วันพุธที่ 8 พฤศจิกายน พ.ศ. 2560

ស្ត្រីខ្លឹមចៅសង្កាត់​អូរចារ​ កញ្ញាស៊ិន​ ចាន់ពៅរ៉ូហ៊្សេត ប្រកាន់​ជំហរ​ជាថ្មី​ថា​មិន​លក់​ឧត្ដមគតិ​​ទេ​ទោះបី​ជួប​ការ​លំបាក​ក្ដី ! - CNRP cc Rozeth commitment to stay with CNRP


ស្ត្រីខ្លឹមចៅសង្កាត់​អូរចារ​ កញ្ញាស៊ិន​ ចាន់ពៅរ៉ូហ៊្សេត ប្រកាន់​ជំហរ​ជាថ្មី​ថា​មិន​លក់​ឧត្ដមគតិ​​ទេ​ទោះបី​ជួប​ការ​លំបាក​ក្ដី ! - CNRP cc Rozeth commitment to stay with CNRP 

ចៅសង្កាត់​អូរចារ គណបក្ស​សង្គ្រោះជាតិ ក្រុង​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ត្អូញត្អែរ​ថា ចាប់​តាំងពី​កញ្ញា​ចូលកាន់​តំណែង​ជា​ចៅសង្កាត់​មក គឺ​ពុំ​ទាន់​ទទួល​បាន​ថវិកា​របស់​រដ្ឋាភិបាល​ទម្លាក់​មក​ឲ្យ ដើម្បី​យក​ទៅ​អភិវឌ្ឍ​សូម្បីតែ​មួយ​រយ​រៀល​នៅឡើយ​ទេ។ ចៅសង្កាត់​វ័យក្មេង​រូប​នេះ​អះអាង​ថា ថវិកា​ដែល​កញ្ញា​ប្រើប្រាស់​នៅ​ក្នុង​សង្កាត់​សព្វថ្ងៃ បាន​មក​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

ទោះបី​ជា​មាន​ឧបសគ្គ​ការងារ ដោយសារ​គ្មាន​ថវិកា​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​សង្កាត់​យ៉ាង​នេះ​ក្ដី ក៏​ចៅសង្កាត់​អូរចារ បក្ស​ប្រឆាំង​រូប​នេះ ក៏​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត ហើយ​រត់ចោល​ដំបូល​ព្រះអាទិត្យ​ទៅ​ជ្រក​ក្រោម​ដំបូល​ទេវតា​ឡើយ។

ចៅសង្កាត់​អូរចារ​ក្រុង​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា ថា បើ​ទោះ​បី​មួយ​រយៈ​ចុងក្រោយ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាយាម​ទូង​ស្គរ​ប្រកូក​ប្រកាស​ឲ្យ​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់​គណបក្ស​សង្គ្រោះជាតិ ទៅ​ជ្រក​ក្រោម​ដំបូង​ទេវតា​ជាច្រើនលើក​ច្រើន​សា​យ៉ាង​ណា​ក្ដី ក៏​កញ្ញា​នៅតែ​ប្រកាន់​ជំហរ​ថា មិន​លក់​ឧត្ដមគតិ​របស់​ខ្លួន ហើយ​រត់ចោល​ម្ចាស់​ឆ្នោត​ឡើយ។ ផ្ទុយទៅវិញ ចៅសង្កាត់​ជា​ស្ត្រី​រូប​នេះ អះអាង​ថា កាន់​តែ​មាន​កម្លាំងចិត្ត​ទ្វេដង​ក្នុង​ការ​បំពេញ​ការងារ​ជូន​ម្ចាស់​ឆ្នោត ព្រោះ​កន្លងមក​មាន​ពលរដ្ឋ​ជាច្រើន​នាក់ បានផ្ដល់​កម្លាំងចិត្ត​ឲ្យ​ខ្លួន​ធ្វើការ​ទៅ​មុខ​ទៀត៖ «ដូច្នេះ​ខ្ញុំ​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ទោះបី​យើង​គ្មាន​ការងារ​ធ្វើ ទោះបី​យើង​ទៅ​លក់ដូរ​សាមញ្ញ​ធម្មតា ក៏​យើង​មាន​សេចក្ដី​សុខ ជាជាង​យើង​យក​កិត្តិយស​ដែល​ពលរដ្ឋ​បាន​ផ្ដល់​ឲ្យ​យើង​ទៅ​លក់​ឲ្យ​គណបក្ស​ដទៃ ដែល​គាត់​មិនបាន​បោះឆ្នោត​ឲ្យ​នោះ​ទេ។ ទោះបី​ធ្វើការ​មាន​បាន​ផ្ទះ​ធំ​យ៉ាងណាក៏ដោយ​ក៏​មិន​ស្មើ​នឹង​កិត្តិយស​ដែល​ពលរដ្ឋ​បាន​ផ្ដល់​ឲ្យ​យើង​ដែរ»។

ទោះជា​យ៉ាង​នេះ​ក្ដី ការ​ចូល​កាន់​តំណែង​ជា​ចៅសង្កាត់​របស់​កញ្ញា​វ័យក្មេង​រូប​នេះ ក៏​ត្រូវ​ជួប​ឧបសគ្គ​ធំៗ​២ ដែល​ត្រូវ​ដោះស្រាយ​ជាប្រចាំ​ដែរ។ បញ្ហា​ទី​១ គឺ​គ្មាន​ថវិកា​សម្រាប់​អភិវឌ្ឍន៍​នៅ​ក្នុង​មូលដ្ឋាន ហើយ​បញ្ហា​ប្រឈម​មួយទៀត គឺ​រង​សម្ពាធ​ការងារ​ពី​អាជ្ញាធរ​ថ្នាក់លើ ដែល​មិន​បាន​អោយ​តម្លៃ​ដល់​នាង​ជា​ចៅសង្កាត់។ ឧទាហរណ៍​៖ នៅ​ពេល​អាជ្ញាធរ​ត្រូវការ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​នាង មន្ត្រី​ទាំងនោះ​រួមមាន​មន្ត្រី​ថ្នាក់​ក្រុង ខេត្ត រួម​ទាំង​សមាជិកសភា​តំណាងរាស្ត្រ​គណបក្ស​កាន់អំណាច​គឺ​លោក ឈាង វុន ផង តែង​ធ្វើ​ទុក្ខបុកម្នេញ ដល់​ចៅសង្កាត់​រូប​នេះ​ជាប្រចាំ ពោល​គឺ​ចង់​ធ្វើ​អ្វី​បាន​ស្រេច​តែ​ចិត្ត ដោយ​មិន​ផ្ដល់​ដំណឹង​អំពី​ការ​អភិវឌ្ឍ​នោះ​ឲ្យ​ចៅសង្កាត់​បាន​ដឹង​ជាមុន​នោះ​ឡើយ។

កញ្ញា រ៉ូហ្សេត អះអាង​ទៀត​ថា តាំងតែ​កញ្ញា​ចូលកាន់​តំណែង​ជា​ចៅសង្កាត់​មក គឺ​ខាង​សង្កាត់​មិន​ទាន់​ទទួល​បាន​ថវិកា សម្រាប់​អភិវឌ្ឍ​ប្រចាំ​ត្រីមាស​បាន​មួយ​រៀល​នៅឡើយ​ទេ។ ចៅសង្កាត់​បក្ស​ប្រឆាំង​រូប​នេះ បន្ថែម​ថា មូលហេតុ​ដែល​ខាង​សង្កាត់​ទទួល​ថវិកា​យឺតយ៉ាវ​នេះ ទំនង​ដោយសារ​ស្មៀន​ធ្វើ​ឯកសារ​បញ្ជូន​ទៅ​រតនាគារ​ខេត្ត​បាត់ដំបង​យឺតយ៉ាវ ហើយ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​គ្រប់យ៉ាង​នៅ​ក្នុង​សង្កាត់៖ «ដូច្នេះ​មកដល់​ថ្ងៃនេះ នៅ​សង្កាត់​អូរចារ​យើង​មិន​មាន​លុយ​សូម្បី​តែមួយ​រៀល​ក៏​គ្មាន​ដែរ​។​ ដូច្នេះ​ខ្ញុំ​ជា​អ្នក​ទទួល​បន្ទុក​ចំណាយ​ទៅលើ​បញ្ហា​នេះ​ទាំងអស់ នៅ​ក្នុង​សង្កាត់​តែម្ដង»។

អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ស្មៀន​សង្កាត់​អូរចារ​លោក ទួន ឆេង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា ដោយ​ទូរស័ព្ទ​នៅ​ក្រៅ​ប្រព័ន្ធ​សេវា។

ចំណែក​ចៅ​សង្កាត់​រង​ទី​២ គណបក្ស​ប្រជាជន​កម្ពុជា​លោក ហោ ឃឺន មាន​ប្រសាសន៍​ថា បញ្ហា​កញ្ចប់​ថវិកា​វិភាគទាន​របស់​រដ្ឋាភិបាល​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​សង្កាត់ បើ​ធៀប​នឹង​ចៅសង្កាត់​ចាស់​ពិតជា​មានការ​យឺតយ៉ាវ​ប្រាកដ​មែន ប៉ុន្តែ​លោក​អះអាង​ថា លោក​ពុំ​ដឹង​ការ​យឺតយ៉ាវ​នេះ​បណ្ដាល​មក​ពី​អ្វី​នោះ​ទេ។ ទោះ​ជាង​យ៉ាងណា​លោក​ថា ការងារ​មួយ​ចំនួន​របស់​ចៅសង្កាត់​ថ្មី​នេះ​លោក​អាច​ទទួល​យក​បាន៖ «គាត់​ធ្វើ​នឹង​គឺ ត្រឹមត្រូវ​របស់​គាត់​ដែរ​ហើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​គាត់​ក៏​មិនសូវ​សប្បាយ​ប៉ុន្មាន​ដែរ ដោយសារតែ​ពី​ដើម​យើង​ត្រូវ​ផ្ដិតមេដៃ​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ភូមិ តែ​គាត់​ចង់​ឲ្យ​តែ​ផ្ដិតមេដៃ​នៅ​ចំពោះ​មុខ​គាត់ ដូច្នោះ​ធ្វើ​ឲ្យ​រវល់​នាំ​ពួកគាត់​មួយ​ចំនួន​មិន​ពេញចិត្ត​ដែរ»។

ទោះជា​យ៉ាងណា​លោក ហោ ឃឺន ហាក់​ទទួលស្គាល់​ការដឹកនាំ​របស់​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ពិតជា​គ្មាន​អំពើពុករលួយ​មែន ក៏ប៉ុន្តែ​លោក​ថា ចៅសង្កាត់​រូប​នេះ បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ហាក់​ស្មោះត្រង់​ហួសហេតុ ដូចជា​ការ​មិន​យក​កម្រៃ​សេវា​ជាដើម ទើប​ធ្វើ​អោយ​ខ្វះខាត​ថវិកា​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​សង្កាត់​នោះ៖ «កាល​ពី​មុន​រឿង​ប្រជាពលរដ្ឋ គេ​មក​ពឹង​ពាក់​យើង គាត់​តែងតែ​ផ្ដល់​ថវិកា​ខ្លះ​មក​យើង ដូច្នេះ​ស្មៀន​តែង​យក​លុយ​នេះ​ឯង មក​ប្រើប្រាស់​ថ្លៃ​ទឹក​ភ្លើង​ប្រចាំខែ​នោះ តែ​ដល់​មក​គាត់​អត់​យក​សោះតែ​ម្ដង ហើយ​គាត់​រង់​ចាំ​តែ​លុយ​ថ្នាក់​ជាតិ​ទម្លាក់​មក​អោយ វា​យូរ​ធ្វើ​ឲ្យ​អត់​មាន​ថវិកា​ប្រើប្រាស់»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី កត់សំគាល់​ថា កញ្ញា រ៉ូហ្សេត បើ​ទោះ​បី​ជា​កន្លង​មក ជួប​ភ្លៀង​ផ្គរ​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ​ក៏ដោយ ក៏ប៉ុន្តែ​លោក​ថា កញ្ញា​វ័យក្មេង​រូប​នេះ​បំពេញការងារ​ជូន​ពលរដ្ឋ​ដំណើរការ​ទៅមុខ​ដោយ​រលូន។ លោក​សង្កត់ធ្ងន់​ទៀត​ថា នៅ​ក្នុង​ស្ថានការណ៍​នយោបាយ​ដ៏​ក្ដៅ​គគុក​នេះ កញ្ញា​រ៉ូហ្សេត ត្រូវ​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​មានការ​ប្រុង​ប្រយ័ត​ខ្ពស់​ជាង​មុន​បន្ថែម​ទៀត៖ «ចៅសង្កាត់​រូប​នេះ​ត្រូវតែ​ធ្វើ​អ្វីមួយ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ត្រូវ​យក​ច្បាប់​ជា​មូលដ្ឋាន មួយវិញទៀត​ត្រូវ​សហការ​ធ្វើ​ការងារ​ជាមួយ​មន្ត្រី​គណបក្ស​នយោបាយ​ផ្សេងទៀត ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ»។

ចៅសង្កាត់​បក្ស​ប្រឆាំង​រូប​នេះ​កន្លងមក ធ្លាប់​បាន​អាជ្ញាធរ​ក្រុង​បាត់ដំបង​ចោទ​ថា បំពេញការងារ​មិន​ស្ដាប់បង្គាប់​ថ្នាក់លើ។ មិន​ត្រឹមតែ​អាជ្ញាធរ​មូលដ្ឋាន​ទេ ដែល​កើត​ទុក​មិន​សុខចិត្ត​ចំពោះ​ការងារ​ដ៏​មាន​ប្រជាប្រិយ​របស់​កញ្ញា រ៉ូហ្សេត នោះ សូម្បីតែ​តំណាងរាស្ត្រ​ចាស់​វស្សា​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ឈាង វុន ក៏​អង្គុយ​មិន​ជាប់​ដោយសារ​ចៅសង្កាត់​វ័យក្មេង​រូប​នេះ​ដែរ។ កាលពី​ពេល​ថ្មី​នេះ​លោក ឈាង វុន ធ្លាប់​ចុះទៅ​ព្រមាន​កញ្ញា រ៉ូហ្សេត ដល់​សង្កាត់​អូរចារ ជាច្រើន​លើក​មក​ហើយ ក្នុង​នោះ​លោក​ថា ចៅសង្កាត់​បក្ស​ប្រឆាំង​រូប​នេះ​ធ្វើ​លូ​បង្ហូរ​ទឹក និង​ធ្វើ​ផ្លូវថ្នល់​គ្មាន​ស្តង់ដារ​ជាដើម។ ប៉ុន្តែ​ការងារ និង​ស្នាដៃ​របស់​កញ្ញា រ៉ូហ្សេត ត្រូវ​បាន​ប្រជាពលរដ្ឋ​គាំទ្រ។

អ្នកភូមិ​ដែល​នៅ​តំបន់​មាន​បញ្ហា ភាគច្រើន​អះអាង​ថា ពួកគាត់​ជួប​បញ្ហា​ជាច្រើន​ឆ្នាំ​ហើយ ពុំ​មាន​មេឃុំ​ចៅសង្កាត់​ណា​ជួយ​ធ្វើ​ផ្លូវ​ជូន​ពួកគាត់ ដូច​ចៅសង្កាត់​ដែល​ទើប​ជាប់ឆ្នោត​ថ្មី​នេះ​ទេ។

កញ្ញា រ៉ូហ្សេត ប្ដេជ្ញា​ជាថ្មី​ថា ល្គឹកណា​គណបក្ស​សង្គ្រោះជាតិ នៅ​មាន​ដង្ហើម​នៅឡើយ កញ្ញា​នៅតែ​បន្ត​ការងារ​របស់​ខ្លួន​ចុះ​ជួយ​ប្រជាពលរដ្ឋ​ទៅ​មុខ​ទៀត​ដោយ​ងាករេ​ឡើយ៕









ប្រភព ៖ វិទ្យុអាស៊ីសេរី
Previous Post
Next Post

post written by:

0 ความคิดเห็น: