រដ្ឋសភានឹងបើកសម័យប្រជុំនៅថ្ងៃទី១៧ វិច្ឆិកាដើម្បីជ្រើសតាំងសមាជិកគណៈកម្មការបន្ថែម-NA to convene its9th session on Nov17
រដ្ឋសភានឹងបើកសម័យប្រជុំនៅថ្ងៃទី១៧ វិច្ឆិកាដើម្បីជ្រើសតាំងសមាជិកគណៈកម្មការបន្ថែម
រដ្ឋសភាជាតិ នឹងបើកសម័យប្រជុំលើកទី៩ នីតិកាលទី៥ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកបន្ថែម ២រូបសម្រាប់គណៈកម្មការរដ្ឋសភាសរុបចំនួន ១០គណៈកម្មាការរដ្ឋសភា។ ការបោះឆ្នោតនៅក្នុងសម័យប្រជុំខាងមុខនេះ នឹងក្លាយជារបៀបវារៈដ៏សំខាន់មួយក្នុងចំណោមរបៀបវារៈមួយចំនួនទៀតដែលរដ្ឋសភាគ្រោងនឹងលើកយកមកពិភាក្សា និងអនុម័តនៅក្នុងសម័យប្រជុំនោះ។
កន្លងមកមន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ធ្លាប់ប្រាប់អាស៊ីសេរីថា គណបក្សសង្គ្រោះជាតិ មិនបានដាក់បញ្ជីតំណាងរាស្ត្ររបស់ខ្លួនឲ្យឈរឈ្មោះសម្រាប់ការបន្ថែមសមាជិកគណៈកម្មការជំនាញរដ្ឋសភាទាំង ១០ នេះទេ ដោយលោកលើកហេតុផលថា បក្សប្រឆាំងពុំមានសំឡេងគ្រប់គ្រាន់ដើម្បីបោះឆ្នោតការពារបេក្ខជនដែលខ្លួនដាក់ឲ្យសម័យប្រជុំរដ្ឋសភាជ្រើសតាំងនៅពេលខាងមុខ។
លោក សុន ឆ័យ អះអាងថា គោលបំណងរបស់គណបក្សកាន់អំណាចក្នុងការបន្ថែមចំនួនសមាជិកគណៈកម្មការជំនាញរដ្ឋសភាពី ៩ ទៅ ១១រូប ក្នុងគណៈកម្មការនីមួយៗនេះ គឺដើម្បីឲ្យគណបក្សនេះអាចគ្រប់គ្រងគណៈកម្មការជំនាញរបស់រដ្ឋសភាទាំងអស់តែម្ដង ហើយអាចជ្រើសរើសប្រធានគណៈកម្មការថ្មីជំនួសឲ្យប្រធានគណៈកម្មការជំនាញរដ្ឋសភាមកពីខាងកូតាគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នគណបក្សនេះគ្រប់គ្រងគណៈកម្មការជំនាញសរុបចំនួន៥។
ជាមួយគ្នានេះដែរ រដ្ឋសភាក៏គ្រោងនឹងលើកយកសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ និងសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ មកពិភាក្សា និងអនុម័តផងដែរ។ ក្រៅពីរបៀបវារៈសំខាន់ៗនេះ រដ្ឋសភាក៏គ្រោងនឹងពិភាក្សា និងអនុម័តកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលសិង្ហបុរី ចិន ប្រ៊ុយណេ ដារូសាឡឹម និងថៃ ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: