របៀបចូលទៅកាន់ Explore Feed ក្នុង( Facebook App ) សំរាប់ IOS និង Android ។ |
អ្នកជំនាញផ្នែកបច្ចេកវិជ្ជានិងអង្គការសិទ្ធិមនុស្សស្នើហ្វេសប៊ុកបញ្ឈប់ការសាកល្បងមុខងារថ្មី Explore Feed ប្រទេសកម្ពុជា !
ក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកជំនាញផ្នែកបច្ចេកវិជ្ជា រិះគន់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) ដែលបានជ្រើសរើសយកប្រទេស កម្ពុជា ធ្វើការសាកល្បងដាក់ឲ្យប្រើប្រាស់មុខងារថ្មីនៃកម្មវិធីរបស់ខ្លួន ហៅថា អិចផ្លរ ហ្វ៊ីត(Explore Feed)។ ការសាកល្បងនេះ ធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកនៅក្នុងប្រទេសកម្ពុជា បាត់បង់ និងជួបនូវការលំបាក ក្នុងការស្វែងរក និងទទួលបាននូវព័ត៌មាននានាដែលពួកគេចង់តាមដាន។ ក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកជំនាញផ្នែកបច្ចេកវិជ្ជា ស្នើឲ្យក្រុមហ៊ុនហ្វេសប៊ុក បញ្ឈប់ជាបន្ទាន់នូវការសាកល្បងនេះ ហើយដាក់ជំនួសមកវិញនូវកម្មវិធីដូចដើម ឲ្យអ្នកប្រើប្រាស់ទូទៅអាចប្រើបានដូចធម្មតាឡើងវិញ។
តាមរយៈការសាកល្បងមុខងារថ្មីនេះ ក្រុមហ៊ុនហ្វេសប៊ុក បានផ្លាស់ប្តូរទីតាំងនៃការបង្ហាញព័ត៌មានផុសដោយទំព័រហ្វេសប៊ុកនានាដែលអ្នកប្រើប្រាស់ធ្លាប់បានចុច Like និង Follow ដោយចាប់ពីពេលនេះតទៅ ព័ត៌មានពីទំព័រទាំងនោះ នឹងលែងមានបង្ហាញនៅលើទំព័រព័ត៌មានរបស់អ្នកប្រើប្រាស់ហ្វេសប៊ុក ដែលនៅលាយឡំជាមួយនឹងការផុសព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានរបស់មិត្តភក្តិ ឬសាច់ញាតិ ក្រុមគ្រួសារ ដូចកាលពីលើកមុនទៀតហើយ។
ការប្រែប្រួលនេះ គឺដោយសារតែក្រុមហ៊ុនហ្វេសប៊ុក បានដាក់ឲ្យប្រើប្រាស់សាកល្បងនូវមុខងារថ្មីមួយរបស់ខ្លួនហៅថា ហ្វេសប៊ុកអិចផ្លរ ហ្វ៊ីត។ រាល់ព័ត៌មានផុសដោយទំព័រហេ្វសប៊ុក ដែលអ្នកប្រើប្រាស់ធ្លាប់បានចុច Like និង Follow តួយ៉ាងដូចជាការផុសព័ត៌មានរបស់ទំព័រហ្វេសប៊ុក អាស៊ីសេរី ឬរបស់សារព័ត៌មាន ឬទំព័រដទៃទៀតក្នុងប្រទេសកម្ពុជា ត្រូវបានក្រុមហ៊ុនហ្វេសប៊ុក យកមកដាក់បង្ហាញនៅកន្លែងថ្មីនេះ ដែលមានឈ្មោះហៅថា Explore Feed ។ នេះមានន័យថា ដើម្បីទទួលបានព័ត៌មានពីទំព័រទាំងនេះ អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា ត្រូវចូលទៅចុចលើមុខងារ Explore Feed នេះ ដែលមានរូបសញ្ញា ឬ អាយខុនស្រដៀងយានអវកាស ឬកាំជ្រួចពណ៌ស ស្ថិតក្នុងរង្វង់មូលពណ៌ក្រហម ដែលគេអាចឃើញមាននៅក្នុងកម្មវិធីហ្វេសប៊ុក ឬហៅថា Facebook App ក្នុងប្រព័ន្ធទូរស័ព្ទដៃស្មាតហ្វូននានា។ ជុំវិញការសាកល្បងមុខងារថ្មីរបស់ហ្វេសប៊ុកនេះ កន្លងមក អាស៊ីសេរីធ្លាប់បានផុសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននូវរូបភាពណែនាំពន្យល់អំពីការចូលទៅកាន់ Explore Feed នេះ ដើម្បីឲ្យអ្នកតាមដានព័ត៌មាន និងប្រិយមិត្តរបស់អាស៊ីសេរី អាចស្វែងរកមើលព័ត៌មាននានាដែលផុសដោយ ទំព័រអាស៊ីសេរី។
ការធ្វើសាកល្បងមុខងារថ្មីនេះ ធ្វើឡើងក្នុងប្រទេសចំនួន ៦ ដែលភាគច្រើនសុទ្ធតែជាប្រទេសក្រីក្រ និងមានការអភិវឌ្ឍតិចតួច ក្នុងនោះរួមមាន ប្រទេស បូលីវៀ ហ្គោតេម៉ាឡា ស៊ែរប៊ី ស្លូវ៉ាគី ស្រីលង្កា និងប្រទេសកម្ពុជា។ នៅកម្ពុជា ការសាកល្បងមុខងារថ្មីនេះ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុក ចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី១៩ ខែតុលា មកម្ល៉េះ។
ជុំវិញការសាកល្បងមុខងារថ្មីនេះ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនៅប្រទេសកម្ពុជា មួយចំនួនបានបង្ហាញនូវអារម្មណ៍ភ្ញាក់ផ្អើល មិនពេញចិត្ត ហើយខ្លះបានត្អូញត្អែរចំពោះការណ៍ដែលក្រុមហ៊ុនហ្វេសប៊ុក ដាក់ចេញការកែប្រែនេះ ដោយពុំមានការជូនដំណឹងជាមុន ឬជាផ្លូវការឲ្យបានទូលំទូលាយអំពីការសាកល្បងមុខងារថ្មីនេះ។ ពួកគេថា ក្រុមហ៊ុនហ្វេសប៊ុក បានដាក់ឲ្យប្រើប្រាស់មុខងារថ្មីនេះ ដោយស្ងាត់ៗ និងពុំមានការជូនដំណឹងជាផ្លូវការឡើយ។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ និងជាអ្នកគាំទ្រ (Fan) របស់អាស៊ីសេរី បានសរសេរ Comments ថា «អ៊ីចឹងតើ ចេះតែឆ្ងល់បាត់ព័ត៌មានទៅណាអស់» ហើយអ្នកខ្លះទៀតចោទជាសំណួរថា ហេតុអ្វីបានជាមានការប្រែប្រួលយ៉ាងដូច្នេះតែនៅក្នុងប្រទេសកម្ពុជា។
យុវជនម្នាក់ឈ្មោះ ឃុន សីហា ជាសមាជិកក្រុមវេទិកាកាហ្វេនយោបាយ ឬហៅជាភាសាអង់គ្លេសថា Politikofee បានសម្ដែងក្តីបារម្មណ៍ និងការមិនពេញចិត្តរបស់ខ្លួនចំពោះការសាកល្បងមុខងារថ្មីរបស់ហ្វេសប៊ុកនេះ។ យុវជនរូបនេះយល់ឃើញថា ការសាកល្បងរបស់ហ្វេសប៊ុកនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា ក្នុងការទទួលបានព័ត៌មាន ហើយថា ការណ៍នេះ បង្កើតឲ្យមាននូវផលអវិជ្ជមានជាច្រើន។
យុវជនរូបនេះក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ក្រុមហ៊ុនហ្វេសប៊ុកគួរតែមានគោលការណ៍កំណត់ច្បាស់លាស់ និងជាក់លាក់ ចៀសជាងគិតតែអំពីការស្វែងរកចំណូលពីអាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ខ្លួន ព្រោះថាបើមិនដូច្នេះទេ ម្ចាស់ទំព័រដែលមានថវិកាច្រើន អាចនឹងចំណាយប្រាក់បន្ថែមដើម្បីបង្កើនការផ្សាយពាណិជ្ជកម្មរាល់ការផុសព័ត៌មានរបស់ខ្លួន ដើម្បីឲ្យព័ត៌មានទាំងនេះ អាចបង្ហាញលើទំព័រព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទូទៅ។ លោកបង្ហាញក្តីបារម្ភផងដែរ ដែលថាការសាកល្បងនេះ អាចមានផលប៉ះពាល់ដល់ការឃោសនាបោះឆ្នោតនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះ។
យុវជនដដែលរូបនេះ ស្នើឲ្យក្រុមហ៊ុនហ្វេសប៊ុក គួរតែបញ្ឈប់ការសាកល្បងមុខងារនេះ ហើយវិលត្រលប់ទៅរកលក្ខណៈដូចដែលក្រុមហ៊ុននេះ ធ្លាប់អនុវត្តនាពេលកន្លងទៅ ទើបជាការប្រសើរជាង។
ដោយឡែក លោក ង៉ែត ម៉ូសេ ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ឲ្យអាស៊ីសេរីដឹងថា តាមលោកសង្កេតមានការត្អូញត្អែរជាច្រើនពីសំណាក់ពលរដ្ឋនៅកម្ពុជា ក្រោយពេលដែលក្រុមហ៊ុនហ្វេសប៊ុកដាក់ចេញសាកល្បងឲ្យប្រើប្រាស់នូវមុខងារ Explore Feed នេះ នៅក្នុងប្រទេសកម្ពុជា។ លោកថា ក្រុមហ៊ុនហ្វេសប៊ុក មិនបានជូនដំណឹងជាផ្លូវការណាមួយឡើយ មុនពេលដាក់ឲ្យប្រើប្រាស់នូវមុខងារថ្មីនេះទេ ហើយជាលទ្ធផលធ្វើឲ្យអ្នកប្រើប្រាស់ភាគច្រើនមានចម្ងល់មិនដឹងថា បាត់ព័ត៌មានទៅណាអស់ឡើយ។
លោក ង៉ែត ម៉ូសេ យល់ឃើញថា ការដាក់ឲ្យប្រើប្រាស់សាកល្បងមុខងារថ្មីនេះ នៅកម្ពុជា អាចបង្កើតឲ្យមានទាំងផលល្អ និងផលអាក្រក់។ លោកថា ចំពោះរឿងដែលមិនល្អនោះ គឺហ្វេសប៊ុកហាក់កំពុងយកប្រទេសកម្ពុជាធ្វើជាទីពិសោធន៍អាជីវកម្មទីផ្សាររបស់ខ្លួន ដោយសារអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាមានសន្ទុះកើនឡើង។ ដោយឡែកសម្រាប់រឿងដែលល្អវិញ លោក យល់ឃើញថា នៅពេលដែលមានការបែងចែកព័ត៌មាននេះ វាអាចធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួន លែងមានការធុញទ្រាន់ពីការឃើញព័ត៌មានច្រើនហួសហេតុពេក នៅលើទំព័រព័ត៌មានរបស់ខ្លួន ដូចកាលពីលើកមុន។
ការដាក់ឲ្យប្រើប្រាស់សាកល្បងនូវមុខងារថ្មីនេះ គឺស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងតែចាត់វិធានការយ៉ាងចាស់ដៃប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលតែងរិះគន់រដ្ឋាភិបាល អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងក្រុមអ្នកនយោបាយប្រឆាំងរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែងប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកកាលពីពេលថ្មីៗនេះថា វាជាការគួរឲ្យភ្ញាក់ផ្អើលដែលក្រុមហ៊ុនហ្វេសប៊ុក បានជ្រើសរើសយកប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ដូចប្រទេសកម្ពុជា មកធ្វើការសាកល្បង ជាពិសេសដោយសារតែភស្តុតាងបង្ហាញថា ការបែងចែកនៃការបង្ហាញព័ត៌មាននេះ ទំនងជានឹងបង្កើតឲ្យមាននូវឥទ្ធិពលទូលំទូលាយ និងប៉ះពាល់យ៉ាងធំធេងដល់ការសម្ដែងមតិជាសាធារណៈ និងទីផ្សារប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ លោកហ្វ៊ីល រ៉ូប៊ឺតសុន ចោទជាសំណួរថា ប្រសិនបើក្រុមហ៊ុនមួយនេះ គិតថា នេះជាជំហានដែលសំខាន់ និងមានប្រយោជន៍មែននោះ ហេតុអ្វីបានគេមិនធ្វើការសាកល្បងនូវមុខងារថ្មីនេះ ក្នុងទីផ្សារសំខាន់ៗដូចជានៅប្រទេសអង់គ្លេស ឬអាល្លឺម៉ង់ ជាដើម? លោកបន្តថា តើការណ៍ដែលក្រុមហ៊ុននេះ ជ្រើសរើសយកប្រទេសកម្ពុជាមកសាកល្បង ក៏ព្រោះដោយសារតែពួកគេបារម្ភថា ប្រសិនបើពួកគេព្យាយាមសាកល្បងមុខងារថ្មីនេះក្នុងប្រទេសដទៃទៀត ក្រុមហ៊ុននេះអាចនឹងទទួលរងនូវការប្រឆាំងតវ៉ាទៅនឹងគម្រោងនេះ ពីសំណាក់រដ្ឋាភិបាល ឬអ្នកប្រើប្រាស់ហ្វេសប៊ុកក្នុងប្រទេសទាំងនេះ?
លោក ហ្វ៊ីល រ៉ូប៊ឺតសុន រិះគន់ក្រុមហ៊ុនអាមេរិកាំងមួយនេះថា ជម្រើសនៃការសាកល្បងទីផ្សារក្នុងប្រទេសកម្ពុជានេះ លាតត្រដាងឲ្យដឹងថា ក្រុមហ៊ុនហ្វេសប៊ុក ខ្វះនូវការយល់ដឹង និងការពិចារណាអំពីថាតើចំណាត់ការរបស់ពួកគេ អាចប៉ះពាល់ដល់អ្នកប្រើប្រាស់ក្នុងប្រទេសនេះយ៉ាងដូចម្តេចខ្លះ។ លោកថា ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំរដ្ឋាភិបាលតាមរយៈការបង្ក្រាបប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដោយការបំបិទសារព័ត៌មាន ឌឹ ខែមបូឌា ដេលី (The Cambodia Daily) ការបង្ខំអោយវិទ្យុអាស៊ីសេរីបិទការិយាល័យនៅកម្ពុជារបស់ខ្លួន និងការបំបិទស្ថានីយ ផ្សាយ អេហ្វអឹម មួយចំនួនដែលផ្សាយបន្តពីវិទ្យុ ដែលផ្សាយព័ត៌មានដែលរដ្ឋាភិបាលមិនអាចគ្រប់គ្រងបាន ហ្វេសប៊ុកក្លាយជាប្រភពមួយនៃព័ត៌មានមួយដែលមានសារសំខាន់ជាងពេលណាៗទាំងអស់។ លោកបន្តរិះគន់ថា ការសាកល្បងរបស់ហ្វេសប៊ុក គឺកំពុងធ្វើឡើងក្នុងពេលវេលាដែលមិនសមស្របទាល់តែសោះ ហើយក្រុមហ៊ុននេះគួរទទួលស្គាល់អំពីតឋភាពនេះ ហើយត្រូវផ្អាកជាបន្ទាន់នូវការសាកល្បងដូច្នេះ ក្នុងប្រទេសកម្ពុជា ហើយត្រលប់មកឲ្យអ្នកប្រើប្រាស់ក្នុងប្រទេសនេះ ទទួលបានការបង្ហាញព័ត៌មានដូចប្រក្រតីកាលពីលើកមុនវិញដែរ។ លោកថា គេពុំមានមន្ទិលទៀតទេថា ការសាកល្បងនេះ បានធ្វើឲ្យមានភាពពិបាកសម្រាប់ ពលរដ្ឋកម្ពុជាទូទៅ ដែលមានទូរស័ព្ទស្មាតហ្វូន ក្នុងការស្វែងរកព័ត៌មានឯករាជ្យ ក្រៅពីប្រភពដែលរដ្ឋាភិបាលគ្រប់គ្រង។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ មានការព្រួយបារម្ភ ដែលថា ការណ៍នេះ នឹងរឹតតែជាការពិបាកជាងមុនសម្រាប់អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា ក្នុងការស្វែងរកព័ត៌មានអំពីរលកនៃការរំលោភសិទ្ធិមនុស្ស និងការធ្វើទុកបុកម្នេញផ្នែកនយោបាយ ដែលរដ្ឋាភិបាលមិនចង់ឲ្យប្រជាពលរដ្ឋរបស់ខ្លួនទទួលបានដំណឹងនេះ។
របាយការណ៍ស្ទង់មតិប្រចាំឆ្នាំរបស់មូលនិធិអាស៊ី ស្តីពីការប្រើប្រាស់ទូស័ព្ទដៃ និងសេវាអ៊ីនធឺណែត ចេញផ្សាយកាលពីខែមករា ឆ្នាំ២០១៧ កន្លងទៅឲ្យដឹងថា ជាលើកដំបូងក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦ ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណែតនៅកម្ពុជា យកមកធ្វើជាប្រភពចម្បងនៃការទទួលបានព័ត៌មាន បានកើនឡើងលើសប្រព័ន្ធផ្សព្វផ្សាយប្រពៃណីដទៃទៀតដែលរួមមាន សារព័ត៌មាន វិទ្យុ និងទូរទស្សន៍ជាដើម។
លោក អាដាម មូសេស អនុប្រធាន គ្រប់គ្រងគម្រោងទទួលបន្ទុកផ្នែក News Feed របស់ក្រុមហ៊ុន ហ្វេសប៊ុក ថ្លែងការពារក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ហ្វេសប៊ុក ចេញផ្សាយកាលពីថ្ងៃទី២៣ ខែតុលា ថា ការដាក់ឲ្យសាកល្បងអំពីមុខងារថ្មីនេះ គឺដើម្បីសិក្សាស្វែងយល់ពីចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ថាតើពួកគេចង់ឲ្យមានការបែងចែកការបង្ហាញព័ត៌មានសាធារណៈទូទៅ ចេញពីព័ត៌មានបុគ្គលផ្ទាល់ខ្លួន ដែរឬក៏យ៉ាងណានោះ។ លោកថា ក្រុមហ៊ុនហ្វេសប៊ុក នឹងមិនដាក់បញ្ចេញការសាកល្បងមុខងារនេះនៅក្នុងប្រទេសដទៃផ្សេងទៀតឡើយ ហើយថានេះគ្រាន់តែជាករណីសាកល្បងតែប៉ុណ្ណោះ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: