วันอังคารที่ 28 พฤศจิกายน พ.ศ. 2560

លោកអេង ឆៃអ៊ាង សមាជិក​សភា​គណបក្សសង្គ្រោះជាតិ​ ហៅ​សមាជិក​មក​ពី​គណបក្ស​នយោបាយ​ទាំង៣ដែលបាន​ទទួលយកកៅអី​ថា "ជា​ក្រុម​ចោរ​ប្លន់"!-Opposition MP reaction.


លោកអេង ឆៃអ៊ាង សមាជិក​សភា​គណបក្សសង្គ្រោះជាតិ​ ហៅ​សមាជិក​មក​ពី​គណបក្ស​នយោបាយ​ទាំង៣ដែលបាន​ទទួលយកកៅអី​ថា "ជា​ក្រុម​ចោរ​ប្លន់"!-Opposition MP reaction.

រដ្ឋ​សភា​ដែល​មាន​តែ​ឯក​បក្ស​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​ដើម្បី​ផ្ដល់​សុពលភាព​ឲ្យ​គណបក្ស​នយោបាយ​ចំនួន ៣ ដែល​ទទួល​បាន​ជ័យភណ្ឌ​នៃ​អាសនៈ​ពី​បក្ស​ប្រឆាំង​ជា​ផ្លូវ​ការ​ហើយ។ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដែល​កំពុង​រង​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​ជុំវិញ​រឿង​អាសនៈ​នៃ​រដ្ឋ​សភា​នេះ បង្ហាញ​ព្រះទ័យ​សប្បាយ​ពន់ពេក​ដែល​ទ្រង់​មាន​ឱកាស​អាច​វិល​ទៅ​អង្គុយ​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋ​សភា​ឡើង​វិញ​ដូច​នៅ​ពេល​នេះ។

អតីត​សមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការ​ទៅ​ទទួល​យក​កៅអី​ដែល​ផ្ដល់​អោយ​ដោយ​ការ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​នេះ​ថា "ជា​ក្រុម​ចោរ​ប្លន់​ឆន្ទៈ​ពលរដ្ឋ​បង្ហាញ​មុខ​នៅ​ក្នុង​រដ្ឋ​សភា​ហើយ"។

សារ​យ៉ាង​ខ្លី​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅ​ចំ​ពេល​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ប្រកាស​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​មនុស្ស​ចំនួន ៤៤​រូប ឲ្យ​ក្លាយ​ជា​អ្នក​តំណាងរាស្ត្រ​បន្ត កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ត្រូវ​បាន​លោក អេង ឆៃអ៊ាង ហៅ​សមាជិក​មក​ពី​គណបក្ស​នយោបាយ​ទាំង ៣​នេះ​ថា "ជា​ក្រុម​ចោរ​ប្លន់"។

បើ​ទោះ​ជា​បែប​ណា សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ហាក់​មិន​ខ្វល់​ទៅ​នឹង​ការ​ចំអក ឬ​ការ​រិះគន់​ទាំង​នេះ​ពី​សាធារណជន និង​គណបក្ស​ប្រឆាំង​ឡើយ។ អតីត​ជា​នាយករដ្ឋមន្ត្រី​ទី​១ និង​ជា​អតីត​ប្រធាន​រដ្ឋសភា​ផង សម្ដេច​ក្រុមព្រះ​ប្រាប់​អ្នក​កាសែត​ថា ទ្រង់​មិន​ធ្វើ​សេចក្ដី​សម្រេច​អ្វី​ឡើយ​ក្នុង​ពេល​ចូល​ទៅ​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋ​សភា​លើក​នេះ។ សម្ដេច​ក្រុមព្រះ​បន្ត​ថា អ្វី​ដែល​ទ្រង់​ខ្វល់ខ្វាយ​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​សមាជិក​ទាំង​អស់​ត្រូវ​ធ្វើ​ការ​នៅ​តាម​គោលដៅ​ឲ្យ​បាន​ល្អ​ប៉ុណ្ណោះ។

ផ្ដល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នក​កាសែត​ក្រោយ​ចេញ​ពី​រដ្ឋ​សភា​វិញ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រូប​នេះ​យល់​ឃើញ​ថា ការ​បារម្ភ​បំផុត​នោះ គឺ​ភ័យ​ខ្លាច​សមាជិក​ដែល​មាន​ឈ្មោះ​ត្រូវ​ទទួល​បាន​តំណែង​នៅ​ពេល​នេះ​មិន​ចូល​មក​បង្ហាញ​មុខ​ប៉ុណ្ណោះ៖ «ខ្ញុំ​ភ័យ​ជាង​គេ គឺ​ភ័យ​មិន​ព្រម​អញ្ជើញ​ចូល​មក​ហ្នឹង​ទេ។ បើ​បាន​អញ្ជើញ​ចូល​មក​ទាំង​អស់​គឺ​ជា​ការ​ល្អ តែ​ប៉ុណ្ណឹង​ទេ! ខ្ញុំ​ទទួល​យក​ដោយ​រីករាយ​ជា​ទី​បំផុត»។

មាត្រា​៧៧ នៃ​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​ចែង​ថា តំណាងរាស្ត្រ​នៅ​ក្នុង​រដ្ឋសភា​ជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំង​មូល។

លោក ហ៊ុន សែន ត្រូវ​រង​ការ​រិះគន់​ថា បាន​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ប្រមាណ ៣​លាន​នាក់ ដោយ​មិន​ស្រក់​ឈាម​មួយ​តក់​ឡើយ។ ក្រៅ​ពី​នេះ សមាជិក​ទាំង ៤៤​រូប​ដែល​មក​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បាន​បង្កើត​ចម្ងល់​ជា​ច្រើន​ថា​តើ​អាច​ធ្វើ​ជា​តំណាង​របស់​ពលរដ្ឋ​របៀប​ណា​បើ​ពួក​គាត់​ពុំ​បាន​បោះឆ្នោត​ឲ្យ​ផង​នោះ?

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ពេល​នេះ សមាជិក​ទាំង ៤៤​រូប ត្រូវ​បាន​សភា​ផ្ដល់​សុពលភាព​មែន ក៏​អ្នក​ទាំង​នោះ​មិន​អាច​ធ្វើ​ជា​តំណាង​ឲ្យ​ពលរដ្ឋ​ប្រមាណ ៣​លាន​នាក់​បាន​ដែរ៖ «អ្នក​ទាំង​នោះ​មិន​មែន​ជា​តំណាងរាស្ត្រ​ទេ មិន​ដឹង​ជា​តំណាង​អ្វី​ផង។មិន​ដឹង​ជា​តំណាង​អោយ​អ្នក​ណា ឬ​អ្វី​ផង​ទេ។ បើ​គោលការណ៍​រដ្ឋធម្មនុញ្ញ សួរ​ថា​តំណាង​អី​ត្រូវ​គេ​បោះឆ្នោត​ឲ្យ​ពី​ពេល​ណា?»។

អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ភ្លាមៗ ក្រោយ​ប្រជុំ​សម្រេច​ផ្ដល់​សុពលភាព​ដល់​សមាជិក​ថ្មី​ទាំង ៤៤​រូប។ សេចក្ដី​សម្រេច​របស់​រដ្ឋសភា​នេះ ក្នុង​ពេល​ដែល​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា បាន​អនុម័ត​លើ​សេចក្ដី​សម្រេច​របស់​ខ្លួន​លើ​ការ​បែង​ចែក​អាសនៈ​សភា​ដែល​នៅ​ទំនេរ។

តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា បាន​រំលាយ​បក្ស​ប្រឆាំង​ស្រប​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ។ ទាំង​ចៅក្រម និង​ព្រះរាជអាជ្ញា​នៅ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ គឺ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នោះ​មាន​លោក ឌិត មន្ទីរ គឺ​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​សមាជិក​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ទៀត​ផង។

សារ​សំឡេង​បែក​ធ្លាយ​របស់​លោក ហ៊ុន សែន ថ្មីៗ​នេះ​បញ្ជាក់​ថា នេះ​ជា​គម្រោង​កម្ទេច​បក្ស​ប្រឆាំង​ដោយ​មាន​របៀប និង​អង្គការ​ចាត់​តាំង​ដោយ​ម៉ត់ចត់។ តាម​រយៈ​សារ​នេះ លោក ហ៊ុន សែន ប្រាកដ​ណាស់​ថា នឹង​មិន​អាច​យក​ឈ្នះ​បក្ស​ប្រឆាំង​បាន​ឡើយ បើ​មិន​កម្ចាត់​នូវ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ឲ្យ​បាន​ទេ។ អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ថា ការ​ចោទ​បក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល គឺ​គ្រាន់​តែ​ជា​ល្បិច​លាប​ពណ៌ ងាយ​ស្រួល​ក្នុង​ការ​កម្ទេច​តាម​វិធី​ស្រប​ច្បាប់​ប៉ុណ្ណោះ។

ថ្លែង​នៅ​មុន​ឃាតក​បាញ់​សម្លាប់ កាល​ពី​ឆ្នាំ​២០១៦ នៅ​ប្រទេស​អូស្ត្រាលី លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា មាន​តំណាងរាស្ត្រ​តិចតួច​ណាស់​ដែល​ចូល​ទៅ​ធ្វើ​ការ​នៅ​ក្នុង​សភា​ហើយ​អាច​ជួយ​សម្រេច​​កិច្ចការ​ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា អ្នក​នយោបាយ​ខ្លះ​ដែល​ចូល​ទៅ​អង្គុយ​នៅ​ក្នុង​រដ្ឋសភា​នេះ គឺ​គ្រាន់​តែ​ទៅ​ដើម្បី​បង្គ្រប់​កិច្ច​ឲ្យ​គេ​ប៉ុណ្ណោះ។ មាន​ច្បាប់​ខ្លះ ស្ទើរ​មិន​ពិនិត្យ​ផង ត្រូវ​បាន​សមាជិក​សភា​លើក​ដៃ​អនុម័ត​ក្នុង​មួយ​ប៉ប្រិប​ភ្នែក។

លោក​បន្ត​ថា៖ «ខ្ញុំ​បាន​ធ្វើ​ការ​សិក្សា​យើង​ឃើញ​សភា​នៅ​ប្រទេស​អូស្ត្រាលី​នេះ យើង​ឃើញ​មាន​ការ​ជជែក​គ្នា​ល្អ បាន​ន័យ​ថា បើ​រដ្ឋមន្ត្រី​ម្នាក់ ឬ​នាយករដ្ឋមន្ត្រី​ម្នាក់​ឡើង​ទៅ​ធ្វើ​អ្នកដឹកនាំ ប្រសិន​បើ​គាត់​មិន​មាន​សមត្ថភាព​​ប្រហែល​មិន​អាច​ឆ្លើយ​នឹង​សំណួរ មិន​អាច​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ទេ។ប៉ុន្តែ​ជួល​កាល​សភា​នៅ​ស្រុក​ខ្មែរ​អនុម័ត​ច្បាប់​ត្រឹម​តែ ២១​នាទី អត់​មាន​ការ​ពិភាក្សា​ច្រើន។ ច្បាប់​ខ្លះ​យើង​មើល​ឃើញ​ទាំង​អស់​គ្នា​ទៅ​គ្រាន់​តែ​លើក​ដៃ​ដើម្បី​អនុម័ត​សម្រាប់​គណៈរដ្ឋមន្ត្រី​ប៉ុណ្ណោះ»។

គោលការណ៍​ច្បាប់ រដ្ឋាភិបាល​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​រដ្ឋ​សភា។ សមាជិក​ទាំង ១២៣​អាច​មាន​សិទ្ធិ​ក្នុង​ការ​កោះ​ហៅ​សមាជិក​រដ្ឋាភិបាល និង​នាយករដ្ឋមន្ត្រី មក​សួរ​ដេញដោល​ពី​ភាព​មិន​ប្រក្រតី​នានា ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ដែល​មាន​បញ្ហា។ ប៉ុន្តែ​ផ្ទុយ​ពី​នេះ បច្ចុប្បន្ន រដ្ឋសភា​បែរ​ជា​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​រដ្ឋាភិបាល​ទៅ​វិញ។ រាល់​ពេល​លោក ហ៊ុន សែន ចង់​បាន​អ្វី​ហើយ សមាជិក​រដ្ឋសភា​ទាំង​របស់​បក្ស​កាន់​អំណាច​តែង​ជួយ​បំពេញ​តាម​បំណង​មិន​ដែល​ខកខាន​ម្ដង​ណា​ឡើយ៕

សមាជិកសភារបស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានហៅការទៅទទួលយកកៅអី ដែលផ្ដល់អោយដោយការប្រឹងប្រែង របស់គណបក្សប្រជាជនកម្ពុជា តាមរយៈអំណាចសាលដីកា របស់តុលាការកំពូលនេះ ថាចោរ។










ប្រភព៖ វិទ្យុអាស៊ីសេរី
Previous Post
Next Post

post written by:

0 ความคิดเห็น: