស៊ីភីភីជិត ៣០០នាក់ ដែលមានលុយផ្ញើនៅក្រៅប្រទេសក៏ដោយ ប៉ុន្តែលោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង មិនបានបញ្ជាក់អោយចំឈ្មោះនៃមន្រ្តីរបស់បក្សស៊ីភីភីណាម្នាក់នោះទេ ។
យ៉ាងណាក៏ដោយ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមអ្នកលេងហ្វេសប៊ុក ដែលមានលោក ម៉ែន ណាត រស់នៅក្រៅប្រទេសនោះ ធ្លាប់បានបង្ហោះព័ត៌មាននៅលើហ្វេសប៊ុករបស់លោកប្រាប់ថា កូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺលោក ហ៊ុនម៉ាណែត ក៏មានលុយផ្ញើនៅប្រទេសបារាំងប្រមាណ ជា២០០លានដុល្លារ ។ ប៉ុន្តែការបង្ហោះព័ត៌មាននេះ ត្រូវបានលោកហ៊ុន ម៉ាណែត ច្រានចោល។
ស្ដាប់វីដេអូឃ្លិបរបស់លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថ្លែងបញ្ជាក់បន្ថែមទៀត រឿងថា មានមន្រ្តីរបស់បក្សស៊ីភីភីជិត ៣០០នាក់ មានលុយកាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ផ្ញើនៅធនាគារក្រៅប្រទេស៕
0 ความคิดเห็น: