วันเสาร์ที่ 11 พฤศจิกายน พ.ศ. 2560

លោកអ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត និង​ជា​អ្នកវិភាគ​បញ្ហា​សង្គម​នៅ​កម្ពុជា​ ថាកម្ពុជា​នឹង​ខាត​ប្រយោជន៍​ដោយសារ​ការបែរ​ខ្នង​ដាក់​មហាអំណាចសហរដ្ឋ​អាមេរិក​!-Cambodia to lose for ignoring international community says analyst.


លោកអ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត និង​ជា​អ្នកវិភាគ​បញ្ហា​សង្គម​នៅ​កម្ពុជា​ ថាកម្ពុជា​នឹង​ខាត​ប្រយោជន៍​ដោយសារ​ការបែរ​ខ្នង​ដាក់​មហាអំណាចសហរដ្ឋ​អាមេរិក​!-Cambodia to lose for ignoring international community says analyst.

វ៉ាស៊ីនតោន៖ ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​មិនត្រូវ​ព្រងើយកន្តើយ​នឹងប្រតិកម្ម​របស់សហគមន៍អន្តរជាតិ​ទេ ​ជា​ពិសេសសហរដ្ឋ​អាមេរិក ដោយ​សារ​ខ្លួននៅ​ពឹងពាក់​បរទេស​ជាច្រើន​ខាងផ្នែកសេដ្ឋកិច្ច ហើយ​ការ​បង្ក​សកម្មភាព​ប្រទូស្តរ៉ាយ​ជាមួយ​នឹង​មហា​អំណាច​នេះ​ គឺជា​ការខាតបង់​ទេ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ។

លោក ​អ៊ូ វីរៈ​ ប្រធាននិងជាស្ថាបនិក​វេទិការ​អនាគត ដែល​ជាស្ថាប័ន​ស្រាវជ្រាវ​គោល​នយោបាយ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូវីអូអេ កាលពីថ្ងៃ​ច័ន្ទ​ថា ​បើសិនជាប្រទេសកម្ពុជា​មិន​មានទំនាក់​ទំនងការទូត​រឹងមាំ​ជាមួយនឹង​សហរដ្ឋ​អាមេរិក​ទេ​ហើយ​ឈាន​ដល់​ដំណាក់កាលដែល​សហរដ្ឋ​អាមេរិក​ត្រូវ​ដាក់​ទណ្ឌកម្ម​ឬបំរាម​ណាមួយ​គឺ​នឹង​ «មានផលប៉ះពាល់ខ្លាំង‍» ពីព្រោះប្រទេស​មួយចំនួន​ដែល​ពឹងផ្អែកប្រទេស​មហាអំណាច​នេះ​ជាខ្នងបង្អែកទាំងផ្នែក​នយោបាយ​ ​ការទូត​និង​យោធានៅលើ​ឆាកអន្តរជាតិនឹង​ដើរតាម​ការសម្រេច​ចិត្ត​របស់​សហរដ្ឋអាមេរិក។ ក្នុងនោះ​រួមមានប្រទេស​មួយចំនួន​នៅ​សហគមន៍​អឺរ៉ុប​ផងដែរ។

លោក អ៊ូ វីរៈ​ បន្ថែមថា​៖ «ពីព្រោះសហគមន៍​អឺរ៉ុប​ជាខ្នង​នយោបាយ​អន្តរជាតិ​និង​ខ្នង​យោធាអន្តរជាតិនៅ​ខ្សោយបំផុត​។ សហរដ្ឋ​អាមេរិក​ទេ​ដែល​ខ្លាំង។ អីចឹង​ប្រទេស​ជាច្រើន​គឺ​ពឹង​ផ្អែក​ទៅ​លើសហរដ្ឋអាមេរិកជា​ខ្នង​‍»។

លោក​បន្ថែម​ថាប្រទេស​ពីរដែល​សំខាន់​ក្នុងការវិនិយោគ​នៅកម្ពុជា​គឺប្រទេស​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ហើយដោយសារ​ជម្លោះ​តានតឹង​ជាមួយ​នឹង​ចិន​និង​នៅ​ឧបទ្វីប​កូរ៉េ​គឺប្រទេស​ទាំងពីរ​នេះ​តែងតែពឹង​ផ្អែក​ទៅ​លើ​សហរដ្ឋ​អាមេរិក​ជាខ្នង​នយោបាយ​ ខ្នង​ការទូត​និង​ខ្នង​យោធា​។

«អីចឹង​ហើយ​បានជាអ្នកវិនិយោគទាំងអស់​ហ្នឹង​តែងតែ​ទៅប្រទេស​ណាដែលមាន​អាមេរិក​នាំមុខ‍»។

ប្រទេស​កម្ពុជា​ពឹង​ផ្អែក​ទីផ្សារ​នាំចេញ​ទៅ​សហគមន៍​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ក្នុង​កម្រិត​ជិត​៧០​ភាគរយ​នៃ​ការនាំចេញ​ទាំងមូល​របស់​ខ្លួន​ហើយ​ទទួល​បាន​ការលើកលែង​ពន្ធ​អនុគ្រោះ​ផងដែរ។ ​

​ក្នុង​រយៈពេល​ចុងក្រោយនេះ​ ប្រទេស​កម្ពុជា​បាន​បង្កើនវោហាសាស្រ្ត​វាយប្រហារ​សហរដ្ឋ​អាមេរិកដោយចោទ​ប្រទេស​មហាអំណាច​នេះ​ថាគាំទ្រ​គណបក្ស​សង្គ្រោះជាតិឱ្យ​ធ្វើ​បដិវត្តន៍​ពណ៌ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ជាដើម។ ការវាយប្រហារ​នេះ​បានកើនឡើង​នៅ​ក្រោយពី​រដ្ឋាភិបាល​បានចាប់ខ្លួនលោកកឹមសុខា​ប្រធានគណបក្ស​សង្គ្រោះជាតិ​ដាក់ពន្ធ​នាគារ​ដោយចោទ​ពីបទក្បត់ជាតិ​ហើយ​គ្រោងនឹង​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំនេះចោល។

សហរដ្ឋ​អាមេរិកនិង​សហគមន៍​អន្តរជាតិបាន​ស្នើសុំ​ឱ្យ​ដោះលែង​លោកកឹមសុខា​ជាបន្ទាន់​និងចាត់ទុក​ថា​ទង្វើរបស់​រដ្ឋាភិបាល​ជា​ការធ្វើ​ឱ្យ​ខូចដល់​លទ្ធិប្រជាធិបតេយ្យ​និង​រំលោភសិទ្ធិម​នុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ហាក់​មិន​យកចិត្ត​ទុក​ដាក់​នឹង​ការអំពាវនាវ​ទាំងនេះ​ទេ។

សកម្មជន​សិទ្ធិមនុស្ស​មួយចំនួន​ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្មដោយ​ដាក់​បំរាម​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាលមួយចំនួននិង​ដាក់​ឱ្យ​លោក​ហ៊ុនសែន​នាយករដ្ឋ​មន្ត្រី​កម្ពុជា​នៅ​ឯការ​ជាដើម។ ​

លោក ​អ៊ូ វីរៈ សន្និដ្ឋាន​ថាការព្រងើយ​កន្តើយ​នេះ​ដោយ​សារ​តែ​កម្ពុជា​អាង​លើការឧបត្ថម្ភ​ធន​ពី​ប្រទេស​ចិន​និង​ការប្រមូលពន្ធ​ដារក្នុង​ស្រុកបានច្រើន​ជាងមុន។ ប៉ុន្តែលោក​ព្រមានថា​ការពឹងពាក់​ប្រទេស​ចិន​ក៏​មិន​ល្អ​ដែរ​ដោយសារ​សេដ្ឋកិច្ច​ប្រទេស​ចិន​ក៏​មិន​ជាល្អប៉ុន្មានដែរ​ក្នុង​មួយរយៈ​ពេល​ចុងក្រោយនេះ។

ក្នុងពេល​ជាមួយគ្នា​នោះ​ដែរសហគមន៍​អន្តរជាតិ​ក៏​មិន​បណ្តោយ​ឱ្យ​ការវិនិយោគ​ជិតពីរពាន់​លាន​ដុល្លារ​លើ​លទ្ធិ​ប្រជាធិប​តេយ្យនិង​សិទ្ធិមនុស្ស​នៅ​កម្ពុជាកាលពី២៦ឆ្នាំមុន​ រលាយ​បាត់​ដែរ។

លោក អ៊ូ វីរៈ​ យល់​ថា​បើទោះបី​ជាមន្ត្រី​រដ្ឋាភិបាលកម្ពុជានិង​អ្នកគាំទ្រ​របស់​ពួកគេ​មួយចំនួន​មានការតឹងតែង​ក្នុងចិត្ត​ដោយសារតែ​សហគមន៍​អន្តរជាតិ​ហាក់ដូចជា​ផ្តោត​លើសកម្មភាព​ផ្នែក​សិទ្ធិមនុស្ស​របស់​កម្ពុជា​ក្នុង​ខណៈពេល​ដែល​ប្រទេស​ជិតខាង​កម្ពុជា​មួយ​ចំនួន​ដូច​ជា​ថៃ​ ភូមា វៀតណាម ម៉ាឡេស៊ី​និង​ហ្វីលីពីន​មានបញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ប្រហាក់​ប្រហែល​គ្នាដែរ​តែប្រតិកម្ម​ពី​អន្តរជាតិ​ហាក់​ដូច​ជា​មិន​សូវ​ខ្លាំង​ប៉ុន្មានទេ។ លោក វីរៈ ចាត់ទុកថា នេះគឺជា «ការតឹងទ្រូងដែលត្រឹមត្រូវ‍» ប៉ុន្តែ​លើកឡើងថា​ប្រទេស​កម្ពុជា​គឺជា​ករណីពិសេស​ដែលខុសពីប្រទេ​សជិតខាងរបស់ខ្លួនដោយ​សារ​តែពិភពលោកមិនទាន់​ចាត់​ទុកកម្ពុជា​ស្មើភាព​នឹង​ប្រទេស​ដទៃ​ទេ​ព្រោះប្រទេស​កម្ពុជា​គឺ​ជា​គម្រោង​មួយ​របស់​អង្គការ​សហ​ប្រជា​ជាតិដែល​បាន​ជួយ​បន្ទាប់ពី​ចប់​សង្គ្រាមត្រជាក់រួមមាន​ការជជែក​ចរចាគ្នា​នាំភាគី​ប្រទេស​ជាច្រើនចងក្រង​ទៅជា​កិច្ចព្រមព្រៀង​ទីក្រុង​បារីសកាលពីឆ្នាំ​១៩៩១។​

លោក​បាន​បន្ថែមថា៖ ​«ដោយសារ​អីចឹង​ហើយ​បាន​ជាក្នុងកែវភ្នែក​របស់​ពិភពលោក​និង​ប្រទេស​មួយ​ចំនួនគិតថា​ប្រទេស​កម្ពុជា​គឺជា​កូន​ង៉ា​ឬកូនក្មេង​មួយ​ដែល​ត្រូវ​ការ​បំប៉ន​របស់​អន្តរជាតិដែរ​ដោយសារ​អីចឹង​ហើយ​គេ​មិន​ទាន់​គោរព​កម្ពុជា​ស្មើភាពនឹង​ប្រទេស​ដទៃ​‍»។

លោក អ៊ូ វីរៈ ​យល់​ថា​ជាទូទៅ​ផលប្រយោជន៍​សេដ្ឋកិច្ច​និង​សន្តិសុខ​ក្នុង​តំបន់​មានអាទិភាព​ជាង​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​មហាអំណាច។ ​

លោកថ្លែងទៀតថា៖​ «នៅពេលដែល​យើង​និយាយ​ពីពិភពលោក​យើង​កុំសន្និដ្ឋាន​ថា​គេ​មាន​ផលប្រយោជន៍​ឬមួយ​ការ​ចាប់​អារម្មណ៍​ទៅតែ​ប្រធានបទមួយក្នុងនោះ​គឺមានប្រធានបទសិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​ប្រសិនបើ​ផលប្រយោជន៍​ផ្សេង​ដូចជា​ផលប្រយោជន៍សេដ្ឋកិច្ច​ជា​ពិសេសផល​ប្រយោជន៍​សន្តិសុខ​តំបន់​ដែលមានការឈ្លោះគ្នា​របស់​ប្រទេស​មហាអំណាច​ដូចជា​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឬខាងកើត​គឺ​ជារឿងសន្តិសុខ​មួយ​ដ៏ធំ។ បើសិន​ជា​មាន​រឿង​សន្តិសុខ​តំបន់​ដូចហ្នឹង​នឹង​ក្លាយជាប្រធានបទមួយធំ​រឿងហ្នឹង​គ្របដណ្តប់​ទៅលើ​រឿង​ប្រជាធិបតេយ្យ​និងសិទ្ធិមនុស្ស​ប៉ុន្តែ​ប្រសិន​បើ​អត់​មាន​ផលប្រយោជន៍​យុទ្ធសាស្រ្តតំបន់​និង​យុទ្ធសាស្រ្ត​សេដ្ឋកិច្ច​ទេ​អីចឹង​រឿងសិទ្ធិមនុស្ស​និង​រឿងប្រជាធិបតេយ្យ​ទៅជារឿងធំ​ជាង‍»។

​យ៉ាងណា​ក៏ដោយ​ លោក អ៊ូ ​វីរៈ យល់​ថា​ថ្នាក់ដឹកនាំ​កម្ពុជា​នឹងមិន​បណ្តោយ​ឱ្យ​សភាពការណ៍​នយោបាយ​ធ្លាក់​រហូត​ដល់​អន្តរជាតិ​ដាក់ទណ្ឌកម្មទេ៖ «តាម​ការវិភាគ​របស់​ខ្ញុំ​ក្នុង​រយៈពេល​២០​ជាង​ឆ្នាំ​រដ្ឋាភិបាល​គាត់​ពូកែ​គាត់​ឈ្លាសវៃ​ត្រង់ថា​គាត់​ទាញ​ឱ្យ​តឹង​ប៉ុន្តែ​មិន​តឹង​រហូត​ដល់​ដាច់​ខ្សែ​ទេ‍»៕









ប្រភព ៖ វីអូអេខ្មែរ 
Previous Post
Next Post

post written by:

0 ความคิดเห็น: