អ្នកច្បាប់ថា ICC អាចមានភស្តុតាងគ្រប់គ្រាន់ហើយ សម្រាប់កាត់ទោសបុរសខ្លាំងហ៊ុន សែន ពីការសម្លាប់មនុស្សជាតិៗសាសន៍ខ្លួនឯង!-Lawyer said ICC can be used Hun Sen word as evidence.
អ្នកច្បាប់ពន្យល់ថា លោក ហ៊ុន សែន កំពុងលាតត្រដាងភស្តុតាងកាន់តែច្បាស់ពីចេតនារបស់លោកក្នុងនាមជាមេដឹកនាំប្រទេស ចង់សម្លាប់ពលរដ្ឋខ្លួនឯង ដោយគ្រាន់តែការសំដែងមតិ និងបាតុកម្មទាមទារយុត្តិធម៌សង្គម ដែលត្រូវបានធានានៅក្នុងច្បាប់ជាតិ អន្តរជាតិ តែបែរជា លោក ហ៊ុន សែន ចោទថា ក្បត់ជាតិទៅវិញ។
អ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន កំពុងតែបង្ហាញពីភាពឃោរឃៅរបស់ខ្លួន និងកំពុងតែទាញនាវាប្រជាធិបតេយ្យរបស់កម្ពុជា ធ្លាក់ចូលរបបផ្ដាច់ការកាន់តែធ្ងន់ធ្ងរ។
អ្នកច្បាប់លើកឡើងថា លោក ហ៊ុន សែន កំពុងតែរំលោភរដ្ឋធម្មនុញ្ញម្ដងហើយម្ដងទៀត ក្នុងការប្រកាសប្រហារជីវិតក្រុមប្រឆាំងរូបលោកនោះ ពីព្រោះថា កម្ពុជាគ្មានទោសប្រហារជីវិតឡើយ។
លោកមេធាវី ហែម សុជាតិ ថ្លែងឲ្យដឹងនៅថ្ងៃទី២២ វិច្ឆិកា ថា បើសិនជាការសម្លាប់មនុស្សទោះបីជាស្ថិតនៅក្នុងរង្វង់បាតុកម្មក្ដី ឬមិនមែនបាតុកម្មក្ដី ដោយបង្កឡើងដោយអាជ្ញាធររដ្ឋ និងមានបទបញ្ជាពីថ្នាក់លើនោះ គឺជាបទល្មើស។ ហើយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) មានយុត្តាធិការក្នុងការស៊ើបអង្កេតករណីនេះ ឬក៏ជាភស្តុតាងមួយដ៏សំខាន់។ «»
ការលើកឡើងរបស់អ្នកច្បាប់នេះ នៅស្របពេលមេធាវីអន្តរជាតិ គ្រោងដាក់ភស្តុតាងដាក់បន្ទុកបន្ថែមពាក់ព័ន្ធនឹងចេតនាសម្លាប់ហ្វូងបាតុករដោយអហិង្សា ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណៈអំពីចេតនាឧក្រិដ្ឋនេះ។
មេធាវីអន្តរជាតិ និងជាជនជាតិអង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) អះអាងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ថា លោកនឹងដាក់ភស្តុតាងបន្ថែមក្នុងរយៈពេលពីរបីសប្ដាហ៍ខាងមុខនេះ។ លោកអះអាងថា មូលហេតុនៃការដាក់ភស្តុតាងបន្ថែមនេះ ដោយសារតែលោក ហ៊ុន សែន បង្ហាញចេតនាឧក្រិដ្ឋក្នុងការសម្លាប់រង្គាលទៅលើហ្វូងអ្នកបាតុករ ដែលតវ៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣។
លោក រីឆាត រ៉ូជើរ (Richard Rogers) បញ្ជាក់បន្ថែមថា ឯកសារភស្តុតាងដាក់បន្ទុកបន្ថែមនេះ រួមមានសម្ដីលោក ហ៊ុន សែន និងករណីរម្លាយគណបក្សសង្គ្រោះជាតិដែរ។ លោកមេធាវីបរទេសរូបនេះ សង្ឃឹមយ៉ាងមុតមាំថា តុលាការ ICC នឹងចាត់ការក្នុងសំណុំរឿងនេះឲ្យបានឆាប់៖ «សម្ដីរបស់លោក ហ៊ុន សែន គឺជាភស្តុតាងដាក់បន្ទុកមួយ ដែលបង្ហាញច្បាស់ណាស់អំពីចេតនាឧក្រិដ្ឋក្នុងការប្រព្រឹត្តបទល្មើសរបស់លោក ហ៊ុន សែន និងមន្ត្រីរបស់បក្សកាន់អំណាច។ នេះជាចេតនាឧក្រិដ្ឋដែលលោក ហ៊ុន សែន មានតាំងពីមុន និងទៅអនាគត។ ទាំងនេះហើយដែលរឹតតែបន្ថែមទម្ងន់ទៅលើភស្តុតាងជាច្រើនផ្សេងទៀតដែលយើងប្រមូលបានដើម្បីគាំទ្រពាក្យបណ្ដឹង ដែលយើងដាក់នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កន្លងមក។ យើងសង្ឃឹមយ៉ាងមុតមាំថា តុលាការ ICC នឹងពិនិត្យមើលអាទិភាពនៃសំណុំរឿងនេះ»។
លោក ហ៊ុន សែន បង្ហាញពីចេតនាឧក្រិដ្ឋក្នុងការសម្លាប់មនុស្សក្រៅច្បាប់នេះជាច្រើនលើក ច្រើនសារ។ លោក ហ៊ុន សែន ធ្លាប់បានគំរាមឲ្យមនុស្សបក្សប្រឆាំងត្រៀមក្ដារមឈូសបើចង់តតាំងប្រឆាំងគាត់។ កាលពីចុងខែឧសភា ឆ្នាំ២០១៧ នេះ លោក ហ៊ុន សែន ក៏បានថ្លែងដោយមិនញញើតក្នុងការសម្លាប់មនុស្ស ១០០ ទៅ ២០០នាក់ ដែលលោកអះអាងថា កម្ទេចចោលដើម្បីការពារសន្តិភាព។ ជាថ្មីម្ដងទៀត លោក ហ៊ុន សែន ប្រកាសជាសាធារណៈថា លោកមានការសោកស្ដាយ ដែលមិនបានសម្លាប់ក្រុមធ្វើបាតុកម្មប្រឆាំងរូបលោកកាលពីឆ្នាំ២០១៣ បើលោកដឹងថា អ្នកទាំងនោះ ជាក្រុមក្បត់ជាតិលោកសម្លាប់ចោលទាំងអស់។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា សម្ដីរបស់មេដឹកនាំមួយ វាគួរតែមានសេចក្ដីថ្លៃថ្នូរ និងមានសីលធម៌ខ្ពស់ជាងនេះ។ លោកចាត់ទុកសម្ដីបែបនេះថា បង្ហាញនូវភាពឃោរឃៅក្នុងនាមជាមេដឹកនាំ ដែលជាការមិនត្រឹមត្រូវ ខុសទាំងសីលធម៌ ខុសទាំងវិន័យកងទ័ព ខុសនឹងរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឲ្យមានទោសប្រហារជីវិតនោះទេ។
កាលពីឆ្នាំ២០១៣ និង ឆ្នាំ២០១៤ គឺមានចលនាបាតុកម្មជាច្រើនក្រុម គឺក្រុមគាំទ្របក្សប្រឆាំង បានធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត និងក្រុមកម្មករធ្វើបាតុកម្មដើម្បីទាមទារសុំដំឡើងប្រាក់ខែជាដើម។ អាជ្ញាធររដ្ឋាភិបាលបានបាញ់សម្លាប់កម្មករយ៉ាងហោចណាស់ស្លាប់ ៤នាក់ របួសជាង ២០នាក់ និងមានអ្នកនៅបាត់ខ្លួនមិនទាន់រកឃើញនៅឡើយរហូតមកដល់ពេលនេះ។ លោក ហ៊ុន សែន ចោទលោក កឹម សុខា និងមន្ត្រីគណបក្សប្រឆាំងថា នៅពីក្រោយអំពើហិង្សានៅលើផ្លូវវ៉េងស្រេងនេះ។ មកទល់ពេលនេះ ឃាតកដែលជាក្រុមសមត្ថកិច្ចនោះ មិនត្រូវបានតុលាការចាប់ខ្លួន យកមកផ្ដន្ទាទោសនោះឡើយ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមវិញ លោកបណ្ឌិត មាស នី មានប្រសាសន៍ថា មេដឹកនាំត្រូវមានការអត់ធ្មត់ច្រើន ហើយក៏មិនគួរប្រើពាក្យប្រមាថប្រជាពលរដ្ឋខ្លួនឯងនោះទេ។ «»
ទាក់ទងនឹងបញ្ហានេះ លោកមេធាវី ហែម សុជាតិ បន្ថែមថា កម្ពុជាជាប្រទេសអនុវត្តរបបប្រជាធិបតេយ្យ ហើយការផ្ដន្ទាទោសបុគ្គល ឬក្រុមណាមួយ ត្រូវគោរពតាមច្បាប់ដោយប្រើប្រាស់យន្តការរបស់តុលាការ។ រីឯកងកម្លាំងប្រដាប់អាវុធវិញ ក៏ត្រូវមានក្រមសីលធម៌ និងប្រើប្រាស់អាវុធស្របតាមច្បាប់ដែលមានជាធរមាន និងគោលការណ៍របស់អង្គការសហប្រជាជាតិ ស្ដីពីការប្រើប្រាស់កងកម្លាំង ទៅលើជនស៊ីវិលជាដើម។ ចំពោះការប្រកាសរបស់លោក ហ៊ុន សែន អំពីការសោកស្ដាយដែលលោកមិនបានសម្លាប់ក្រុមអ្នកធ្វើបាតុកម្មនោះ គឺជារឿងសុខច្បាប់។ «»
តុលាការព្រហ្មទណ្ឌអន្តរជាតិ ជាតុលាការអចិន្ត្រៃយ៍អន្តរជាតិ ដែលមានសមត្ថកិច្ចស៊ើបអង្កេត និងផ្ដន្ទាទោសអ្នកដែលជាប់ចោទពីបទប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ រួមមានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើម។ គណបក្សប្រឆាំងវិញ ក៏គ្រោងដាក់ពាក្យប្ដឹងបន្ថែមទៀតទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ ប្ដឹងលោកហ៊ុន សែន ធ្វើទុក្ខបុកម្នេញក្រុម អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងការរំលាយបក្សប្រឆាំងជាដើម៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: