วันศุกร์ที่ 3 พฤศจิกายน พ.ศ. 2560

ដោយសារ ហ៊ុន សែន៖ ខ្មែរ នឹងលក់ប្រទេសឲ្យចិន ដូច ប្រទេសស្រីលង្កា នាពេលអនាគត? អត្ថបទដោយ ខ្មែរ សុវណ្ណភូមិ


ដោយសារ ហ៊ុន សែន៖ ខ្មែរ នឹងលក់ប្រទេសឲ្យចិន ដូច ប្រទេសស្រីលង្កា នាពេលអនាគត? អត្ថបទដោយ ខ្មែរ សុវណ្ណភូមិ

ប្រទេសស្រីលង្កា សប្បាយនឹងខ្ចីលុយចិនដែលគ្មានលក្ខខណ្ឌធ្លាក់ក្នុងបំណុលចំនួន៨០០០លានដុល្លារ (គិតត្រឹមជាមួយប្រទេសចិន) យកមកកសាងហេដ្ឋរចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និងកំពង់ផែ ដែលកសាងដោយក្រុមហ៊ុនចិន និង គ្មានគុណភាព ហើយមិននាំផលចំណេញដល់ចរន្តសេដ្ឋកិច្ចជាតិ។ ភាពសប្បាយនេះបាននាំឲ្យប្រទេសស្រីលង្កា លង់ខ្លួនក្នុងបំណុលប្រទេសចិន ហើយទីបំផុតប្រទេសនេះសម្រេចលក់កោះ និងលក់កំពង់ផែសំខាន់ៗនានារបស់ប្រទេសឲ្យចិន សម្រាប់ជាការកាត់កងសងបំណុល និងការប្រាក់ជាបណ្តើរៗ។

ដូចគ្នានឹងកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ ហ៊ុន សែន មិនបានខ្វល់នឹងជំនួយឥតសំណងពីប្រទេសសេរីដែលដាក់លក្ខខណ្ឌលើរឿងសិទ្ធិមនុស្ស និងតម្លាភាព ឡើយ ដោយ ហ៊ុន សែន សុខចិត្តបោះបង់ជំនួយឥតសំណងទាំងនោះចោល រត់ទៅខ្ចីបុលចិនដែលគ្មានលក្ខខណ្ឌយ៉ាងសប្បាយចិត្តទៅវិញដោយគិតត្រឹមឆ្នាំ២០១៦ ខ្មែរជំពាក់ចិនជាង២,៩ ពាន់លានដុល្លារ (មិនគិតការជំពាក់ប្រទេសផ្សេងៗទៀត)។

អ្វីដែលរឹតតែធ្ងន់ធ្ងរនាពេលនេះ និងពេលខាងមុខគឺ ប្រទេសសេរី បានគំរាមផ្តាច់ជំនួយទាំងស្រុង និងដាក់ទណ្ឌម្មសេដ្ឋកិច្ចលើកម្ពុជាបន្ថែមទៀត ប្រសិនបើ រដ្ឋាភិបាល ហ៊ុន សែន មិនបើកទូលាយសេរីភាពសារព័ត៌មានឡើងវិញ មិនដោះលែងលោក កឹម សុខា និងរឹងទទឹងរំលាយបក្សសង្រ្គោះជាតិ។ នៅពេលនោះ ជំនួយនានាពីប្រទេសសេរីដែលមានទឹកប្រាក់សរុបប្រហែល១០០០លានក្នុង១ឆ្នាំសម្រាប់កសាងជាតិ នឹងត្រូវបានកាត់ផ្តាច់ទាំងអស់ ការនាំចេញផលិតផលវាយណភ័ណ្ឌរបស់កម្ពុជាទៅទីផ្សារអាមេរិក និងសហមគអឺរ៉ុបដែលមានទឹកប្រាក់ជាង៦០០០លានដុល្លារដោយគ្មានពន្ធក្នុង១ឆ្នាំនឹងត្រូវបាត់បង់ ហើយកម្មករខ្មែរកំពុងបម្រើការងារក្នុងរោងចក្ររាប់លាននាក់នឹងគ្មានការងារធ្វើ។

ចំពោះរឿងផ្តាច់ជំនួយ និងទណ្ឌកម្មសេដ្ឋកិច្ចនេះ ហ៊ុន សែន បានឆ្លើយតបវិញយ៉ាងខែងរ៉ែងថា ខ្លួនមិនខ្លាចការផ្តាច់ជំនួយ និងទណ្ឌកម្មពីអន្តរជាតិទេ ដោយ ហ៊ុន សែន មានចិនជាឃ្លាំងលុយសម្រាប់ខ្ចីយកមកចាយ។ ដោយឡែកខាងចិនវិញដាច់ខាតនឹងមិនសប្បាយចិត្តឡើយពេលមានទណ្ឌកម្មកើតឡើងចំពោះកម្ពុជា ព្រោះរោងចក្រនៅខ្មែរភាគច្រើនគឺជាកម្មសិទ្ធនៃអ្នករកស៊ីចិន ដែលជាប្រភពចំណូលមួយដ៏សំខាន់ដល់ប្រទេសចិន និងរដ្ឋាភិបាលចិនផងដែរ។

នៅពេលនោះ តើចិននឹងនៅបន្តឲ្យ ហ៊ុន សែន ខ្ចីលុយទៀតទេ? បើឲ្យខ្ចីបន្តសម្រាប់ ហ៊ុន សែន យកមករក្សាអំណាចទៀត តើចិននឹងយកការប្រាក់ដដែល ឬដំឡើងការប្រាក់ខ្ពស់ជាងមុនសម្រាប់ទូទាត់ការខាតបង់សេដ្ឋកិច្ចរបស់ខ្លួននៅកម្ពុជា ឬក៏ចិនទាមទារទ្រព្យសម្បត្តិអ្វីពីខ្មែរ បន្ថែមជាថ្នូរនឹងការឲ្យប្រាក់ខ្ចីនាពេលអនាគត? តើពេលនោះអ្នកណាជាអ្នករងទុក្ខ ហើយអ្នកណាជាអ្នករងថ្មបាក់ត្រូវសងបំណុលចិន? ត្រូវចាំ ពួកចិនកុម្មុយនីស្តមិនដែលចិត្តល្អជាមួយប្រទេសណាទេ ហើយយើងក៏ស្គាល់ពីចរិតចិនដែរ។

ដោយឡែកខាងថៃឯណេះក៏មិននៅស្ងៀមដែរ ដោយបានប្រកាសឈប់នាំទំនិញកម្ពុជាចូល និងឈប់ទទួលពលករខ្មែរទៅធ្វើការនៅថៃ ហើយវានឹងដាក់ទម្ងន់សេដ្ឋកិច្ចដល់កម្ពុជាទ្វេរដងធ្វើឲ្យពលរដ្ឋកម្ពុជាដែលក្ររហេមរហាមជិត២លាននាក់នឹងបាត់បង់ការងារ និងបាត់បង់ចំណូលផ្ញើចូលមកប្រទេសកម្ពុជាមិនតិចជាង ៦០០០លានដុល្លារក្នុង១ឆ្នាំឡើយ។

ដូច្នេះ យើងគួរសួរខ្លួនយើងមើលថា ទង្វើ ហ៊ុន សែន ដែលកំពុងធ្វើសព្វថ្ងៃនេះ តើហ៊ុន សែន ស្រឡាញ់ខ្មែរត្រង់ណា? បើ ហ៊ុន សែន ស្រឡាញ់ខ្មែរ តើមានហតុផលស្អី​ហ៊ុន សែន ត្រូវធ្វើបាបខ្មែរដូចគ្នាដើម្បីរក្សាអំណាច ហើយនាំប្រទេសឲ្យធ្លាក់ក្នុងគំនាបទណ្ឌកម្មអន្តរជាតិ និងលង់ខ្លួនក្នុងបំណុលចិន? បើ ហ៊ុន សែន ស្រឡាញ់ជាតិ ហេតុអ្វីមិនយកជំនួយឥតសំណងពីប្រទេសសេរី តែបែមិនយក ហើយរត់ទៅខ្ចីលុយចិន? តើប្រទេសសេរីដាក់លក្ខខណ្ឌឲ្យ ហ៊ុន សែន គោរពសិទ្ធិមនុស្ស និងដឹកនាំមានតម្លាភាព ជាថ្នូរនឹងលុយរាប់ពាន់លានដុល្លារក្នុង១ឆ្នាំៗ វាពិបាក ឬចង្រៃដល់ជាតិខ្មែរឬបានជា ហ៊ុន សែន មិនទទួលយក ហើយសុខចិត្តទៅខ្ចីលុយចិនយកចាយជំនួសឲ្យកូនខ្មែរសងបំណុលទៅវិញ? តើយើងបានស្អីសងចិននាពេលខាងមុខ? យកខ្លួនយើងសង ឬប្រទេសជាតិសង?

ដូច្នេះ តើយើងគួរទុកឲ្យ ហ៊ុន សែន លក់រូបយើង និងមាតុភូមិយើងឲ្យចិនដូចប្រទេស ស្រីលង្កា ដែរទេ?




ដោយ៖ ខ្មែរ សុវណ្ណភូមិ
Previous Post
Next Post

post written by:

0 ความคิดเห็น: